ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​នឹង​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ​ជ្រើសរើស​តំណាងរាស្ត្រ​ថ្មី​ជំនួស​លោក​ សុខ អាន


លោក ឡេ​ង ប៉េងឡុង​ អ្នកនាំពាក្យ​សភា នៅ​ព្រឹក​ថ្ងៃទី​ ៣ ខែមេសា ឆ្នាំ ២០១៧​ ធ្វើ​សន្និសីទ​ព័ត៌មាន​សង្ខេប​នៅ​សភា​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី/VOA)

ក្រៅ​ពី​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​ដើម្បី​បម្រើ​រាជរដ្ឋាភិបាល​ និង​គណបក្ស​កាន់​អំណាច​ លោក​ ជា វ៉ាន់ដេត ក៏​ជា​អ្នកជំនួញ​មួយ​រូប​ផង​ដែរ។

លោក​ ជា វ៉ាន់ដេត​ ទីប្រឹក្សា​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ត្រៀម​ស្បថ​ចូល​បំពេញ​តួនាទី​ពេញ​សិទ្ធិ​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ​ ជំនួស​ឲ្យ​លោក សុខ​ អាន​ដែល​បាន​ស្លាប់​នៅ​ទីក្រុង​ប៉េកាំង ​ប្រទេស​ចិន។ លោក ​ជា វណ្ណដេត​ ត្រូវ​បាន​គេ​ដឹង​ថា​ ជា​អ្នកជំនួញ​ក្នុង​វិស័យ​ទេសចរណ៍​ និង​អប់រំ។

រដ្ឋសភា​នឹង​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​នៅ​ថ្ងៃសុក្រខាងមុខ ​ដើម្បី​រៀបចំ​ការ​បោះឆ្នោត​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ដល់​លោក​ ជា វ៉ាន់ដេត​ ទីប្រឹក្សា​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ដើម្បី​ធ្វើ​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ​ជំនួស​ឲ្យ​លោក​ សុខ អាន​ អតីត​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ដែល​បាន​ស្លាប់​ ដោយសារ​ជំងឺ​ កាលពី​ខែ​មុន។

កិច្ចប្រជុំ​រដ្ឋ​សភា​ ក៏​នឹង​ធ្វើការ​ពិនិត្យ​លើ​របៀបវារៈ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​លក្ខន្តិកៈ​មន្ត្រីរាជការ​ក្រុម​នីតិប្បញ្ញត្តិ​ វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​ ក្នុង​ចំណោម​រដ្ឋាភិបាល​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​ឬ​ហៅ​កាត់​ថា (ASEAN) ជាមួយ​ប្រទេស​កូរ៉េ និង​របាយការណ៍​ស្ដីពី​សកម្មភាព​ការងារ​របស់​រដ្ឋសភា​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋសភា។

លោក ឡេង​ ប៉េងឡុង​ អ្នកនាំពាក្យ​រដ្ឋសភា​មានប្រសាសន៍​ទៅកាន់​អ្នកសារព័ត៌មាន​ នៅ​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា រដ្ឋសភា​នឹង​ប្រកាស​សុពល​ភាព​លោក​ ជា វ៉ាន់ដេត ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។

«ទី​មួយ​គឺ​គណៈ​អចិន្ត្រៃយ៍​ ប្រជុំ​នេះ​ នឹង​អនុម័ត​នូវ​សំណើ​សុំ​ប្រកាស​ទទូលស្គាល់​ លោក​ ជា វ៉ាន់ដេត​ ជា​តំណាង​រាស្ត្រ​ថ្មី​មណ្ឌល​ខេត្ត​តាកែវ​ ជំនួស​ សម្ដេច​វិបុលបញ្ញា​ សុខ អាន​ ដែល​លោក​ទទួល​មរណភាព។ អញ្ចឹង​គណៈ​អចិន្ត្រៃយ៍​ លោក​សម្រេច​ អនុម័ត​ទទួលស្គាល់​លោក ជា វ៉ាន់ដេត ​ជា​តំណាងរាស្ត្រ​ថ្មី​ហ្នឹង​ហើយ។ អញ្ចឹង​លោក​ ជា វ៉ាន់ដេត នឹង​ត្រូវ​ប្រកាស​សុពល​ភាព​នៅ​ថ្ងៃ​ប្រជុំ​រដ្ឋសភា​ ថ្ងៃទី​ ៧​ ខែ​មេសា​នេះ»។

