ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

‍«ឫសគល់​នៃ​ដួង​ព្រលឹងយើង‍» ដោយ ម៉ម កល្យាណនី


នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ ដែល​មាន​ចំណង​ជើង​ថា «‍ឫសគល់​នៃ​ដួង​ព្រលឹង​ខ្មែរ​កំពុង​ត្រូវ​គាស់​រំលើង» អ្នក​សរសេរ​អត្ថបទ​ពណ៌នា​ឲ្យ​ VOA គឺ​ផលិត​ការិនី ម៉ម កល្យាណនី ដែល​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក នឹង​បង្ហាញ​ខ្សែ​វីដេអូ​ឯកសារ​ចំនួន៦ រួម​ទាំង​សំណេរ​អត្ថាធិប្បាយ​ក្នុង​រយៈពេល​១ឆ្នាំ។

កំណត់​និពន្ធ៖ នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ ដែល​មាន​ចំណង​ជើង​ថា «‍ឫសគល់​នៃ​ដួង​ព្រលឹង​ខ្មែរ​កំពុង​ត្រូវ​គាស់​រំលើង» អ្នក​សរសេរ​អត្ថបទ​ពណ៌នា​ឲ្យ​ VOA គឺ​ផលិត​ការិនី ម៉ម កល្យាណនី ដែល​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក នឹង​បង្ហាញ​ខ្សែ​វីដេអូ​ឯកសារ​ចំនួន៦ រួម​ទាំង​សំណេរ​អត្ថាធិប្បាយ​ក្នុង​រយៈពេល​១ឆ្នាំ ដើម្បី​ស្វែង​យល់​ថា តើ​ការ​អភិវឌ្ឍន៍​ដ៏​ឆាប់​រហ័ស និង​មិន​មាន​ការ​ត្រួត​ពិនិត្យ​កំពុង​បណ្តាល​ឲ្យ​កម្ពុជា​«‍គាស់​រំលើង​ឫស​គល់»​របស់​ខ្លួន​យ៉ាង​ណា និង​ថា តើ​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ស្វែងរក​«‍ឫសគល់»​របស់​ខ្លួន​សារ​ជា​ថ្មី​បាន។ តាមរយៈ​ការ​ប្រើប្រាស់​វីដេអូ​ដែល​បាន​ថត​អស់​រយៈពេល​៥ឆ្នាំ​កន្លង​ទៅ​នេះ ហើយ​អម​ដោយ​សេចក្តី​អត្ថា​អធិប្បាយ​ផង​នោះ ខ្សែ​ភាពយន្ត​ឯកសារ​ទាំង៦​នេះ​នឹង​ឆ្លុះ​បញ្ចាំង​ពី​បញ្ហា​បរិស្ថាន និង​បញ្ហា​សង្គម​សំខាន់ៗ ដែល​ពាក់​ព័ន្ធ​នឹង​ការ​កាប់​ព្រៃឈើ ការ​រឹប​អូស​ដី​ធ្លី វិស័យ​កសិកម្ម​តាម​បែប​ទំនើប ការ​នេសាទ​ហួស​កម្រិត ការ​បូម​ខ្សាច់ ចំណាក​ស្រុក និង​ការ​អភិវឌ្ឍន៍​ទីក្រុង​ជា​ដើម។ ខ្សែ​ភាពយន្ត​ឯកសារ​ទាំង​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា លុះត្រា​តែ​កម្ពុជា​ការពារ​ប្រជា​ពលរដ្ឋ និង​បរិស្ថាន​របស់​ខ្លួន ទើប​កម្ពុជា​អាច​ស្វែងរក និង​កសាង​កេរ្តិ៍​ដំណែល​វប្បធម៌ និង​ធម្មជាតិ​ដែល​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ​ឡើង​វិញ​បាន។

ស្តាប់​បទ​សម្ភាសន៍របស់ VOA ​ជាមួយ​អ្នក​នាង ម៉ម កល្យាណនី៖ ទឹក និង​ដី ជា​អត្តសញ្ញាណរបស់យើង

