ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​ប្រឆាំង​នឹង​ធ្វើ​សមាជ​វិសាមញ្ញ​​ម្ដង​ទៀត ដើម្បី​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​បក្ស


រូបឯកសារ៖ លោកស្រី មូរ សុខហួរ ស្ថិតក្នុងចំណោម​​អនុប្រធាន​​បី​នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​​ក្រសួង​មហាផ្ទៃបដិសេធ​​​មិន​ព្រម​ទទួល​ស្គាល់។

គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀប​ចំ​សមាជ​វិសាមញ្ញ​ជាថ្មី​នៅ​ថ្ងៃ​ទី​ ២៥​ ខែ ​មេសា​ ដើម្បី​បំពេញ​ភាព​ស្របច្បាប់​នៃ​សមាសភាព​​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ចំនួន​បី​រូប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​នេះ។

នៅ​គ្រា​ដែល​ក្រសួង​មហាផ្ទៃ​ច្រានចោល​អនុប្រធាន​ទាំង​បី​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គណបក្ស​ប្រឆាំង​នេះ នឹង​ធ្វើ​សមាជ​វិសាមញ្ញ​ម្ដង​ទៀត​ ដើម្បី​រៀបចំ​អនុ​ប្រធាន​ទាំង​បី​នេះ​ឡើងវិញ។ អ្នកវិភាគ​និយាយ​ថា​ ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ គណបក្ស​ប្រឆាំង​កំពុង​រង​គំនាប​ពី​រដ្ឋាភិបាល នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​មក​ដល់។

គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀប​ចំ​សមាជ​វិសាមញ្ញ​ជាថ្មី​នៅ​ថ្ងៃ​ទី​ ២៥​ ខែ ​មេសា​ ដើម្បី​បំពេញ​ភាព​ស្របច្បាប់​នៃ​សមាសភាពអនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ចំនួន​បី​រូប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​នេះ។

រូបឯកសារ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

រូបឯកសារ៖ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងទៅកាន់សមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

សមាជ​វិសាមញ្ញ​ដែល​គ្រោង​នឹង​ធ្វើឡើង​នា​ពេល​ខាង​មុខ​នេះ​ មាន​គោលបំណង​ឆ្លើយតប​ទៅ​នឹង​ការ​បដិសេធ​របស់​ក្រសួង​មហាផ្ទៃ​ ដែល​មិន​ព្រម​ទទួល​ស្គាល់​អនុប្រធាន​បី​រូប​របស់គណបក្ស​សង្គ្រោះ​ជាតិ ដែល​រួម​មា​ន លោក​ ប៉ុល ហំម​ លោកស្រី​ មូរ សុខហួរ និង​លោក​ អេង ឆៃអ៊ាង។

រូបឯកសារ៖ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ នៅពេលសមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

រូបឯកសារ៖ លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ នៅពេលសមាជគណបក្ស កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)

លោក ប៉ុល ហំម អនុប្រធាន គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ ហើយ​ពេល​នេះ​កំពុង​បំពេញ​តួនាទី​ជា​ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គណបក្ស​នឹង​រក្សា​ទុក​សមាសភាព​អនុប្រធាន គណបក្ស​ទាំង​បី​ដដែល​ ហើយ​ថា​ ការ​ត្រៀម​ធ្វើ​សមាជ​វិសាមញ្ញ​ នា​ពេល​ខាងមុខនេះ គឺ​ជា​ការ​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នៃ​អនុប្រធាន​ទាំង​បី​នេះ​ ដែល​ជា​ការ​ចង់បាន​របស់​ក្រសួង​មហាផ្ទៃ។

«ក្នុង​ផ្ទៃក្នុង​របស់​គណបក្ស​យើង​ មិន​មាន​រើរុះ​អី​ទេ។ ប៉ុន្តែ​ដែល​យើង​រៀបចំ​នេះ​ ដើម្បី​តម្រូវ​ឲ្យ​ ទៅ តាម​នីតិវិធី​ ដែល​ក្រសួង​មហាផ្ទៃ​លោក​បាន​ ក្នុង​ន័យ​ដែល​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ផ្ញើ​មក​ហ្នឹង។ អញ្ចឹង​ យើង​ចង់​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​លិខិត​ក្រសួង​មហាផ្ទៃ»។