លោក​ ឡេង​ ប៉េងឡុង មិន​អាច​បញ្ជាក់​ពី​វត្តមាន​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ នៅ​ក្នុង​ការ​ប្រជុំ​នោះ​បាន​នៅឡើយ​ទេ។ VOA ក៏​មិន​ទាន់​អាច​ទាក់​ទង​មន្ត្រី​នាំពាក្យ​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដែរ​ ដើម្បី​បញ្ជាក់​ថា​តើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ​នឹង​ចូលរួម​កិច្ច​ប្រជុំ​នោះ ឬ​ក៏​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ។

​លោក​ សុខ​ អាន​ ដែល​គេ​ដឹង​ថា​ បាន​កាន់​តួនាទី​ជា​ច្រើន​នៅ​ក្នុង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ក្រៅ​តែ​ពី​មាន​មុខងារ​ជា​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នោះ បាន​ទទួល​មរណភាព​កាល​ពី​ខែមុន​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង​នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ ដោយ​រោគាពាធ​ក្នុង​អាយុ​៦៦​ឆ្នាំ។

លោក សុខ អាន គឺ​ជាតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ​ និង​បាន​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​តាំង​ពី​ឆ្នាំ​២០០៤​ រហូតដល់​ថ្ងៃ​លោក​ទទួលមរណភាព។​ លោក​បាន​កាន់ការ​ងារជា​ច្រើន​ទៀត​ ក្នុង​នោះ​មាន​ការ​គ្រប់គ្រង​អាជ្ញាធរ​ប្រេង​កាត​ជាតិ​ និង​ជាប្រធាន​គណៈកម្មាធិការ​និង​គណៈ​កម្មការ​ផ្សេងៗ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។

លោក​ ផៃ​ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ប្រាប់​ VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ លោក​ ជា វ៉ាន់ដេត គឺ​ជា​អតីត​នាយក​ខុទ្ទកាល័យ​លោក​ សុខ​ អាន​ ហើយ​បាន​ឈប់​ពី​តួនាទី​នេះ​ជា​យូរ​មក​ហើយ​ដែរ។

លោក​មានប្រសាសន៍​ថា​ លោក​ ជា វ៉ាន់ដេត គឺ​ជា​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​កម្រិត​បណ្ឌិត​នៅ​ប្រទេស​រុស្ស៊ី។​ លោក​បន្ត​ថា​ លោក​ ជា វ៉ាន់ដេត​ បាន​ចុះ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខេត្ត តាកែវ​ជាច្រើន​អាណត្តិ​មក​ហើយ​ តាំងតែពី​អាណត្តិ​ទី​មួយ​របស់​រដ្ឋាភិបាល។

លោក​បន្ថែម​ថា​ ជាមួយ​បទ​ពិសោធន៍​ទាំងនេះ​ លោក ជា វ៉ាន់ដេត ​សម​នឹង​ទទួល​បាន​តួនាទី​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ។

ក្រៅ​ពី​ប្រឡូក​ក្នុង​កិច្ចការ​នយោបាយ​ដើម្បី​បម្រើ​រាជរដ្ឋាភិបាល​ និង​គណបក្ស​កាន់​អំណាច​ លោក​ ជា វ៉ាន់ដេត​ ក៏​ជា​អ្នកជំនួញ​មួយ​រូប​ផង​ដែរ។