ថ្ងៃទី១៧ ខែ​កញ្ញា ឆ្នាំ២០១៥

ខ្សែ​វីដេអូ​ទីមួយ​នេះ​បង្ហាញ​ពី​ពិធី​បុណ្យ​ប្រពៃណី​ដ៏​ពិសេស​មួយ​នៅ​តំបន់​ជ្រលង​ភ្នំ អារ៉ែង ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា និង​ពោរពេញ​ទៅ​ដោយ​ជីវចម្រុះ​ដ៏​សម្បូរ​បែប​បំផុត​មួយ​នៅ​កម្ពុជា។ ពិធី​បុណ្យ​នេះ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​រយៈពេល​៣ឆ្នាំ​ម្តង ដើម្បី​គោរព​បូជា​ដល់​អ្នក​តា​ព្រៃ និង​ដើម្បី​សុំ​ការ​ថែរក្សា​ការ​ពារ​ពី​អ្នកតា​ព្រៃ។ ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​នេះ ចាស់​ទុំ​ក្នុង​ភូមិ​រៀបរាប់​ពី​សារៈសំខាន់​នៃ​ដី និង​ទឹក។ លោក​តា​ម្នាក់​និយាយ​ថា មនុស្ស​យើង​កើត​ចេញ​ពី​ដី និង​ទឹក។ បើ​គ្មាន​ដី គ្មាន​ទឹក​ទេ នោះ​យើង​មិន​អាច​មាន​ជីវិត​ទេ។ ដី និង​ទឹក​គឺជា​ដើម​កំណើត​នៃ​អត្តសញ្ញាណ​វប្បធម៌ និង​ធម្មជាតិ​របស់​យើង។

សារ​នេះ​ស្តាប់​ទៅ​ធម្មតា​ទេ ក៏​ប៉ុន្តែ វា​ឆ្លុះ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​បំផ្លិច​បំផ្លាញ​វប្បធម៌ និង​ធម្មជាតិ​ដែល​កំពុង​តែ​កើត​មាន​ឡើង​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​រស់នៅ​ដោយ​ពឹង​ផ្អែក​លើ​ធម្មជាតិ ទន្លេ ស្ទឹង​បឹងបួរ និង​ព្រៃ​ព្រឹក្សា មាន​ន័យ​ថា ពលរដ្ឋ​ខ្មែរ​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​ល្អ និង​ការ​ទាញ​យក​ប្រយោជន៍​ពី​ធម្មជាតិ​ដោយ​ចីរភាព។ ការ​បំផ្លិច​បំផ្លាញ​ដល់​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​រវាង​មនុស្ស និង​ធម្មជាតិ​ដ៏​រាប់​ពាន់​ឆ្នាំ​នេះ មិន​ត្រឹម​តែ​នាំ​មក​នូវ​វិនាស​កម្ម​ដល់​ប្រទេស​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​បំផ្លាញ​អត្តសញ្ញាណ​ជាតិ​ខ្មែរ ដែល​កំពុង​តែ​រង​ការ​រំខាន​ផង​ដែរ។ សំណួរ​គឺ​ថា តើ​យើង​អាច​ស្វែងរក ទាញ​យក និង​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ដើម​កំណើត​របស់​យើង​ម្តង​ទៀត​បាន​ដោយ​របៀប​ណា? ដូច្នេះ ខ្សែ​វីដេអូ​នេះ​ជំរុញ​ឲ្យ​មាន​ការ​ថែរក្សា​ការពារ​កេរ្តិ៍​ដំណែល​ដូន​តា​យើង រួម​មាន​ទឹក និង​ដី ដើម្បី​ជួយ​ឲ្យ​យើង​អាច​សម្រេច​កិច្ចការ​នេះ​បាន។

