ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្លូវ​ទៅ​កាន់​សុភមង្គល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សៀវភៅ​ថ្មី​មួយ​


លោក​ Raj Raghunathan សាស្ត្រាចារ្យ​ផ្នែក​ទីផ្សារ​នៅ​សាកល​វិទ្យាល័យ​តិចសាស់ (University of Texas) និយាយ​ថា សុភមង្គល​មិន​ត្រឹម​តែ​ការ​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​អារម្មណ៍​សប្បាយ​ផង​ដែរ។
លោក​ Raj Raghunathan សាស្ត្រាចារ្យ​ផ្នែក​ទីផ្សារ​នៅ​សាកល​វិទ្យាល័យ​តិចសាស់ (University of Texas) និយាយ​ថា សុភមង្គល​មិន​ត្រឹម​តែ​ការ​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​មាន​អារម្មណ៍​សប្បាយ​ផង​ដែរ។

សាស្រ្តាចារ្យ​ផ្នែក​ទីផ្សារ​មួយ​រូប​​​​បាន​សរសេរ​អ្វីៗ​គ្រប់​យ៉ាង​ដែល​លោក​​បាន​រៀនក្នុង​សៀវភៅ​មួយ​ក្បាល​មាន​ឈ្មោះ​ថា «ប្រសិន​បើ​អ្នក​ឆ្លាត​យ៉ាង​នេះ ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​សប្បាយ​ចិត្ត»។

វា​ប្រហែល​ជា​រឿង​ចម្លែក​បន្តិច​ដែល​សាស្រ្តាចារ្យ​ផ្នែក​ទីផ្សារ​មួយ​រូប​បែរ​ជា​ទៅ​បង្រៀន​វគ្គ​មួយ​ស្តី​ពី​សុភមង្គល​ ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​ Raj Raghunthan ​និយាយ​ថា​ ការ​ធ្វើ​ដូច្នេះ​សម​ហេតុ​សម​ផល​ខ្លាំង​ណាស់។

«ក្នុង​នាម​ជា​សាស្រ្តាចារ្យ​មួយ​រូប​ ខ្ញុំ​មាន​អារម្មណ៍​ថា ​វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ក្នុង​ការ​អប់រំ​សិស្ស​និស្សិត​និង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ជំនាញ​ និង​វិធីសាស្ត្រ​ដែល​យើង​ត្រូវការ​ដើម្បី​ឲ្យ​ជីវិត​យើង​មាន​ពោរ​ពេញ​ទៅ​ដោយ​សុភមង្គល​ ការ​ពេញចិត្ត ​និង​មាន​អត្ថន័យ​ ដើម្បី​ប្រែ​ក្លាយ​ពី​ជោគជ័យ​នៅ​ក្នុង​អាជីព​របស់​ពួក​គេ​ឲ្យ​ទៅ​ជោគជ័យ​ក្នុង​ជីវិត»។

លោក​និយាយ​ថា​ សុភមង្គល​គឺ​ជា​អារម្មណ៍​វិជ្ជ​មាន។

«វា​ជា​ប្រភេទអារម្មណ៍​ដែល​អ្នក​ចង់​ជួប​ប្រទះ។ ប៉ុន្តែ​ក្រៅ​ពី​នោះ​ វា​ក៏​មាន​ការ​ពិបាក​ក្នុង​ការ​ពន្យល់​ថា ​អ្វីទៅ​ជា​សុភមង្គល​នោះ។​ សុភមង្គល​អាច​មាន​ន័យ​ខុស​គ្នា​សម្រាប់​មនុស្ស​ផ្សេង​គ្នា។ ​សុភមង្គល​មិន​ត្រឹម​តែ​ការ​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វាក៏​ចាំ​បាច់​ដែល​យើង​ត្រូវ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ផងដែរ។ ឧទាហរណ៍ ​អ្នក​នឹង​រស់​នៅ​បាន​យូរ​នៅ​ពេល​ដែល​អ្នក​សប្បាយ​ចិត្ត។ អ្នក​មាន​ផលិតភាព​កាន់​តែ​ប្រសើរប្រសិន​បើ​អ្នក​សប្បាយ​ចិត្ត។ អ្នក​មាន​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ ជា​ដៃ​គូ​ដ៏​ល្អ​ និង​ជា​ឪពុក​ម្តាយ​ល្អ ​ប្រសិន​បើ​អ្នក​សប្បាយ​ចិត្ត»។