​កាលពីឆ្នាំ២០១៣​ លោក ជា វ៉ាន់ដេត បាន​ក្លាយ​ជា​ស្ថាបនិក​មួយ​រូប​ក្នុង​ចំណោម​ស្ថាបនិក​ពីរ​រូប​នៃ​សាកលវិទ្យាល័យ American University of Phnom Penh​ ដែល​ជាសាកល​វិទ្យាល័យ​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ។

លោក​ក៏​ត្រូវ​គេ​ដឹង​ថា​ ជា​ប្រធាន​ក្រុមហ៊ុន JC Royal Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន។​ ក្រុមហ៊ុន​នេះ​ ទទួល​បាន​កិច្ច​សន្យា​រយៈពេល​៣០​ឆ្នាំ​ដើម្បី​គ្រប់​គ្រង​វាល​ពិឃាត​ជើងឯក​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ​ដែល​ជា​តំបន់​ទេសចរណ៍​កាល​ពី​ឆ្នាំ​២០០៥។

VOA មិន​ទាន់​អាច​ទាក់ទង​លោក​ ជា វ៉ាន់ដេត បាន​ទេ​ ដើម្បី​សុំ​សេចក្ដី​អធិប្បាយ​ពី​លោក​ ចំពោះ​ការ​ចូល​បម្រើ​ជា​តំណាង​រាស្ត្រ​នៅ​សភា​ជាតិ។

ក្រោយ​ការ​ស្លាប់​របស់​លោក​ សុខ​ អាន​ ដែល​ត្រូវ​គេ​ដឹង​ថា​ជា​ដន្លង​របស់​លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ការ​ងារ​ជាច្រើន​របស់​អ្នកនយោបាយ​រូប​នេះ​ ត្រូវបាន​លោក​ ហ៊ុន សែន បែង​ចែក​ទៅ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា។​

លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យដឹង​កាល​ពី​ចុង​ខែ​មីនា​ ​ថា ស្ថាប័ន​មួយ​ចំនួន​ដែល​លោក សុខ អាន ធ្លាប់​បាន​កាន់កាប់​ ត្រូវ​បាន​រំសាយ ហើយ​ថា ស្ថាប័ន​មួយ​ចំនួន​ដែល​នៅ​សល់​ដូច​ជា អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ព្រះវិហារ ត្រូវ​បាន​លោក​ប្រកាស​ដាក់​ឲ្យ​នៅ​ក្រោម​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ ​ចំណែក​គណៈកម្មការ​គ្រប់គ្រង​ផ្លូវដែក ត្រូវ​ដាក់​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

លោក​ ហ៊ុន សែន បន្ថែម​ថា ស្ថាប័ន​ពាក់ព័ន្ធ​នឹង​ការ​កាត់​ទោស​ខ្មែរ​ក្រហម រួម​ទាំង​សាលា​រាជ​បណ្ឌិត្យ​សភា​កម្ពុជា និង​អាកាសចរ​ស៊ីវិល ត្រូវ​ប្រគល់​ឲ្យ​លោក ប៊ិន ឈិន រដ្ឋមន្ត្រី​ស្ដីទី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជា​អ្នក​គ្រប់គ្រង។ ចំណែក​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ទៅ​ធ្វើ​ជា​ប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា។

ស្ថាប័ន​គណៈ​វិស្វកម្ម ត្រូវ​ប្រគល់​ជូន​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។ សាលា​ភូមិន្ទ​រដ្ឋបាល ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​មុខងារ​សាធារណៈ​ហើយ​សាលា​វិជ្ជាជីវៈ​តុលាការ ​ត្រូវ​ប្រគល់​ឲ្យ​ក្រសួង​យុត្តិធម៌។

លោក ហ៊ុន សែន បញ្ជាក់​ថា​ លោក​បាន​ពិភាក្សា​ចំពោះ​ការ​ផ្លាស់ប្ដូរ​តួនាទី​នេះ​ជាមួយ​លោក សុខ អាន មុន​ពេល​ដែល​លោក​ទទួល​មរណភាព៕

XS
SM
MD
LG