ឫសគល់​នៃ​ដួង​ព្រលឹង​យើង

ខ្ញុំ​តែងតែ​ឆ្ងល់​ពី​និយម​ន័យ​នៃ​ពាក្យ​ស្រុក​កំណើត ចាប់​តាំង​ពី​ពេល​ដែល​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​បាន​ភៀស​ខ្លួន​ចេញ​ពី​ស្រុក​កំណើត​របស់​យើង។ ខ្ញុំ​ធំ​ដឹង​ក្តី​ឡើង​នៅ​ក្នុង​ប្រទេស​ពីរ​ខុស​គ្នា ហើយ​ខ្ញុំ​ជឿ​ថា ខ្ញុំ​ត្រូវ​តែ​ជ្រើសរើស​យក​វប្បធម៌​មួយ​ក្នុង​ចំណោម​វប្បធម៌​របស់​ប្រទេស​ទាំង​ពីរ​នេះ។ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ព្យាយាម​ស្វែងរក​មាតុភូមិ​ពិត​ប្រាកដ​របស់​ខ្ញុំ និង​ទី​កន្លែង​ដែល​ខ្ញុំ​ចង់​រស់នៅ។ ដោយ​សារ​តែ​រង​របួស​ផ្លូវ​ចិត្ត​ដែល​បណ្តាល​មក​ពី​សង្រ្គាម និង​ការ​ជម្លៀស ខ្ញុំ​យល់​ថា យើង​គ្រប់​គ្នា ដែល​ជា​អ្នក​ភៀស​ខ្លួន និង​ជា​ជន​អន្តោប្រវេសន៍ ឬ​ក៏​ជា​កុមារ​ក្នុង​សម័យ​សង្គ្រាម​ដែល​កើត​មាន​ឡើង​នៅ​កម្ពុជា​នោះ កំពុង​តែ​ស្វែង​រក​ប្រវត្តិ​សាវតា និង​ដើម​កំណើត​របស់​យើង។ ប៉ុន្តែ យើង​បែរ​ជា​មើល​រំលង​ដើម​កំណើត​នៃ​អត្តសញ្ញាណ​យើង ដែល​ចាក់​ឫស​នៅ​ក្នុង​ខ្លួន​របស់​យើង និង​នៅក្នុង​ទឹក​ដី​កម្ពុជា​ស្រុក​កំណើត​របស់​យើង​ទៅ​វិញ។

ពេល​ព្រឹក​ព្រលឹម​មួយ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​ប្រឡាយ ដែល​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ទំាង​៦​នៅ​តំបន់​អារ៉ែង នៅ​ជើង​ជួរ​ភ្នំ​ក្រវ៉ាញ​ផ្នែក​កណ្តាល។ ពេល​នោះ ខ្ញុំ​បាន​រស់នៅ​ក្នុង​ភូមិ​ជុំណប់ ជាមួយ​នឹង​ រាម សាវ ស៊ី និង​គ្រួសារ​របស់​គាត់ ដើម្បី​ឲ្យ​ស្គាល់​គាត់ ហើយ​ចងក្រង​វីដេអូ​ឯកសារ​មួយ​ស្តី​ពី​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​គាត់។ ប៉ុន្តែ​នៅ​ព្រឹក​មួយ​នោះ ខ្ញុំ​ចង់​ចូលរួម​ពិធី​បុណ្យ​ដែល​ប្រារព្ធ​ធ្វើ​ឡើង​តែ​ម្តង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​៣ឆ្នាំ ហើយ​ដែល​ត្រូវបាន​ប្រារព្ធ​ឡើង​អស់​រយៈពេល​៦សតវត្សរ៍​កន្លង​មក​នេះ គឺ​ចាប់​តាំង​ពី​ពេល​ដែល​ជនជាតិ​ភាគ​តិច​«ជង‍»​ចាប់​កំណើត និង​រស់នៅ​ក្នុង​តំបន់​នេះ​មក​ម្ល៉េះ។ ពិធី​បុណ្យ​នេះ​មាន​ឈ្មោះ​ថា ឡើង​ព្រៃ​ដំរី ដែល​ប្រារព្ធ​ធ្វើ​ឡើង​ដើម្បី​គោរព​បូជា​អ្នក​តា និង​ដួង​ព្រលឹង​ព្រៃ​ព្រឹក្សា​ ទឹក និង​ដី និង​បួង​សួង​សុំ​ការ​ថែរក្សា​ការពារ​ពី​អ្នក​តា​ព្រៃ។ ឆ្នាំ​នេះ ចាស់​ទុំ​ក្នុង​ភូមិ​បាន​បួងសួង​សុំ​ឲ្យ​អ្នក​តាព្រៃ​ជួយ​ការពារ​តំបន់​អារ៉ែង​ឲ្យ​រួច​ផុត​ពី​ការ​គំរាម​គំហែង​នៃ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី។

