ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​អនុម័ត​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៧ ដោយ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង មិន​លើកដៃ​គាំទ្រ


អ្នក​បើក​ម៉ូតូ​ម្នាក់ បើកម៉ូតូ​ខាងមុខ​​​អគារ​វិមាន​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ (REUTERS)
អ្នក​បើក​ម៉ូតូ​ម្នាក់ បើកម៉ូតូ​ខាងមុខ​​​អគារ​វិមាន​រដ្ឋសភា​ជាតិ​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤។ (REUTERS)

ក្នុង​​ការ​អនុម័ត​ច្បាប់​ពេញ​មួយ​ថ្ងៃ​នេះ រដ្ឋសភា​បាន​អនុម័ត​ក្នុង​សំឡេង​១០៦ លើ​១០៦ លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​មាន​ការ​លើក​ដៃ​គាំ​ទ្រ​ពី​​តំណាងរាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ។

រដ្ឋសភា​ បាន​អនុម័ត​ច្បាប់​ស្ដីពី​ថវិកាជាតិ​ឆ្នាំ​២០១៧​ ដោយ​មាន​វត្តមាន​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៩​រូប​ចូល​រួម​ប្រជុំ ប៉ុន្តែ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​នេះ មិន​លើក​ដៃ​គាំទ្រ​ក្នុង​ការ​អនុម័ត​ច្បាប់​នេះ​ឡើយ។​

នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​វិច្ឆិកា នេះ រដ្ឋសភា​ជាតិ ​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី៧ នីតិ​កាល​ទី៥ អនុម័ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការ​ប្រែប្រួល​អាកាស​ធាតុ និង​អនុម័តសេចក្ដី​ព្រាង​ច្បាប់​ស្ដី​ហិរញ្ញវត្ថុ​ ឆ្នាំ​២០១៧ ដោយ​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចូល​រួម​ប្រជុំ​ជា​លើក​ដំបូង​ បន្ទាប់​ពួកគេ​បាន​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា ​ជាង​កន្លះឆ្នាំ​រួចមក។

ក្នុងកិច្ចប្រជុំ​នោះ​ ក៏​មាន​ការ​ចូលរួម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ចំនួន៦៧រូប​ក្នុងចំណោម​៦៨​រូប និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣៩​រូប​ក្នុង​ចំណោម​៥៥រូប ដោយ​ពុំ​មាន​វត្តមាន​លោក កឹម សុខា និង​លោក សម រង្ស៊ី។

ក្នុងការ​អនុម័ត​ច្បាប់​ពេញ​មួយ​ថ្ងៃ​នេះ រដ្ឋសភា​បាន​អនុម័ត​ក្នុង​សំឡេង​១០៦ លើ​១០៦ លើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​មាន​ការ​លើក​ដៃ​គាំ​ទ្រ​ពីតំណាងរាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ។

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពីការ​គ្រប់គ្រង​ថវិកា​ជាតិ​ឆ្នាំ២០១៧ ត្រូវ​បាន​រដ្ឋ​សភា​អនុម័ត​ដោយ​សំឡេង​គាំ​ទ្រ​ពី​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៦​សំឡេង តែ​តំណាងរាស្ត្រ​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​បាន​លើក​ដៃ​អនុម័ត​យល់ព្រម​នោះ​ទេ។

ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​អនុម័ត​នេះ លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា គណបក្ស​ប្រឆាំង​មិន​ចូលរួម​ក្នុង​ការ​អនុម័ត​ច្បាប់​ស្ដីពី​ថវិកា​ឆ្នាំ​២០១៧ ដោយ​សារ​គម្រោង​នៃ​ការ​រក​ចំណូល និង​ចំណាយ​របស់​រដ្ឋាភិបាល​ មិនបាន​ត្រឹមត្រូវ ពាក់ព័ន្ធ​នឹង​កម្ចី​ពី​បរទេស និង ចំណូល​ផ្នែក​ពន្ធដារ​ជាដើម។

លោក សុន ឆ័យ បញ្ជាក់​ថា៖ «សម្រាប់​ថវិកា​ឆ្នាំ​២០១៧​ហ្នឹង​គឺ​មាន​លក្ខណៈ​មិន​សូវ​ខុស​គ្នា​អំពី​ឆ្នាំ​មុនៗ​ទេ។ យើង​ឃើញ​ហើយ​ថា​បើ​ទោះ​បី​ជា​ទឹកប្រាក់​នៃ​ការ​កើន​ចំណាយ​រហូត​ដល់​ទៅ​ជិត​៥០០០​លាន ទឹកប្រាក់​ដែល​ចាយ​ជាក់ស្ដែង​គឺ​បាន​មក​ពី​ការ​ខ្ចីបុល​ដល់​ទៅ​ជិត​១០០០​លាន​ដុល្លារ។ ដូច្នេះ​អតុល្យភាព​នៃ​ថវិកា​ជាតិ​នេះ ​នៅ​តែ​បន្ត ហើយ​លទ្ធភាព​ដែល​រដ្ឋាភិបាល​អាច​ចាយ​បាន ឬ​ក៏​ពង្រឹង​អ្វី​ដែល​គេ​ហៅថា​កំណើន​សេដ្ឋកិច្ច​៧​ភាគរយ គឺ​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​ទៅ​លើ​ប្រាក់​ខ្ចី​គេ»។

កាល​ពី​ចុង​ខែ​ឧសភា គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​ក្នុង​រដ្ឋសភា​ ដោយ​អះអាង​ថា​ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភបំពាន​លើ​អភ័យ​ឯកសិទ្ធិ​របស់​អ្នក​តំណាង​រាស្ត្រ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​ស្ថាប័ន​តុលាការ ក្រោយ​ពី​លោក កឹម សុខា អនុប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​បាន​ប៉ុនប៉ង​ឃាត់​រថយន្ត​របស់​លោក និង​ឡោមព័ទ្ធ​ទីស្នាក់ការ​គណបក្ស​ ដោយ​ប៉ុនប៉ង​ចាប់​ខ្លួន​លោក ទាក់ទង​នឹង​សំណុំ​រឿង​ដែល​គេ​ចោទ​ថា​លោក​មាន​ស្នេហា​លួច​លាក់​ជាមួយ​នារី​កាត់សក់​វ័យក្មេង​ម្នាក់៕

XS
SM
MD
LG