ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំង​យល់​ព្រម​ដក​ពាក្យ​ស្លោក​តាម​ការ​ទាមទារ​របស់​បក្ស​កាន់​អំណាច


លោក អេង ឆៃអ៊ាង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ទៅកាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ឯ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះជាតិ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​០២​ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ុល រស្មី/VOA) 

លោក​ អេង​ ឆៃ​អ៊ាង​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ច​​ប្រជុំ​នោះ​ថា ការ​ដក​ពាក្យ​ស្លោកដែល​មាន​ចំណងជើង​ថា«​ដូរមេឃុំ​បម្រើបក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ»​ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ឃោសនា​រកសម្លេង​ឆ្នោត​របស់​គណបក្ស​នៅ​ពេល​ខាង​មុខ​នោះ​ទេ។

កាលពី​ថ្ងៃ​អាទិត្យ​ម្សិលម៉ិញ​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​ដក​ពាក្យ​ស្លោក​ដែល​មាន​ចំណងជើង​ថា«​ដូរមេឃុំ​បម្រើបក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ» តាមការ​ទាមទារ​របស់​គណបក្ស​កាន់​អំណាច។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​ស្វាគមន៍​ចំពោះការ​សម្រេច​នេះ ព្រោះ​ថា​វានឹង​ធ្វើ​ឲ្យបរិយាកាស​នយោបាយ​មាន​ភាព​ធូរស្រាល​ជាង​មុន​ មុន​នឹង​ការ​បោះឆ្នោត​ឈាន​មក​ដល់។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ លោក​ អេង​ ឆៃអ៊ាង​ បាន​ឲ្យដឹង​កាលពី​ថ្ងៃ​អាទិត្យ​ថា គណៈកម្មាធិការ​នាយក​គណបក្ស​ប្រឆាំងបាន​សម្រេច​ដក​ពាក្យស្លោក​ ដែល​មាន​ចំណង​ជើងថា​ «ដូរ​មេឃុំ​បម្រើបក្ស​ ដាក់​មេឃុំ​បម្រើរាស្ត្រ»​ ដែល​ជាការ​ចង់​បាន​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ដែល​ជាគណបក្ស​កាន់​អំណាច។

ការ​ថ្លែង​របស់​លោក​ អេង​ ឆៃអ៊ាង​ ធ្វើ​ឡើង​ក្រោយ​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​នាយក គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវបាន​ធ្វើ​ឡើង​អស់​រយៈពេល​ជាង ១​ម៉ោង​ នៅ​ឯ​ទីស្នាក់​ការ កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។​

លោក​ អេង​ ឆៃ​អ៊ាង​ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​កិច្ចប្រជុំ​នោះ​ថា ការ​ដក​ពាក្យ​ស្លោក​នេះ​ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ឃោសនា​រកសម្លេង​ឆ្នោត​របស់​គណបក្ស​នៅ​ពេល​ខាង​មុខ​នោះ​ទេ។

«ការប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ហ្នឹង​ វាមិន​សំខាន់​ទៅ​លើ​ពាក្យ​ស្លោក​នោះ​ទេ​ សំខាន់​ទៅលើ​គោលនយោបាយ​ទេ។ ពាក្យស្លោក​ហ្នឹង​គ្រាន់​ជា​ពាក្យ​ចុង​ជួន​ ដើម្បី​ទាក់​ទាញ​ចិត្ត​មនុស្ស​ ឲ្យ​មនុស្ស​ចាប់​អារម្មណ៍​តែ​ប៉ុណ្ណឹង​ទេ។ ប៉ុន្តែ​អត្ថន័យ​សំខាន់​ សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​សេចក្តី​សម្រេច​ហ្នឹង​គឺ​គោលនយោបាយ​របស់​គណបក្ស»។

លោក​ អេង​ ឆៃអ៊ាង​បាន​ប្រាប់​ VOAថា​ គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ផ្ញើ​លិខិត​មួយ​ទៅ​ក្រសួង​មហាផ្ទៃ​ ដើម្បី​បញ្ជាក់​ពី​ការ​កែ​សម្រួល​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ។

កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​ ក្រោយ​គណបក្ស​នេះ​ បានផ្ញើ​លិខិត​មួយ​ជូន​ក្រសួង​មហាផ្ទៃ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​លើកឡើង​ថា​ ក្រសួង​មហាផ្ទៃ​បាន​ទទួល​ស្គាល់​ពី​ដំណើរការ​សមាជ​វិសាមញ្ញ​គណបក្ស​សង្គ្រោះជាតិ។

នៅ​ក្នុង​សមាជ​វិសាមញ្ញ​បក្ស​កាល​ពី​ដើម​ខែ​មីនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្កើត​ពាក្យ​ស្លោក​នយោបាយ​មួយ ដោយ​ភ្ជាប់​ជាមួយ​នឹង​គោល​នយោបាយ​៥​ចំណុច​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ នា​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ។

បន្ទាប់​ពី​ប្រកាស​នូវ​គោល​នយោបាយ​និង​ពាក្យ​ស្លោក​នោះ​បាន​ប៉ុន្មាន​ថ្ងៃ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រតិកម្ម​ដោយ​ទាម​ទារ​ឲ្យ​កែ​តម្រូវ និង​បាន​គំរាម​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​លើក​ឡើង​ថា ខ្លឹមសារ​នៃ​ពាក្យ​ស្លោក​នោះ​មាន​ចរិត​ញុះញង់ និង​ប្រមាថ​មើល​ងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ឃុំ-សង្កាត់​ដែល​កំពុង​បម្រើ​ការងារ​ទូទាំង​ប្រទេស​នា​ពេល​បច្ចុប្បន្ន។​