លោក​បាន​និយាយ​ថា​ ជា​ញឹកញយ​មនុស្ស​ចង់​សប្បាយ​ចិត្ត ប៉ុន្តែ​ពួក​គេ​មើល​រំលង​សុភមង្គល​ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​គោល​ដៅ​របស់​ពួក​គេ។

«មនុស្ស​យើង​ទាំង​អស់​គ្នា​ហាក់​ដូច​ជា​មាន​គោល​ដៅ​ជីវិត​សំខាន់​បី។ គោល​ដៅ​ទីមួយ​គឺទេព​កោសល្យ​ក្នុង​ការងារ​អ្វី​មួយ។ ខ្ញុំ​ហៅ​វា​ថា ​ជា​គោល​ដៅ​ចំណេះ។ គោល​ដៅ​ទី​ពីរ​គឺ​ការ​មាន​អារម្មណ៍​ថា​ យើង​ជា​ផ្នែក​មួយ​នៃ​អ្វី​មួយ​ឬ​អ្នក​ណា​ម្នាក់​ និង​មាន​អារម្មណ៍ថា​យើង​មាន​ទំនាក់​ទំនង​យ៉ាង​ជ្រាល​ជ្រៅ​ជាមួយ​បុគ្គល​យ៉ាង​ហោច​ណាស់​ម្នាក់​នៅ​ក្នុង​ពិភព​លោក​នេះ។ គោល​ដៅ​ទី​បី​គឺ​អារម្មណ៍​ស្វ័យភាព​ ឬ​ការ​មាន​ភាព​ម្ចាស់ការ​ចំពោះ​ជីវិត​ផ្ទាល់​ខ្លួន»។

ប៉ុន្តែ​នៅ​ក្នុង​សៀវភៅ​របស់​លោក ​ដែល​មាន​ចំណង​ជើង​ថា ​«ប្រសិន​បើ​អ្នក​ឆ្លាតយ៉ាង​នេះ ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​សប្បាយ​ចិត្ត?» ​លោក​សរសេរ​ថា​ មាន​រឿងរ៉ាវ​ជា​ច្រើនដែល​ចូល​មក​ក្នុង​ផ្លូវ​នៃ​គោលដៅ​ទាំង​នេះ​ ដែល​លោកហៅ​វា​ថា​ជា «បាបកម្ម​នៃ​សុភមង្គល» (Happiness Sins) ដែល​រួម​មាន​ការ​ចង់​ធ្វើ​អ្វី​មួយ​ឲ្យ​ទទួល​បាន​ឧត្តមភាព​ ការ​ចង់​ក្លាយ​ទៅ​ជា​អ្នក​ដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​ ការ​ប៉ង​ប្រាថ្នា​ត្រួត​លើ​អ្នក​ដទៃ​និង​ត្រួតត្រា​លទ្ធផល​ជីវិត​របស់​ខ្លួន​ និងការ​មិន​ផ្តល់​អាទិភាព​ឱ្យ​សុភមង្គល។

«យើង​មិន​ប្រព្រឹត្ត​នៅ​ក្នុង​របៀប​មួយ​ដែល​ឲ្យ​អទិភាព​ទៅ​លើ​សុភមង្គល​នៅ​ក្នុង​ជីវិត​របស់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ​ យើង​បែរ​ជា​ផ្តល់​អាទិភាព​លើ​អ្វី​ផ្សេង​ទៀត​ដូច​ជា​តម្លៃ​នៃ​ទឹក​ប្រាក់ កិត្តិនាម​ មុខ​ដំណែង ​សម្រស់ ​និង ​អ្វីៗ​ផ្សេងៗ​ទៀត»។

ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​ទាំង​នោះ មនុស្ស​ជា​ច្រើន​ផ្តោត​លើ​ឥរិយាបថ​ដែល​ពួក​គេ​ជឿ​ថា​ នឹង​ធ្វើ​ឱ្យ​ពួក​គេ​សប្បាយ​ចិត្ត ​ជា​ជាង​ផ្តោត​លើ​សុភមង្គល​ផ្ទាល់។