បញ្ហា​ចម្រូង​ចម្រាស​ពី​សមាសភាព​ថ្នាក់​ដឹកនាំ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កើត​មាន​ឡើង ​ក្រោយ​ពេល​គណបក្ស​បក្ស​ប្រឆាំង ​រៀបចំ​សមាជ​វិសាមញ្ញ​មួយ​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​មីនា ​ដើម្បី​ជ្រើសរើស​មេដឹកនាំ​បក្ស​ បន្ទាប់ពី​លោក​សម រង្ស៊ី​ បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ភ្លាមៗ។

ក្នុង​លិខិត​របស់​ក្រសួង​មហាផ្ទៃ​ ចុះ​ហត្ថលេខា​ដោយ​ លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​ កាល ពី​ថ្ងៃ​ទី​ ៥​ ខែ​មេសា ដែល​បាន​ផ្ញើ​ទៅ​លោក​ កឹម សុខា​ ប្រធានគណបក្ស​សង្គ្រោះ​ជាតិ​ ក្រសួង​មហាផ្ទៃ បាន​ទទួល​លោក​ កឹម សុខា​ ជា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ ក្រសួង​មហាផ្ទៃ​បាន​ច្រានចោល​ការ​ជ្រើស​តាំង​ លោក​ ប៉ុល ហំម លោកស្រី មូរ​ សុខហួរ និង​លោក​ អេង​ ឆៃអ៊ាង​ ជា​អនុ​ប្រធាន​គណបក្ស ដោយ​សារ​តែ​ការ​ជ្រើស​តាំង​នេះ​ មិន​ទាន់​ស្រប​ តាម​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ ហើយ​ការ​ជ្រើសតាំង​ដដែល​នេះ​ ហួស​រយៈពេល​៣០​ថ្ងៃ​ គិត​ចាប់​ពី​ថ្ងៃ​លោក​ សម រង្ស៊ី​ បាន​លាលែង​ពី​ប្រធាន​គណបក្ស។

លោក​ សម រង្ស៊ី​ បាន​លា​លែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​ ១១​ ខែ​កុម្ភៈ​ ដោយ​ហេតុ​បារម្ភ​ពី​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ទៅ​តាម​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ដែល​គេ​ជឿ​ថា​ មាន​បំណង​រំលាយ​គណបក្ស​នយោបាយ​ដែល​មាន​មេដឹកនាំ​ប្រព្រឹត្ត​ទោស​កំហុស​ធ្ងន់ធ្ងរ។

លោក​ ប៉ុល ហំម បាន​ប្រាប់​VOAទៀត​ថា​គណបក្ស​ប្រឆាំង​នឹង​មិន​ជួប​បញ្ហា​បន្ថែម​ទៀត​នោះ​ទេ​ទាក់​ទិន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​ ក្រោយ​ការ​ធ្វើ​សមាជ​វិសាមញ្ញ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៥ ខែ​មេសា​ ខាង​មុខ​នេះ។

«យើង​នឹង​ធ្វើ​ទៅតាម​ ឲ្យ​អស់​ពី​លទ្ធភាព​ ដែល​យើង​អាច​ធ្វើ​បាន។ ពីមុន​មក​ថា ដោយសារ​មានការ​យល់​ឃើញ​ ការ​បកស្រាយ​លក្ខន្តិកៈ​យើង​ហ្នឹង​ខុស​គ្នា​ ឥឡូវ​នេះ​ យើង​ដាក់​ច្បាស់​ហើយ​ ខ្ញុំ​ជឿ​ថា​ ម្តង​នេះ​ មិន​មាន​បញ្ហា​អី​ទេ​បាទ»។

