ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមរង្ស៊ី៖ ការបោះឆ្នោត​ឡើង​វិញ​ជា​ការឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​រាស្រ្ត


បាតុករ​កាន់​បដា​ដែល​អាន​ថា «បោះឆ្នោត​ឡើង​វិញ»។
បាតុករ​កាន់​បដា​ដែល​អាន​ថា «បោះឆ្នោត​ឡើង​វិញ»។
ភ្នំពេញ៖ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំនឿ​ថា​ ការដឹកនាំ​ធ្វើ​មហា​បាតុកម្ម​រយៈ​ពេល​កន្លង​ទៅ​នេះ​នឹង​ធ្វើ​ឱ្យប្រទេស​កម្ពុជា​រៀបចំ​ការបោះ​ឆ្នោត​ឡើង​វិញ​តាម​ការ​ចង់​បាន​របស់​ក្រុម​បាតុករ។​

មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ក្នុង​ខណៈ​ពេល​ដែល​លោក​បាន​ដឹក​នាំ​ក្បួន​បាតុកម្ម ​លោក​ សម រង្ស៊ី​សង្កត់​ធ្ងន់​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ហ៊ាន​ត្រូវ​តែ​បោះ​ឆ្នោត​ឡើង​វិញ​ពី​ព្រោះ​ប្រជា​ពលរដ្ឋ​មិន​អស់​ចិត្ត​និង​លទ្ធផល​បោះឆ្នោត​កន្លង​ទៅ​នេះ​ទេ។​

លោក​និយាយ​ថា​៖«ត្រូវតែ​បោះឆ្នោត​ឡើង​វិញ​ដើម្បី​បញ្ជាក់​អំពី​ឆន្ទៈ​ប្រជារាស្ត្រពីព្រោះ​ឆន្ទៈ​ប្រជា​រាស្ត្រ​ត្រូវ​គេ​បំភ្លៃ​ ត្រូវ​គេ​បិទ​បាំង​ត្រូវ​គេ​លាក់​បាំង។ ​ប្រជា​រាស្ត្រ​អត់​សុខ​ចិត្ត​ទេ​បើ​សឿង​បោះឆ្នោត​ឡើង​វិញ​ឱ្យអស់​ចិត្ត​ទាំង​អស់​គ្នា»។​

មហា​បាតុកម្ម​គ្មាន​ពេលកំណត់​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឈាន​ដល់​ថ្ងៃ​ទី​៥​ហើយ​ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​មិន​បាន​ចូល​រួម​ទេ។​
លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​បាន​ប្រាប់​ក្រុម​បាតុករ​ថា​លោក​ កឹម សុខា​បាន​ចុះ​តាម​បណ្តា​ខេត្ត​ដើម្បី​រៀប​ចំមហា​បាតុកម្ម​នៅ​ទីនោះ។​

ក្រុម​បាតុករ​ដែល​បាន​ចូលរួម​ធ្វើ​មហា​បាតុកម្ម​បាន​ប្រែក្លាយ​ពី​ការទាម​ទារ​របស់​ខ្លួនឱ្យបោះឆ្នោត​ឡើង​វិញ​មក​ស្រែក​ទាមទារ​យ៉ាង​កក្រើក​ពាសពេញ​ទីក្រុង​ភ្នំពេញ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​នេះ​ជា​ភាសា​ខ្មែរ​និង​ភាសា​អង់គ្លេស​ឱ្យលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ត្រូវ​ចុះ​ចេញ​ពី​មុខ​តំណែង។​
«ហ៊ុន សែន​អើយ​ចុះ​ចេញ​ទៅៗ!!​ ក្បត់ជាតិ​ លក់​ទឹកដី​អស់​ហើយ!!​ប្រជាជន​ទាំង​អស់​គ្នា​ភ្ញាក់​រលឹក​ឡើង!! ​Hun Sen Must Go!!»។​

ក្រុម​បាតុករ​ភាគ​ច្រើន​បាន​កាន់​បដា​ដែល​សរសេរ​អក្សរ​ធំៗ​ថា«​ហ៊ុន សែន​ អើយ​ចុះ​ចេញទៅ​ រាស្រ្ត​លែង​ត្រូវ​ការ​ទៀត​ហើយ!»​ អ្នក​ខ្លះ​បាន​ពាក់​ព្យួរ​និង​ក​ អ្នក​ខ្លះទៀត​ដាក់​ព្យួរ​តាម​ម៉ូតូ​និង​រ៉ឺម៉ក​កង់​បី។​