លោក​ Raghunathan​ ក៏​បាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​វិធី​ពីរ​យ៉ាង​ដែល​យើង​សម្លឹង​មើល​ទៅ​កាន់ពិភពលោក​ ដែល​វិធី​ទាំង​នេះ​អាច​ប៉ះ​ពាល់​ទៅ​លើ​កម្រិត​នៃ​ការ​សប្បាយ​ចិត្ត​របស់​យើង។ វិធី​ទាំង​ពីរ​នោះ​គឺ​ផ្នត់​គំនិត​មិន​គ្រប់គ្រាន់​ និង​ផ្នត់​គំនិត​ដែល​គិត​ថា​យើង​សម្បូរ​លើស​លប់​ហើយ។

«ផ្នត់​គំនិត​ដែល​គិត​ថា​យើង​សម្បូរ​លើស​លប់​នោះ​ គឺ​ជា​អារម្មណ៍​មួយ​ដែល​ថា​ជីវិត​របស់​អ្នក​ល្អប្រសើ​ហើយ​ ហើយ​អ្នក​មាន​អ្វី​គ្រប់​យ៉ាង​រួច​ទៅ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត។ អ្នក​មិន​ចាំ​បាច់​ស្វែង​រក​នៅ​ខាង​ក្រៅ​ខ្លួន​អ្នក​ទៀត​ទេ»។

«ហើយ​ផ្ទុយ​ពី​ផ្នត់​គំនិត​សម្បូរ​លើសលប់​នេះ ​គឺ​ផ្នត់​គំនិត​មិន​គ្រប់​គ្រាន់។ ផ្នត់​គំនិត​នេះ​ ជាផ្នត់​គំនិត​ដែល​គិត​ថា​ ខ្ញុំ​មិន​មាន​គ្រប់​គ្រាន់។​ អ្នក​ក្លាយ​ជា​ប្រភេទ​មនុស្ស​ដែល​គិត​តែ​ពី​ខ្លួន​ឯង​ និង​មាន​ភាព​លោភ​លន់។​ អ្នក​ចង់​បាន​របស់​យក​មក​គរ​ទុក។ អ្នក​ចេះ​តែ​ចង់​បាន​នេះ​ចង់​បាន​នោះ។ យើង​ទាំង​អស់​គ្នា​រស់​នៅក្នុង​បរិយាកាស​នៃ​ការ​ចង់​បាន​មិន​ចេះ​គ្រប់​គ្រាន់​ ដែល​គំនិត​នេះ​មាន​ឡើង​តាម​រយៈ​ការ​ផ្សាយ​ពាណិជ្ជកម្ម។ ខ្ញុំ​មក​ពី​សាលា​ពាណិជ្ជកម្ម​ ត្រូវ​ទេ? តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​ នោះ​គឺ​ជា​ការ​ពិត។ ផ្នត់​គំនិត​បែប​នេះ​មិន​មែន​គ្រាន់​តែ​កើត​មាន​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ គឺ​តាម​រយៈ​ការងារ​របស់​យើង​ផង​ដែរ។ មាន​និន្នាការ​មួយ​ដែល​ស្ថិតស្តេរ​ នោះ​គឺ​យើង​តែង​ប្រៀប​ធៀប​ខ្លួន​យើង​ទៅ​នឹង​មនុស្ស​ផ្សេង​ទៀត​ ហើយ​សង្កត់​ធ្ងន់​លើ​ផ្នែក​អវិជ្ជមាន​និង​ការ​ខ្វះខាត​របស់​យើង។​

ដើម្បី​តម្រង់​ផ្នត់​គំនិត​របស់​យើង​ឆ្ពោះ​ទៅ​រក​ផ្នត់​គំនិត​សម្បូរ​លើសលប់នោះ​ ហើយ​ជម្រះ​«បាបកម្ម​នៃ​សុភមង្គល»​ លោក​សាស្រ្តាចារ្យ​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ធ្វើ​ការ​ហ្វឹក​ហាត់​លើ​លំហាត់​ផ្នត់​គំនិត​ចំនួន​៧​យ៉ាង។ ​លំហាត់​ទីមួយ​គឺ​ការ​ផ្តល់​អាទិភាព​លើ​សុភមង្គល​របស់​យើង​ដោយ​ការ​រំឭក​ខ្លួន​យើង​ថា​ សុភមង្គល​គឺ​ជា​គោលដៅ​របស់​យើង​នៅ​ក្នុង​ជីវិត ​ជា​ពិសេស​មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​សំខាន់​ណា​មួយ»។

