ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតីនៃ​ប្រទេស​ហ្វីលីពីន​បង្វែរ​ទិសដៅថ្មី​នៃ​គោល​នយោបាយ​ការបរទេស


ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte (កណ្ដាល)​ ថត​រូប​ជាមួយ​មេបញ្ជាការ​កង​ទ័ព​ការពារ​ប្រទេស ខណៈ​លោក​ថ្លែង​នៅ​ទីបញ្ជាការ​កងទ័ព​ជើង​អាកាស​ក្នុង​ក្រុង​ Pasay កាល​ពី​ថ្ងៃចន្ទ។

ក្រុម​អ្នកវិភាគ​និងអ្នក​ធ្វើអត្ថា​ធិប្បាយ​ក្នុង​ប្រទេស​ហ្វីលីពីន​ និយាយ​ថា​ប្រធានាធិបតី​ Rodrigo Duterte ​កំពុង​បង្វែរ​គោល​នយបាយ​ការ​បរទេស​របស់​ប្រទេស​នេះ​ឆ្ពោះ​ទៅ​កាន់​និទានកថា​ជាតិ​និយម​ជាង​មុន​ ដែល​មាន​លក្ខណៈ​ប្លែក​ពី​ពួក​មេដឹកនាំហ្វីលីពីន​ កាល​ពី​ពេល​មុនៗ។

ភ័ស្តុតាង​នៃ​របៀប​ដោះ​ស្រាយ​របស់​លោក ​Duterte ​មាន​ឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​នៅ​ពេល​លោក​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដក​ពួក​ទីប្រឹក្សា​យោធា​ស.រ.អា.​ចេញ​ពី​តំបន់​ Mindanao​ នា​ប៉ែក​ខាង​ត្បូង​ប្រទេស​ដែល​នៅ​ទី​នោះ​ពួក​ទាហានហ្វីលីពីន​ កំពុង​ប្រយុទ្ធ​ប្រឆាំង​ពួក​បះបោរ​កាន់​សាសនា​ឥស្លាម​ជ្រុល​និយម។ ​កង​កម្លាំង​ពិសេស​ស.រ.អា.​បាន​ឋិត​នៅ​ក្នុង​តំបន់​នោះ​ដើម្បី​ជួយ​ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក។​

លោក​ Duterte ​បាន​និយាយ​ថា៖ «ដរាបណា​យើង​ឋិត​ជាមួយ​អាមេរិក ​យើង​នឹង​គ្មាន​សន្តិភាព​ដាច់​ខាត​នៅ ​Mindanao។​ យើង​ប្រហែល​ឈប់​ធ្វើ​ដូចនេះ​ហើយ»។លោក​បាន​ថ្លែង​ថា ​លោក​ចង់​សើរើ​គោល​នយោបាយ​ការបរទេស​យូរ​មក​ហើយ​ ក៏​ប៉ុន្តែ​លោក​មិន​អាច​ធ្វើបាន​ទេ​ពីព្រោះ​លោក «មិន​ចង់​មាន​ការ​បែក​បាក់​ជាមួយ​ប្រទេស​អាមេរិកទេ»។ លោក ​Duterte ​បាន​និយាយថា ក៏​ប៉ុន្តែ​ពួក​ទាហាន​អាមេរិកាំង​ត្រូវ​តែ​ទៅ​ ដោយ​លោក​បាន​ព្រមាន​ថា​ ប្រសិន​បើ​ពួក​អាមរិកាំងមាន​វត្តមាន​នៅ​ក្នុង​តំបន់​នោះ​ ពួក​គេ​នឹង​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​ឬ​ត្រូវ​សម្លាប់​ថែម​ទៀត​ផង»៕

XS
SM
MD
LG