លោក​ ប៉ុល ហំម​ បន្ថែម​ថា ក្រសួង​មហាផ្ទៃ​ ក៏​ដូចជា​គណបក្ស​នយោបាយ​នឹង​ សហការ​គ្នា​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នៃបរិយាកាស​នយោបាយ​ ដើម្បី​បើកផ្លូវ​ឲ្យ​មាន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ដោយ​សេរី​ ត្រឹម​ត្រូវ និង​យុត្តិ​ធម៌។

ក្រុម​អ្នកវិភាគ​ថ្លែង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ ​កំពុង​ប្រឈម​នឹង​សម្ពាធ​ជា​ច្រើន​ពី​រដ្ឋាភិបាល​ នៅ​គ្រា​ដែល​ការ​បោះឆ្នោត​កំពុង​តែ​ខិត​ជិត​ចូល​មក​ដល់។ ពួកគេ​ថា​ គណបក្ស​ប្រឆាំង​នេះ អាច​នឹង​ពិបាក​រក្សា​ទឹក​ចិត្ត​នៃ​ការ​គាំទ្រ​របស់​អ្នក​បោះឆ្នោត​ ប្រសិន​បើ​គណបក្ស​នេះ​ បន្ត​រង​ការ​វាយ​ប្រហារ​ពី​គណបក្ស​កាន់​អំណាច។

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ ប្រាប់​VOAថា​គណបក្ស​ប្រឆាំង​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​មួយ​ ក្នុង​ពេល​តទល់​ជាមួយក្រសួង​មហាផ្ទៃ។ លោក​បាន​ចាត់​ទុក​ថា​ ការ​តទល់​នេះ​ ជា​សំពាធ​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ តែ ​គណបក្ស​នេះ​ ​គ្មាន​ជម្រើស​ណា​ផ្សេង​ ក្រៅពី​បំពេញ​តម្រូវការ​របស់​ក្រសួង​មហាផ្ទៃ​ប៉ុណ្ណោះ។

លោក​បន្ត​ថា​ គណបក្ស​ប្រឆាំង​ ក៏​ត្រូវ​បង្កើនទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន​ ដើម្បី​បញ្ចៀស​ការ​បាត់បង់​ជំនឿ​ចិត្ត​មក​លើ​គណបក្ស​ផង​ដែរ។

«សំខាន់​ទី​មួយ​គឺ​សង្គ្រោះ​ជាតិ​ ធ្វើ​ម៉េច​ ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​ក្រសួង​មហាផ្ទៃ​ ឲ្យ​វា​បាន​ទៅ​ជា​ស្ងប់ស្ងាត់​សិន​ទៅ​ ប៉ុន្តែ​ត្រូវ​តែ​ប្រើ​ពេលវេលា​ហ្នឹង​ដើម្បី​ទំនាក់​ទំនង​ ជាមួយ​នឹង​អ្នក​គាំទ្រ​របស់​ខ្លួន​ហ្នឹង​ ឲ្យ​បាន​ច្បាស់​លាស់។​ បើ​មិន​អញ្ចឹង​ទេ​ វា​អាច​នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ហ្នឹង​មើល​ឃើញ​ថា​ សង្គ្រោះ​ជាតិ​ មិន​បាន​ធ្វើ​អី​ធំដុំ​ទេ​ បាន​ត្រឹម​តែ​ដើរ​តាម​ អ្វី​ដែល​គេ​គូស​ឲ្យ​ដើរ»។

លោក​ មាស​ នី​ មាន​ប្រសាសន៍​បន្ថែម​ថា​ នៅ​ខណៈ​ដែល​ គណបក្ស​ប្រឆាំង​កំពុង​រង​គំនាប​ ក្នុង​ការ​រៀបចំ​ប្រព័ន្ធ​ដឹកនាំ​របស់​ខ្លួន​ គណបក្ស​នយោបាយ​តូចៗ​មួយ​ចំនួន​ កំពុង​ធ្វើ​សកម្មភាព​នយោបាយ​វាយ​ប្រហារ​លើ​គណបក្ស​ប្រឆាំង ដោយ​ពុំ​មាន​ការ​រារាំង​ពី​រដ្ឋាភិបាល។

