\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សព​លោក​ ប៉ែន សុវណ្ណ ត្រូវ​បាន​បូជា​ក្រោម​ដំណក់​ភ្លៀង​នៅ​ជាយ​ក្រុង​ភ្នំពេញ


សាច់ញាតិ​លោកប៉ែន សុវណ្ណ ឈរ​កាន់​ឆ័ត្រ​បាំង​ភ្លៀង​លើ​រូប​ថត​សព​លោក ប៉ែន សុវណ្ណ អតីត​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​បូជា​សព នៅ​វត្ត​ឫស្សីសាញ់នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

សាច់ញាតិ​លោកប៉ែន សុវណ្ណ ឈរ​កាន់​ឆ័ត្រ​បាំង​ភ្លៀង​លើ​រូប​ថត​សព​លោក ប៉ែន សុវណ្ណ អតីត​នាយករ​ដ្ឋ​មន្ត្រី​កម្ពុជា នៅ​ក្នុង​អំឡុង​ពេល​បូជា​សព នៅ​វត្ត​ឫស្សីសាញ់នៅ​ជាយ​ក្រុង​ភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

លោក ​ប៉ែន​ សុវណ្ណ បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ទី​២៩​ ខែ​តុលា​ ដោយ​រោគាពាធ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

សព​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ប៉ែន សុវណ្ណ ត្រូវ​បាន​បូជា​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ក្រោម​តំណក់​ទឹកភ្លៀង​រលឹម​ស្រិចៗ​នៅ​ក្នុង​វត្ត​មួយ​ជិត​ពន្ធនាគារ​ព្រៃស​ក្នុង​ខណ្ឌ​មានជ័យ បន្ទាប់​ពី​បាន​តម្កល់​ធ្វើ​បុណ្យ​អស់​រយៈពេល​ជាង​១សប្ដាហ៍​ទាំង​នៅ​ខេត្ត​តាកែវ និង​នៅ​រាជធានី​ភ្នំពេញ។

លោក ​ប៉ែន​ សុវណ្ណ បាន​ទទួល​មរណភាព​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ទី​២៩​ ខែ​តុលា​ ដោយ​រោគាពាធ​ នៅ​ឯ​គេហដ្ឋាន​របស់​លោក​ក្នុង​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។

សព​របស់​លោក ​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​ក្នុង​ខេត្ត​តាកែវ រហូត​ដល់ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​ហើយ​ត្រូវ​បាន​ដង្ហែ​មក​តម្កល់​នៅ​វត្ត​នួនមណីរាម​ហៅ​វត្ត​ថាន់​ក្នុង​រាជធានី​ភ្នំពេញ។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ សព​លោក​ប៉ែន សុវណ្ណ ​ត្រូវ​បាន​ដង្ហែ​ចេញ​ពី​វត្ត​ថាន់​យក​ទៅ​កាន់​វត្ត​ឫស្សីសាញ់​ ក្បែរ​ពន្ធនាគារ​ព្រៃស​ ក្នុង​ខណ្ឌ​មានជ័យ​ ជាយ​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ​ពិធី​បូជា។

ក្រុម​តំណាង​រាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ បាន​ចូលរួម​ពិធី​ហែ និង​បូជា​សព​លោក ប៉ែន សុវណ្ណ បើ​ទោះ​បី​ជា​មាន​ភ្លៀង និង​រលឹម​ជា​បន្ត​បន្ទាប់​ក្ដី។

លោក ប៉ុល ហំម ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​បុណ្យ​សព​លោក ប៉ែន សុវណ្ណ ប្រាប់​ VOA កាល​ពី​ថ្ងៃអាទិត្យ​ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ហែ​សព​លោក​ ប៉ែន សុវណ្ណ មាន​ចំនួន​ច្រើន​លើស​ពី​ការ​ស្មាន បើ​ទោះជា​លោក​មិន​អាច​ប៉ាន់ស្មាន​ចំនួន​ក៏ដោយ​ ដោយ​សារ​ពេល​ហែ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ ហើយ​លោក​មិន​រំពឹង​ថា​នឹង​មាន​មនុស្ស​ចូលរួម​ដូចនេះ​ទេ។

«ខ្ញុំ​មិន​នឹក​ស្មាន​ថា​បាន​ដល់​ប៉ុណ្ណឹង​ផង។ ដូច្នេះ ​ខ្ញុំ​យល់​ថា នេះ​ជា​ការ​បញ្ជាក់​ឱ្យ​ឃើញ​ថា មាន​បង​ប្អូន​យើង​មួយ​ចំនួន​នៅ​មាន​ការ​ស្រឡាញ់ស្រណោះ​ដល់​ឯកឧត្ដម​ ប៉ែន សុវណ្ណ ដែល​បង​ប្អូន​យើង​ធ្លាប់​ស្គាល់​តាំង​ពី​ឆ្នាំ​១៩៧៩​មក បើ​ទោះ​ជា​គាត់​បាត់​មុខ​មួយ​រយៈពេល​ធំ​នា​ពេល​ដែល​គាត់​ជាប់​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម​យ៉ាងណា​ក៏​ដោយ​បាទ!»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​សុំ​រៀបចំ​ពិធី​បូជា​សព​លោក ប៉ែន សុវណ្ណ នៅ​សួន​មុខ​វត្ត​បទុមវតី​ ដែល​ជា​កន្លែង​ពិធី​បូជា​សព​ឥស្សរជន​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​តែង​រៀបចំ​ឡើង។

សាលា​រាជធានី​ភ្នំពេញ បាន​បដិសេធ​សំណើ​នេះ​ដោយ​លើក​ឡើង​ថា សួនច្បារ​មុខ​វត្តបទុមវតី​គឺ​សម្រាប់​តែ​ឥស្សរជន​ជាន់ខ្ពស់​របស់​ជាតិ​ប៉ុណ្ណោះ។

លោក​ ប៉ែន​ សុវណ្ណ​ ជា​អតីត​នាយក​រដ្ឋមន្ត្រី​លើក​ដំបូង​របស់​កម្ពុជា​ ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម។ លោក​ធ្លាប់​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​វៀតណាម​អស់​រយៈពេល​ជាង​១០​ឆ្នាំ។

ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ លោក ប៉ែន សុវណ្ណ បាន​ក្លាយ​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​កំពង់ស្ពឺ៕

XS
SM
MD
LG