ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​លើក​ស្លាក​គណបក្ស​ត្រូវបាន​ឃើញ​ថា​ចំណាយ​លុយ​ច្រើន​ ហើយ​នាំឲ្យ​សង្គម​បែកបាក់

  • ពិន ស៊ីសុវណ្ណ

រូបឯកសារ៖ មន្ត្រី​ភូមឃុំ​រៀបចំ​មណ្ឌល​បោះឆ្នោតមួយ​កន្លែង​នៅ​ខេត្ត​ព្រៃវែង។

សកម្មជន​គណបក្ស​នយោបាយ​នៃ​គណបក្ស​នានា ​ជួន​ការ​មាន​ជម្លោះ​គ្នា​ក្នុង​ការ​លើក​ស្លាក​គណបក្ស​ដែល​នៅ​ជិតគ្នា ​ហើយ​មាន​ការ​លួច​បំផ្លាញ​ស្លាក​គណបក្ស​គូប្រជែង ​ដែល​ចំណាយ​ថវិកា​អាច​ដល់​ច្រើន​រយ​ដុល្លារ ​សម្រាប់​ស្លាក​សញ្ញា​ធំ​មួយ។ ​នេះមិន​រាប់​បញ្ចូល​សេវាដឹក​ជញ្ជូន​ផង​ទេ។

សកម្មភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ មាន​សភាព​មមាញឹក​ ជា​ពិសេស​ការ​លើក​ស្លាក​គណបក្ស​នយោបាយ​ដែល​គេ​មាន​នៅ​តាម​ដងផ្លូវ​ តាម​ផ្ទះ​សកម្មជន ​និង​នៅ​កន្លែង​សាធារណៈ។ ​ការ​លើក​ស្លាក​គណបក្សនយោបាយ​ជាង​៤០​នោះ ​មិន​គ្រាន់​តែ​ជា​ការ​ចំណាយ​ច្រើន​សន្ធឹក​សន្ធាប់​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជា​សញ្ញា​នៃ​ការ​បែកបាក់​សង្គម​ជាតិ​ផង​ដែរ។ នេះ​បើ​តាម​ការ​លើកឡើង​របស់​មន្ត្រី​គណបក្ស​នយោបាយ និង​អ្នក​សង្កេតការណ៍​នយោបាយ។

សកម្មជន​គណបក្ស​នយោបាយ​នៃ​គណបក្ស​នានា ​ជួន​ការ​មាន​ជម្លោះ​គ្នា​ក្នុង​ការ​លើក​ស្លាក​គណបក្ស​ដែល​នៅ​ជិតគ្នា ​ហើយ​មាន​ការ​លួច​បំផ្លាញ​ស្លាក​គណបក្ស​គូប្រជែង ​ដែល​ចំណាយ​ថវិកា​អាច​ដល់​ច្រើន​រយ​ដុល្លារ ​សម្រាប់​ស្លាក​សញ្ញា​ធំ​មួយ។ ​នេះមិន​រាប់​បញ្ចូល​សេវាដឹក​ជញ្ជូន​ផង​ទេ។

ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ លោក ញឹក ប៊ុនឆៃ ​ផ្តល់​បទសម្ភាសន៍ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ លោក ញឹក ប៊ុនឆៃ ​ផ្តល់​បទសម្ភាសន៍ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក ញ៉ឹក ប៊ុនឆៃ​ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ​បាន​ប្រាប់ VOA ថា ​នឹង​ស្នើឲ្យ​មាន​វិសោធនកម្ម​ច្បាស់​ស្តីពី​គណ​បក្ស​នយោបាយ ​ដើម្បី​កាត់​បន្ថយ​ការ​លើក​ស្លាក​គណបក្ស​រហូត​ដល់​ភូមិ ក្រុម ​និង​គ្រួសារ។ ​លោក​និយាយ​ថា ​គណបក្ស​របស់​លោក​លើក​ស្លាក​មិន​ច្រើន​ដូច​គណបក្ស​ផ្សេងៗ​ផង លោក​ត្រូវ​ចំណាយ​ច្រើន​សែន​ដុល្លារ។ លោក​លើក​ស្លាក​គណបក្ស​បាន​ត្រឹម​ថ្នាក់​ខេត្ត​ និង​ស្រុក។

«ថ្នាក់​ឃុំ​ខ្ញុំ​លើក​បានតែ​ពាក់កណ្តាល​ទេ។ ​ខ្ញុំគ្មាន​លុយ​ អត់​ចំណាយ​យក​ទៅ​លើក​អី​តទៅទៀត។​ ​អីចឹង​ចំណាយ​លុយ​ច្រើន​ណាស់! បើ​បូក​ថ្លៃ​ស្លាក​ហ្នឹង​គ្រប់​គណបក្ស​នយោបាយ​មិនដឹង​ប៉ុន្មាន​លាន​ដុល្លារទេ»។​

លោក​បន្ថែម​ថា លុយ​ចំណាយ​លើក​ស្លាក​សញ្ញា​នេះ​អាច​ជួយ​អ្នក​ក្រីក្រ​បាន​ច្រើន។ការ​លើក​ស្លាក​គួរតែ​មាន​តែ​ពេល​ឃោសនា​បោះឆ្នោត ​និង​ប្រមូល​ទុក​វិញ ពេល​ចប់​ការ​ឃោសនា​បោះឆ្នោត។