លោក​ថា​ ការណ៍​នេះ​នឹង​អាច​ធ្វើ​ឲ្យ​គណបក្សប្រឆាំង ​បាត់​បង់​សមាជិក​របស់​ខ្លួន​ក្នុង​មួយ​រយៈពេល​ខ្លី​ តែ​កម្លាំង​ការ​គាំទ្រ​នឹង​កើន​មក​វិញ​នៅ​ក្នុង​ពេល​បោះឆ្នោត។

លោក​នាយ​ឧត្ដមសេនីយ៍​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ មិន​ទាន់​បញ្ជាក់​ថា​ ក្រសួង​មហា​ផ្ទៃ​ នឹង​ទទួល​ស្គាល់​លទ្ធផល​របស់​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រឆាំង​នេះ​ឡើយ។ លោក​មាន​ប្រសាសន៍​ប្រាប់​ VOA​ថា​រដ្ឋាភិបាល​មិន​បាន​ដាក់​សំពាធ​លើ​គណបក្ស​ប្រឆាំង​នោះ​ទេ​ គឺ​ក្រសួង​ព្យាយាម​ឲ្យ​គណបក្ស​នេះ​ រៀបចំ​សមាសភាព​ដឹកនាំ​បក្ស​ឲ្យ​ស្រប​តាម​លក្ខន្តិកៈ​ដែល​ខ្លួន​បាន​កំណត់។

«ប្រសិនបើ​ដាក់​សំពាធ​ ប្រហែលជា​រដ្ឋាភិបាល​មិន​ប្រកាស​ថ្ងៃ​បោះឆ្នោត​ទេ។​ ហើយ​ប្រាកដ​ជា​រំលាយ​គណបក្ស​ហ្នឹង​ចោល​បាត់​ទៅ​ហើយ តាំង​ពី​ដំបូង​ទី​ម្ល៉េះ។ ប្រសិន​បើ​ដាក់​សំពាធ​ ចាំបាច់​ទៅ​ដាក់​សំពាធ​ធ្វើ​អី​ រំលាយ​បក្ស​ហ្នឹង​ចោល​តែ​ម្ដង​ទៅ​មិន​ស្រួល»។

គម្រោង​នៃ​ការ​រៀបចំ​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កើត​មាន​ឡើង ក្រោយ​គណបក្ស​នេះ​កាលពី​ដើមខែ​មេសា​នេះ​ បាន​រៀបចំ​កិច្ច​ប្រជុំគណៈកម្មាធិការ​នាយក​របស់​គណបក្ស​នេះ។​ កិច្ច​ប្រជុំ​នោះ​ បាន​រក្សា​សមាសភាព​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​លោក​ ប៉ុល ហំម លោក​ស្រី​ មូរ សុខហួរ​ និង​លោក​ អេង ឆៃអ៊ាង​ ឲ្យ​នៅ​ដដែល។​

គណៈកម្មាធិការ​នាយក​របស់​គណបក្ស​ប្រឆាំង​ ក៏បាន​យល់​ព្រម​ដកពាក្យ​ស្លោក​«ដូរ​មេឃុំ​បម្រើ​បក្ស​ ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ទៅ​តាម​ការ​ទាមទារ​របស់​គណបក្ស​កាន់​អំណាច​ផង​ដែរ។

ដោយឡែក​ តាម​ការ​បញ្ជាក់​របស់​លោក​ ប៉ុល ហំម ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​ធ្វើ​ដំណើរ​វិល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ ក្រោយ​បញ្ចប់​បេសកកម្ម​ជួប​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​អូស្ត្រាលី​ និង​នូវែលហ្សេឡង់ ។ លោក​ កឹម សុខា​ អាច​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​សប្ដាហ៍​នេះ៕

XS
SM
MD
LG