«លំហាត់​ទីពីរ​គឺ​ការ​បង្ហាញ​ការ​ដឹង​គុណ​ទៅ​នរណា​ម្នាក់​ដែល​មាន​ឥទ្ធិពល​វិជ្ជមាន​មក​លើ​ជីវិត​របស់​យើង។ លំហាត់​នេះមាន​ឥទ្ធិពល​ខ្លាំង​លើ​សុភមង្គល​របស់​យើង។ លំហាត់​ទី​បី​គឺ​ការ​ចង់​ជួយ​អ្នក​ដ៏ទៃ​ដោយ​គំនិត​ច្នៃ​ប្រឌិត​ ដែល​ជា​ឈ្មោះ​ដ៏​ទាក់​ទាញមួយ​នៃ​អំពើ​ល្អ​ដែល​កើត​មាន​ដោយ​ឥត​ព្រៀង​ទុក។​ យើង​ទទួល​បាន​សេចក្តី​រីករាយ​ច្រើន​ណាស់​កើត​ចេញ​អំពើ​ល្អ​លើ​អ្នក​ដ៏​ទៃ។ លំហាត់​ទីបួន​គឺ​ការ​មាន​បែប​បទ​ជីវិត​ដែល​មាន​សុខភាព​ល្អ ​គេង​គ្រប់​គ្រាន់​ បរិភោគ​គ្រប់​គ្រាន់​ និង​ការ​ធ្វើ​លំហាត់​ប្រាណ។លំហាត់​ទី​ប្រាំ ​គឺ​ការ​ចេះ​អធ្យាស្រ័យ​ដល់​អ្នក​ដ៏ទៃ។ ក្នុង​ជីវិត​ជាក់ស្តែង ​នៅ​ពេល​ដែល​យើង​ចង​គំនុំ​នឹង​អ្នក​ណា​ម្នាក់​ គំនុំ​នោះតែងធ្វើ​ឱ្យ​យើង​ឈឺ​ចាប់​ជាង​មនុស្ស​ដែល​យើង​ចង​គំនុំ​ទៅ​ទៀត។ ​លំហាត់​ទី​ប្រាំមួយ​គឺ​ការ​ធ្វើ​ឲ្យ​ខ្លួន​យើង​ជឿ​ថា ​អ្វី​ដែល​កំពុង​កើត​ឡើង វា​នឹង​ក្លាយ​ជា​រឿង​ល្អ​សម្រាប់​អ្នក​នៅ​ទី​បំផុត ​បើ​ទោះ​បីជាពេល​នេះ​ វា​ជា​រឿង​អវិជ្ជមាន​ក៏ដោយ។ លំហាត់​ទីប្រាំ​ពីរ​ គឺ​ជា​ការ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​ពេល​វេលា ដែល​ជា​ការ​ហ្វឹក​ហាត់​នៅ​ក្នុង​កាលៈ​ទេសៈ​នីមួយៗ»។​

លោក ​Raj ​Raghunathan​ និយាយ​ថា​ ការ​អនុវត្ត​លំហាត់​ផ្នត់​គំនិត​ទាំង​នេះ​អាច​ជួយ​អ្នក​ឲ្យ​ឆ្លើយ​ទៅ​នឹង​សំណួរ​ដែល​មាន​នៅ​ក្នុង​ចំណង​ជើង​សៀវភៅ​របស់​គាត់​គឺ​ «ប្រសិន​បើ​អ្នក​ឆ្លាត​យ៉ាង​នេះ ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​សប្បាយ​ចិត្ត?» ហើយ​អ្នក​នឹង​មាន​ចិត្ត​សប្បាយ​ជាង​មុន៕

ប្រែ​សម្រួល​ដោយ ផន បុប្ផា

អត្ថបទ​ទាក់ទង

XS
SM
MD
LG