​ខ្ញុំ​បាន​ដើរ​ទៅ​ផ្ទះ​របស់​លោក​តា​ម្នាក់ ដែល​ជា​អ្នក​ចាត់ចែង​ពិធី​បុណ្យ​នេះ។ គាត់​បាន​ហៅ​ខ្ញុំ​មក​អង្គុយ​ជាមួយ​គាត់​នៅ​លើ​គ្រែ​រនាប​ឫស្ស៊ី​នៅ​ផ្ទះ​បុរាណ​បែប​ជនជាតិ​«ជង‍»​របស់​គាត់ ខណៈពេល​ដែល​គាត់​កំពុង​តែ​រៀប​ចំ​ឧបករណ៍​ភ្លេង​ខ្មែរ​មួយ​ចំនួន ដូចជា ខ្លុយ ស្គរ និង​ទ្រ ដែល​ត្រូវ​យក​ទៅ​ប្រគុំ​សម្រាប់​ពិធី​នៅ​ព្រឹក​នោះ។

លោក​តា​បាន​និយាយ​ថា៖ «‍​យើង​មាន​ឧបករណ៍​ភ្លេង​ជនជាតិ​ដើម​ច្រើន​ទៀត»។ គាត់​និយាយ​ដូច​នេះ ខណៈ​ពេល​ដែល​គាត់​ផ្លុំ​ខ្លុយ​ដែល​ធ្វើ​ពី​ឫស្ស៊ី ដែល​មាន​សម្លេង​ដូច​គ្នា​នឹង​បក្សី​តូច​មួយ​ដែល​គាត់​បាន​ព្យាយាម​ចាប់​នៅ​រដូវ​នេះ។ លោកតា​និយាយ​ទៀត​ថា៖ «‍តែ​គ្មាន​នរណា​គេ​នៅ​ចាំ ហើយ​ចេះ​លេង​ឧបករណ៍​ភ្លេង​ទាំង​នោះ​ទៀត​ទេ»។

ដៃ​លោក​តា​មាន​ភាព​ជ្រីវជ្រួញ គគ្រៀត ដូច​ឧបករណ៍​ភេ្លង​ទាំង​នោះ​ដែរ។ មើល​ទៅ​ប្រហែល​ជា​គាត់​មិន​ដែល​បាន​សម្រាក គិត​តែ​ខិតខំ​លេង​ភ្លេង ភ្ជួររាស់ កាប់​គាស់ និង​ឆ្លាក់​ឈើ។ អាកប្បកិរិយា​របស់​គាត់​គឺ​ម៉ាត់ៗ ហើយ​ការ​និយាយ​របស់​គាត់​ខ្លីៗ ប៉ុន្តែ​សុភាព​រម្យទម ដោយ​ទឹក​មុខ​ពោរពេញ​ដោយ​ស្នាម​ញញឹម ឬ​សំណើច។ នៅ​ពេល​ដែល​គាត់​ផ្លុំ​ខ្លុយ ខ្ញុំ​គិត​ថា​ សម្លេង​ខ្លុយ​គាត់​នឹង​មិន​អាច​នៅ​យូរ​ទៀត​ទេ ហើយ​សម្លេង​ខ្លុយ​នេះ​អាច​នឹង​បាត់បង់​ទៅ​ជា​រៀង​រហូត។ ខណៈ​ដែល​ខ្ញុំ​កំពុង​តែ​គិត​ពី​រឿង​នេះ លោក​តា​បាន​សើច​ដាក់​ខ្ញុំ ហើយ​និយាយ​ថា «‍ក្មេងៗ​ឥឡូវ​មិន​នឹង​ចេះ​ធ្វើ​ខ្លុយ​នេះ​ផង»។ គាត់​និយាយ​ហាក់​បី​ដូច​ជា​ដឹង​ថា ខ្ញុំ​កំពុង​គិត​ពី​អី្វ។