ស្រ្តី​មួយ​ក្រុម​ដែល​កំពុង​ជិះ​លើ​រ៉ឺម៉ក​កង់​បី​នៅ​ផ្តុំ​វត្ត​ភ្នំ​បាន​ស្រែក​ថា​បើ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​មិន​ចុះ​ចេញ​ទេ​ពួក​គេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​រហូត​ទាល់​តែ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែនចុះ​ចេញ​ពី​តំណែង។​

«បើ​គាត់​នៅ​ទៀត​ប្រទេស​ជាតិ​យើង​រលាយ​អស់​ហើយ។ ​កូនចៅ​ជំនាន់​ក្រោយ​អត់មាន​អ្វី​ទៀត​ទេ។​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​អស់​ទឹក​អស់​ដី​ហើយ។ ​ខ្ញុំ​មក​នេះ​ធ្វើ​ដើម្បី​ឱ្យកូន​ចៅ​ជំនាន់​ក្រោយ​ឱ្យគាត់​ចុះ​ចេញ។​ទាមទារ​ឱ្យគាត់​ចុះ​ចេញ​ ឱ្យបោះ​ឆ្នោត​សារ​ជាថ្មី។ ​ចុះ​ចេញ​ដើម្បី​សង្គ្រោះ​ប្រទេស​ជាតិ»។​

លោក​ទិត្យ ផាន់ណា​អាយុ​៥៨​ឆ្នាំ​ជា​ពលរដ្ឋ​អាមេរិក​កាំង​ដើម​កំណើត​ខ្មែរ ​មក​ទី​ក្រុង​ឡុងប៊ិច​ រដ្ឋ​កាលី​ហ័្វញ៉ា​សហរដ្ឋ​អាមេរិក​ដែល​បាន​មក​ចូល​រួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​មូល​ហេតុ​ដែល​លោក​មក​ចូលរួម​បាតុកម្ម​នេះ​ដោយ​សារ​តែ​លោក​ចង់​ស្រោច​ស្រង់​ជាតិ​ដែល​ពលរដ្ឋ​ទាំង​អស់​គ្នាមិន​អាច​នៅ​ស្ងៀម​ទៀត​បាន​ទេ។

លោក​និយាយ​ថា៖​«បើ​ទុក​គាត់​ទៀត​រលាយ​ហើយ​គ្មាន​ខ្មែរឯ​ណា​ទៀត។ ​ខ្មែរ​យើង​រត់​ទៅ​ឯកៀន​ជញ្ជាំង​អស់​ហើយ​រក​តែ​ជនជាតិ​គេ​យក​មក​ដាក់​ពេញ​ស្រុក​អស់​ហើយ ​រលាយ​ទាំង​ប្រទេស​ រលាយ​ទាំង​ដី​ រលាយ​ទាំង​ព្រៃ​ព្រឹក្សា​ រលាយ​ទាំង​ជន​ជាតិ​អស់​មាន​កេរិ៍ ​អំបូរ​ពូជ​អំបូរ​អស់​មាន​ហើយ​មើល​ទៅ»។​

លោក​ ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​និង​ជា​រដ្ឋ​លេខា​ធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ការទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​ឱ្យលោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ចុះ​ចេញ​ពី​មុខ​តំណែង​ជាទង្វើ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ។​

លោក​និយាយ​ថា៖​

«នាយក​រដ្ឋមន្ត្រី​នេះ​មិន​មែន​ជា​នាយក​រដ្ឋមន្ត្រី​ឧទ្ទាម​ឬ​នាយក​រដ្ឋមន្ត្រី​រដ្ឋប្រហារ​នោះ​ទេ។​ការលើក​ឡើង​នេះ​គ្រាន់​តែ​ជា​ការបង្ហាញ​នូវ​អធម្មនុញ្ញភាព​ហើយ​ជាការ​វាយ​ប្រហារ​ ទៅ​លើ​ឆន្ទៈ​របស់​មហា​ជន​ដែល​លោក​បាន​បោះ​ឆ្នោត​ជូន​សម្តេច​ ហ៊ុន សែន»។​

លោក​ ផៃ ស៊ីផាន​បាន​បញ្ជាក់​ទៀត​ថា​បើ​ការ​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​ធ្វើ​ឱ្យប៉ះពាល់​ដល់​សន្តិសុខ​ជាតិរដ្ឋាភិបាល​នឹង​ចាត់​វិធានការ​ដើម្បី​បង្ក្រាប៕​
XS
SM
MD
LG