ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Pence៖ ការ​ប្រើប្រាស់​អ៊ីម៉ែល​ឯកជន​របស់​ខ្ញុំ​មិន​មាន​អ្វី​ត្រូវ​ប្រៀបធៀប​ជាមួយ​លោកស្រី Clinton នោះ​ទេ


រូបភាព​ឯកសារ៖ លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence

រូបភាព​ឯកសារ៖ លោក​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក Mike Pence

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Mike Pence បាន​ថ្លែង​ថា មិន​មាន​អ្វី​ត្រូវ​ប្រៀបធៀប​រវាង​ការ​ប្រើប្រាស់​គណនី​អ៊ីម៉ែល​ឯកជន​របស់​លោក​កាលពី​លោក​ជា​អភិបាល​រដ្ឋ Indiana ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​អ៊ីម៉ែល​ឯកជន​ដ៏​ចម្រូងចម្រាស​របស់​លោក​ស្រី Hillary Clinton អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នោះ​ទេ។

លោក Pence បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​រដ្ឋ Wisconsin កាលពី​ថ្ងៃ​សុក្រ​ថា បញ្ហា​របស់​លោកស្រី Clinton រួម​មាន​ទាំង ​«បណ្តាញ​អ៊ីម៉ែល​ឯកជន ការ​ប្រើប្រាស់​ព័ត៌មាន​សម្ងាត់​ដោយ​ឆ្គាំឆ្គង និង​ការ​លុប​អ៊ីម៉ែល​ចោល​នៅ​ពេល​ដែល​សភា​ស្នើ​សុំ​អ៊ីម៉ែល​ទាំង​នោះ‍»។

កាសែត The Indianapolis Star បាន​រាយការណ៍​ដំបូង​ថា ការ​ប្រើប្រាស់​អ៊ីម៉ែលឯក​ជន​របស់​លោក Pence គឺ​ការ​ប្រើ​ប្រាស់​គណនី​ផ្ទាល់​ខ្លួន​របស់​លោក​ជាមួយ​នឹង​ក្រុមហ៊ុន AOL ​សាជីវកម្ម​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា America Online។ កាសែត​នេះ​បាន​ឲ្យ​ដឹង​ថា លោក Pence បាន​ប្រើប្រាស់​អ៊ីម៉ែល​ឯកជន​របស់​លោក​ដើម្បី​ពិភាក្សា​ទៅ​លើ​បញ្ហា​រសើប​មួយ​ចំនួន​រួម​មាន​ទាំង​បញ្ហា​សន្តិសុខ​មាតុភូមិ​ផង​ដែរ។

ក្រុម​ជំនួយការ​របស់​លោក​អនុ​ប្រធានាធិបតី​បាន​ច្រានចោល​ការ​ប្រៀប​ធៀប​បញ្ហា​អ៊ីម៉ែល​របស់​លោក​ជាមួយ​នឹង​លោកស្រី Clinton។ ពួក​គេ​ថ្លែង​ថា ដោយ​សារ​តែ​វា​ជា​ការ​ស្រប​ច្បាប់​សម្រាប់​មន្ត្រី​សាធារណៈ​នៅ​រដ្ឋ Indiana ​ក្នុង​ការ​ប្រើ​ប្រាស់​គណនី​អ៊ីម៉ែល​ផ្ទាល់​ខ្លួន។ ពួក​គេ​បន្ថែម​ថា ខុស​ពី​លោកស្រី Clinton លោក​អភិបាល​រដ្ឋ Pence មិន​កាន់​ព័ត៌មាន​សម្ងាត់​នោះ​ទេ៕

XS
SM
MD
LG