ពេល​ព្រឹក​ប្រហែល​ម៉ោង៩ អ្នក​ភូមិ​បាន​ជួបជុំ​គ្នា​នៅ​មុខ​ផ្ទះ​របស់​លោក​តា និង​ក្បែរ​ផ្ទះ​ចាស់​ទុំ​ក្នុង​ភូមិ​ផ្សេង​ទៀត។ មាន​អ្នក​ចូលរួម​មក​ពី​ភូមិ​ប្រឡាយ និង​ភូមិ​ក្បែរៗ​នោះ រួម​ទាំង​ភ្ញៀវ​ទេសចរ​ជាតិ និង​បរទេស និង​និស្សិត​ផ្នែក​ទេសចរណ៍ ដែល​ចាប់​អារម្មណ៍​លើក​កម្ពស់​តំបន់​ទេសចរណ៍​អារ៉ែង ក៏​បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​នេះ​ផង​ដែរ។ នារី​វ័យ​ក្មេង​ម្នាក់​ឈរ​នៅ​មុខ​គេ បាន​ស្រក់​ទឹក​ភ្នែក។ នាង​រៀបរាប់​អំពី​សម្រស់​ធម្មជាតិ​គ្មាន​គូ​ប្រៀប​ក្នុង​ប្រទេស​កម្ពុជា ដែល​នាង​បាន​ឃើញ​នៅ​ទីនេះ។ នាង​ក៏​និយាយ​អំពី​សារៈសំខាន់​ដែល​អ្នក​ភូមិ​នៅ​តំបន់​នេះ​ខិតខំ​ថែរក្សា​សម្រស់​ធម្មជាតិ​នេះ។

បន្ទាប់​ពី​នាង​រៀបរាប់​រួច ខ្ញុំ​ក៏​ដើរ​សំដៅ​ទៅ​ប្អូន​ស្រី​ម្នាក់​នោះ។ ហើយ​យើង​បាន​ឱប​គ្នា​ទាំង​ទឹក​ភ្នែក។ យើង​ទាំងពីរ​នាក់​មិន​មែន​យល់​ចិត្ត​គ្នា​ដោយ​ពាក្យ​សម្តី​ទេ តែ​យើង​យល់​ចិត្ត​គ្នា​ថា យើង​នៅ​មាន​សង្ឃឹម។

ក្រោយ​ពី​ជួបជុំ​គ្នា​ហើយ យើង​បាន​នាំ​គ្នា​ដើរ​ជា​ក្បួន​ទាំង​ដី​ហុយ​ត្រលោម កាត់​មុខ​ផ្ទះ​បងប្អូន​ក្នុង​ភូមិ រួច​ចូល​ទៅ​ក្នុង​ព្រៃ​ជ្រៅ​រហូត​ទៅ​ដល់​ទីកន្លែង​ប្រារព្ធ​ពិធី ដែល​ជា​តំបន់​ព្រៃ​សក្ការៈ ដែល​ត្រូវ​បាន​ការពារ​ដោយ​ដើម​ឈើ​ដ៏​ធំ​មួយ។ ចាស់ទុំ​ក្នុង​ភូមិ​បាន​នាំ​គ្នា​ដាក់​សំណែន មាន់​ស្ងោរ ស្រា​ស ហើយ​អុជ​ធូប​ទាន​នៅ​លើ​ពែរ​ធ្វើ​ពី​ដើម​ចេក និង​ស្លឹក​ចេក។ នៅ​ពេល​រៀបចំ​សំណែន​នោះ​រួច ចាស់ៗ​នាំ​គ្នា​បួង​សួង​ដល់​ដើម​ឈើ​ដ៏​ធំ​នៅ​ពី​មុខ​យើង ហើយ​លេង​ភ្លេង​បុរាណ​ដែល​អម​ដោយ​សម្លេង​បួងសួង​របស់​ចាស់ៗ។