លោក ​មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម ក៏​បាន​សង្កេត​ឃើញ​ដូច្នេះ​ដែរ។​ លោក​និយាយ​ថា ​ឥទ្ធិពល​នយោបាយ​របស់​គណបក្ស​នយោបាយ​បាន​ជ្រាប​ចូល​ជ្រៅ​ក្នុង​ការ​បំបែក​បំបាក់​សង្គម​ខែ្មរ។​

លោក​បាន​ប្រាប់​ VOA តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មីៗ​នេះ​ថា ​ បើមើល​ពីរូប​ភាព​នៃ​ផ្ទាំងស្លាក ផ្ទាំង​សញ្ញា​របស់​គណបក្ស​នយោបាយ​ឃើញ​ថា ដាក់​បញ្ឈរ​ជាប់​រហូត​ពី​មួយ​ឆ្នាំ​ទល់​មួយ​ឆ្នាំ។ ហើយ​វា​ធ្វើ​ឲ្យ​ការ​បែងចែក​មនុស្ស ​ដោយសារ​តែ​គណបក្ស​នយោបាយ​ហ្នឹង​វា​មាន​ជាប់​ជា​ប្រចាំ។

«បើ​យើង​មើល​ពី​ការ​ឃោសនា​វិញ​ គឺ​អត់​មាន​ពេល​សម្រាក​ទេ​ គឺ​ចាប់​ពី​ពេល​បោះឆ្នោត​អណត្តិ​មុន​រហូត​ដល់​បោះឆ្នោត​អណត្តិ​ថ្មី។ ខ្មែរ​គួរតែ​កែ​កន្លែង​ហ្នឹង​មួយ​ទៅ​ដើម្បី​ឈាន​ទៅរក​ការ​ឯកភាព​ជាតិ»។

លោក មាស នី ​ពន្យល់​ថា ​សង្គម​ខ្មែរ​មាន​ការ​បាក់បែក​ធ្ងន់ធ្ងរ​ដោយ​ការ​បែកបាក់​តាម​រយៈ​ការ​វាយ​ប្រហារ​គ្នា​ខ្លាំងក្លា​ក្នុង​ការ​ឃោសនា ​បន្ថែម​ពី​លើ​ប្រ​វត្តិ​ប្រទេស​កម្ពុជា​ឆ្លងកាត់​សង្គ្រាម ​និង​ការ​ប្តូរ​របប​នយោបាយ​កើន​មាន​ឡើង​ទាក់​ទង​នឹង​អំពើ​ហិង្សា។ លោក​បន្ត​ថា ​ការ​បាក់បែក​នៅក្នុង​សង្គម​ធ្ងន់ធ្ងរ​ជាង​ពេល​មុនៗ ដោយ​សារ​តែ​គណបក្ស​នយោបាយ​អត់​ត្រូវគ្នា​អត់ទុក​ចិត្ត​គ្នា។

ម្យ៉ាង​វិញ​ទៀត លោក​ ម៉ម សូណង់ដូ ​ប្រធាន​គណបក្ស​សំបុកឃ្មុំ ​សង្គម​ប្រជាធិបតេយ្យ​ បាន​ប្រាប់​ VOA​ ថា​ គណបក្ស​ និង​សមាគម​របស់​លោក​មាន​ថវិកា​តិចតួច ​ហើយ​លោក​មិន​បាន​ចំណាយ​ថវិកា​ច្រើន​ទៅលើ​ការ​លើក​ស្លាក​គណបក្ស​ទេ។ ​លោក​ចំណាយ​ជីក​ប្រឡាយ​ ស្រះ​ទឹក​ សង់​សាលារៀន​ និង​ស្ពាន។

«បើខ្ញុំ​យក​លុយ​ហ្នឹង​ទៅ​ចាយ ​ប្រជាពលរដ្ឋ​អត់​មាន​ស្រះ ​ប្រឡាយ​ទឹក​ទាំង​អស់​ហ្នឹងទេ»។

ក៏ប៉ុន្តែ ​លោក ​សុខ ឥសាន ​អ្នក​តំណាងរាស្ត្រ ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​ VOA ​ថា ​ការ​កំហិត​ក្នុង​លើក​ស្លាក​នេះ​ជា​ការ​បិទសិទ្ធិ​សេរីភាព​ ហើយ​គណបក្ស​ខ្លះ​មាន​ចំណាស់​យូរ​លង់​មក​ហើយ។​ គណបក្ស​ខ្លះ​មាន​សមាជិក​ច្រើន​ខ្លះមាន​សមាជិក​តិច​ បេក្ខជន​ក៏​មិន​ស្មើ​គ្នាដែរ ដូច្នេះ​មិនអាច​ស្មើគ្នាទេ។

​អ្នក​វិភាគ​ផ្នែក​នយោបាយ​យល់ថា គណបក្ស​នយោបាយ​ដែល​លទ្ធភាព​នឹង​មិន​កាត់​បន្ថយ​ការ​លើក​ស្លាក​គណបក្ស​នយោបាយ​ដែលធ្វើ​ឲ្យ​ខ្លួន​មាន​ប្រៀប​ក្នុង​ការ​ទាក់​ទាញ​សំឡេង​ឆ្នោត​នោះ​ទេ៕

XS
SM
MD
LG