លោក​អនុ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ប៊ុន ហុន សុំ​មិន​ធ្វើ​ការ​អធិប្បាយ​ ហើយ​បង្វែរ​សំណួរ​ទៅ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​គឺ​លោក​នាយឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ ដែល​កំពុង​ជាប់​បំពេញ​ទស្សនកិច្ច​នៅប្រទេស​អាល្លឺម៉ង់។

«បង​អញ្ចេះ​ ខ្ញុំ​សុំ​ទោស​ ដោយសារ​ខ្ញុំ​មិន​មែន​ជា​អ្នកនាំពាក្យ។ អញ្ចឹង​បង​ចាំ​ទាក់​ទង​សួរ​អ្នក​នាំពាក្យ ព្រោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​ អាហ្នឹង​វា​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ងារ​ដែល​ គេ​សម្រេច​ឲ្យ​ខ្ញុំ​ធ្វើ។ ប៉ុន្តែ​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ពាក្យ​សួរ​អី​ហ្នឹង​ បង​ចាំសួរ​អ្នក​នាំ​ពាក្យ»។

យ៉ាង​ណា​ក៏​ដោយ លោក​ សុខ​ ឥសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រាប់​ VOA កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ថា​ ការ​សម្រេច​ដកពាក្យ​ស្លោក«ដូរ​មេឃុំ​បម្រើបក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ» របស់​គណបក្ស​ប្រឆាំង​នឹង​រួម​ចំណែក​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ​នូវ​បរិយាកាស​នយោបាយ​ នៅ​មុន​ការ​បោះឆ្នោត​ ដែល​នឹង​ត្រូវ​ឡើង​នៅ​ខែ​មិថុនាខាង​មុខ​នេះ។

«យើង​សន្មត​ថា ការ​សម្រេច​ចិត្ត​លុប​ចោល​នូវ​ពាក្យស្លោក​ ដកមេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ​នេះ​ វា​ជា​កាយ​វិការ​មួយ​គួរ​ឲ្យ​ស្វាគមន៍ ព្រោះ​បាន​រួម​ចំណែក​នៅក្នុង​ការ​ធ្វើ​ឲ្យ​បរិយា​កាស​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ហ្នឹង​វា​ធូរ​ស្រាល»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ ពាក្យស្លោក​នេះ​ មាន​ខ្លឹមសារ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ខ្លឹមសារ​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ឃុំ​សង្កាត់​ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​មេឃុំ​និង​ចៅ​សង្កាត់​ ដែល​កំពុង​បម្រើ​ការ​ជូន​រាជរដ្ឋាភិបាល​កម្ពុជា។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ចេញក្រោយ​កិច្ច​ប្រជុំ​គណៈ​កម្មា​ធិការ​នាយក​គណបក្ស​កាល​ពី​ថ្ងៃ​អាទិត្យ បាន​ឲ្យ​ដឹង​ថា អង្គ​ប្រជុំ​គណៈកម្មាធិការ​នាយក​សម្រេច​ទុក​លោក​ កឹម សុខា​ ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​រហូត​ដល់​ចប់​អាណត្តិ​ ជំនួស​លោក​ សម រង្ស៊ី​ ដែល​បាន​លា​ឈប់​ ស្រប​តាម​ប្រការ​ ៤៧​ថ្មី​ នៃ​លក្ខន្តិកៈ​គណបក្ស។ ក្នុងពេល​ជាមួយ​គ្នានេះ​ គណៈកម្មាធិការ​នាយក​ ក៏បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ ដល់​សមាសភាព​អនុប្រធាន​គណបក្ស​ ដែល​រួមមាន​លោក​ ប៉ុល ហំម លោក​ស្រី មូរ សុខហូរ​ និង​លោក​ អេង​ ឆៃអ៊ាង។

លោក​ សុខ​ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​របស់​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន​ថ្លែង​ថា ការ​រក្សា​ទុក​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​នេះ​ គឺ​ជា​សិទ្ធិរបស់​គណប​ក្ស​នេះ​ ដោយ​គ្មាន​នរណា​ម្នាក់​អាច​លូក​ដៃ​ក្នុង​បញ្ហា​ផ្ទៃ​ក្នុង​គណបក្ស​នេះ​បាន​នោះ​ទេ។

បញ្ហា​ចម្រូង​ចម្រាស​ពី​សមាសភាព​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កើត​មាន​ឡើង​ក្រោយ​ពេល​គណបក្ស​បក្ស​ប្រឆាំង​រៀបចំ​សមាជ​វិសាមញ្ញ​មួយ​កាល​ពី​ថ្ងៃទី​២ ​ខែ​មីនា ដើម្បី​ជ្រើសរើស​មេដឹកនាំ​បក្ស​បន្ទាប់ពី​លោក​សម រង្ស៊ី​ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ភ្លាមៗ​។

នៅពេល​ធ្វើ​សមាជ​វិសាមញ្ញ​នោះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​វិសោធន​កម្ម​លក្ខន្តិកៈ​របស់​ខ្លួន​ចំនួន​ពីរ​ប្រការ ​និង​បាន​ជ្រើសរើស​លោក​កឹម សុខា​ ជា​ប្រធាន​ថ្មី​របស់​គណបក្ស ​និង​អនុ​ប្រធាន​ថ្មី​ចំនួន​៣រូប ​គឺ​លោក​ប៉ុល ហំម ​លោកស្រី​មូរ សុខហួរ ​និង​លោក​អេង ឆៃអ៊ាង៕

XS
SM
MD
LG