អ្នក​ចូលរួម​ទាំង​អស់ រួម​ទាំង​ខ្ញុំ​ដែល​ដៃ​កាន់​កាម៉េរា​ដើម្បី​ថត​ពិធី​បុណ្យ​នេះ​ ក៏​បាន​ផឹក​ស្រា​ស​មួយ​គម្រប​ដប​ម្នាក់​គ្រប់ៗ​គ្នា​ដែរ។ ខ្ញុំ​ផឹក​ស្រា​នោះ​ដោយ​ក្តី​គោរព ហើយ​ក៏​មាន​អារម្មណ៍​ថា​ក្តៅ​ពោះ​ភ្លាម​តែ​ម្តង។ តែ​ខ្ញុំ​ពិត​ជា​រំភើប​ដោយ​ដឹង​ថា ស្រា​ដែល​ខ្ញុំ​បាន​ផឹក​នេះ​ក៏​ត្រូវ​បាន​សែន​ជូន​ដើមឈើ​ជា​ទី​សក្ការៈ​ដ៏​ត្រឈឹង​ត្រឈៃ​នៅ​ពី​លើ​យើង​ដែរ​នោះ។ ហើយ​ស្រា​ដែល​យើង​យក​មក​ចិប​នឹង​មាត់​យើង ​ក៏​បាន​ជ្រាប​ចូល​ទៅ​ក្នុង​ឬស​ដើមឈើ​ដ៏​ពិសេស​មួយ​នេះ​ដែរ។

ពិធី​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ដល់​កាល​ដែល​ខ្ញុំ​នៅ​តូច ធ្លាប់​អុជ​ធូប បួងសួង​សុំ​សិរី​សួស្តី​ពី​ជីដូន​ជីតា​ដែល​បាន​ចាក​ឋាន​ទៅ ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​សែនព្រេន​ម្ហូប​អាហារ​ដល់​លោក​ឳពុក​របស់​ខ្ញុំ ដែល​បាន​ចាក​ឋាន​ទៅ និង​ជីដូន​ជីតា​ទាំង​អស់។ ឳពុក​ម្តាយ​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្ញុំ​ថា ការ​សែន​ព្រេន​នេះ​គឺ​ដើម្បី​សម្តែង​គុណូប្បការៈ និង​គោរព​ដួង​ព្រលឹង និង​ដើម្បី​ចងចាំ​ជីដូន​ជីតា និង​បុព្វបុរស​យើង។

ដើម​កំណើត​របស់​យើង​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ដើម​ឈើ និង​ដី ​ដែល​ជា​ទី​កន្លែង​កំណើត​របស់​ដើម​ឈើ និង​ទឹក​ដែល​ផ្តល់​អំណោយ​ផល​ដល់​ការ​លូត​លាស់​របស់​ដើមឈើ។ ដូច​ដើមឈើ​ដែរ យើង​ទាំង​អស់​គ្នា​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​នឹង​ដី និង​ទឹក ហើយ​បើ​គ្មាន​ដី និង​ទឹក​ទេ យើង​មិន​អាច​មាន​ជីវិត​រស់នៅ​បាន​ទេ។ ក៏​ប៉ុន្តែ មូលហេតុ​អ្វី​ដែល​បណ្តាល​ឲ្យ​យើង​ភ្លេច​ដើម​កំណើត​របស់​យើង​ទៅ​វិញ?

របប​ខ្មែរ​ក្រហម​ដែល​បាន​ឆក់​យក​ជីវិត​ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជិត​២លាន​នាក់ បាន​បំបែក​បំបាក់​គ្រួសារ​យើង បំផ្លិច​បំផ្លាញ​សហគមន៍​រស់នៅ​របស់​យើង បង្ខំ​ឲ្យ​យើង​រស់នៅ​ដោយ​មិន​ជឿ​ជាក់​គ្នា​ទៅវិញ​ទៅ​មក ដោយ​ភ័យ​ខ្លាច ហើយ​បាន​ធ្វើ​ឲ្យ​បាត់បង់​ឫសគល់​ដ៏​សំខាន់​នៃ​អត្ត​សញ្ញាណ​ជាតិ និង​វប្បធម៌​របស់​យើង។

ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធំ​បាន​បន្ត​រស់នៅ​ក្នុង​ប្រទេស ក៏​ប៉ុន្តែ​មួយ​ចំនួន​ធំ​ទៀត ដូច​ជា​គ្រួសារ​របស់​ខ្ញុំ​បាន​រត់​ភៀស​ខ្លួន​ទៅ​រស់នៅ​ក្រៅ​ប្រទេស។ មិន​ថា​យើង​រស់នៅ​ក្នុង ឬ​ក្រៅ​ប្រទេស​ទេ ស្លាក​ស្នាម​សង្គ្រាម​នៅ​តែ​តាម​លោង​បន្លាច​យើង​គ្រប់ៗ​គ្នា ហើយ​ដួង​ព្រលឹង​របស់​យើង​កំពុង​តែ​រសាប់​រសាយ​ដូច​ព្រលឹង​ខ្មោច​ដាច់​សង្វែង។

សព្វថ្ងៃនេះ កម្ពុជា​កំពុង​តែ​ប្រឈម​នឹង​វិបត្តិ​នៃ​ការ​ផ្លាស់​ទី​លំនៅ​ដ៏​ធំ​មួយ​ទៀត ដោយ​សារ​តែ​យើង​ខំ​អភិវឌ្ឍ​ខ្លាំង​ពេក ដើម្បី​ឲ្យ​ដើរ​ទាន់​ប្រទេស​ធំៗ​ផ្សេង​ទៀត​ក្នុង​តំបន់ ដោយ​មិន​យក​ចិត្ត​ទុក​ដាក់​លើ​ផល​ប៉ះពាល់​នៃ​ការ​អភិវឌ្ឍន៍​មក​លើ​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ និង​ធនធាន​ធម្មជាតិ​ទឹក និង​ដី ដែល​ជា​ដើម​កំណើត​របស់​យើង​ទាល់​តែ​សោះ។

កាល​ពី​ខែ​សីហា​កន្លងទៅនេះ សកម្មជន​ដ៏​ក្លាហាន​បី​នាក់​របស់​មាតា​ធម្មជាតិ​គឺ លោក ស៊ីម សំណាង លោក សាន់ ម៉ាឡា និង​លោក ទ្រី សុវិគា ត្រូវបាន​ចាប់​ខ្លួន​ដោយសារ​តែ​អ្នក​ទាំង​បី​បាន​ព្យាយាម​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​ចំនួន​ពីរ​នៅ​ខេត្ត​កោះកុង។ ចាប់​តាំង​ពី​ឆ្នាំ២០០៦​មក ការ​បូម​ខ្សាច់​នៅ​កម្ពុជា​បាន​ក្លាយ​ជា​ឧស្សាហកម្ម​នាំចេញ​ដ៏​ធំ​មួយ ដោយ​បូម​យក​ដី​ដ៏​ធំ​ល្វឹងល្វែយ​របស់​កម្ពុជា​យក​ទៅ​លក់ តាមតម្រូវការ​ដី​ដ៏​កើន​ឡើង​ពី​ប្រទេស​ជា​ដែនដី​កោះ​ ដូចជា​ប្រទេស​សង្ហិបុរី និង​ដោយ​សារ​តែ​វា​ផ្តល់​ជា​ចំណូល​រាប់​រយ​លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ដល់​ក្រុមហ៊ុន​ទាំង​នោះ និង​បុគ្គល​ពាក់ព័ន្ធ។

ប៉ុន្តែ ការ​បូម​ខ្សាច់​អាច​បំផ្លិច​បំផ្លាញ​បរិស្ថាន​ក្នុង​តំបន់ ដូចជា​បណ្តាល​ឲ្យ​មាន​កង្វក់​បរិស្ថាន ការ​បាក់​ច្រាំង​ទន្លេ និង​ការ​បំផ្លាញ​ដល់​ព្រៃ​កោងកាង​ដ៏​ពិសេស​មួយ​នៅ​តំបន់​អាស៊ី។ ពៃ្រ​កោងកាង​មិន​ត្រឹម​តែ​ជួយ​ការពារ​ប្រទេស​កម្ពុជា​ពី​ព្យុះ​ផ្សេងៗ និង​ព្យុះ​សមុទ្រ​ស៊ូណាមី​តែ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ផ្តល់​ជីវជាតិ និង​ចំណី​អាហារ​ដល់​សត្វ​ស្លាប និង​សត្វ​ពាហនៈ​ដែល​កំពុង​ផុត​ពូជ​របស់​កម្ពុជា ក៏​ដូចជា​ត្រី និង​ក្តាម ដែល​គ្រួសារ​អ្នក​នេសាទ​ក្នុង​តំបន់​ពឹង​ផ្អែក​ដើម្បី​ជីវភាព​រស់នៅ​របស់​ពួក​គេ។

ការ​ប្រឆាំង​នឹង​ការ​បូម​ខ្សាច់​របស់​យុវជន​ដ៏​ក្លាហាន​ទាំងបី​នាក់​គឺ សំណាង ម៉ាឡា និង​វិគា នេះ​ មាន​ន័យ​ថា ពួក​គេ​កំពុង​តែ​តស៊ូ​ការពារ​ដី និង​ទឹក ប្រជា​ពលរដ្ឋ អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​របស់​យើង និង​ជា​ពិសេស​គឺ​ការ​ពារ​ដី​ដែល​យើង​ឈរ​ពី​លើ តែ​កំពុង​តែ​ត្រូវបាន​ផ្លាស់​ប្តូរ​នោះ។

ខ្ញុំ​បាន​ចំណាយ​ពេលជា​ច្រើន​ខែ រស់​នៅ​ក្នុង​តំបន់​អារ៉ែង​នេះ ដើម្បី​ព្យាយាម​ស្វែងយល់​ពី​ដើម​កំណើត​របស់​ខ្ញុំ និង​របស់​យើង​ទាំង​អស់​គ្នា​ក្នុង​នាម​យើង​ជា​មនុស្ស។ ខ្ញុំ​បាន​ដឹង​ថា យើង​នឹង​បាត់បង់ និង​មិន​អាច​បាត់បង់​ដើម​កំណើត​របស់​យើង​បាន​ទេ បើសិន​ជា​យើង​ទាំង​អស់​គ្នា​អាច​ស្វែងយល់​ដឹង​យ៉ាង​ច្បាស់​ពី​អត្ត​សញ្ញាណ​ខ្លួន​យើង។ ក៏​ប៉ុន្តែ តើ​យើង​អាច​ស្វែង​រក ទាញ​យក និង​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ដើម​កំណើត​របស់​យើង​សារ​ជា​ឡើង​វិញ​បាន​ដោយ​របៀប​ណា? ខ្សែ​វីដេអូ​នេះ​ជំរុញ​ឲ្យ​យើង​ការពារ​កេរ្តិ៍​តំណែល​ដូន​តា​យើង ដូច​ជា​ ទឹក និង​ដី ដែល​ជា​ដំណោះស្រាយ​ឲ្យ​យើង​ស្គាល់​ដើម​កំណើត​របស់​យើង​សារ​ជា​ថ្មី​ម្តង​ទៀត៕

-----

កញ្ញា ម៉ម កល្យាណនី គឺ​ជា​ផលិតករ​ភាពយន្ត​ខ្មែរ​អាមេរិកាំង។ ខ្សែ​ភាពយន្ត​រូបភាព​ឯកសារ​លើក​ដំបូង​បង្អស់​របស់​នាង​គឺ «ក្បង់ទឹកទន្លេ» ឬ A River Changes Course ដែល​និយាយ​អំពី​ការ​តស៊ូ​របស់​គ្រួសារ​ខ្មែរ​៣គ្រួសារ ក្នុង​អំឡុង​នៃ​ការ​ផ្លាស់ប្តូរ​ដ៏​ឆាប់​រហ័ស​របស់​ពិភព​លោក បាន​ឈ្នះ​ពាន់​រង្វាន់ Grand Jury Prize សម្រាប់​ខ្សែ​ភាពយន្ត​ឯកសារ​ពិភពលោក​នៅ​ឯ​មហោស្រព​ភាពយន្ត​ទី​ក្រុង​សាន់ដាន (Sundance Film Festival) នៅ​ឆ្នាំ​២០១៣។

XS
SM
MD
LG