ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះជាតិ​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ខេត្ត​សៀមរាប​មាន​មនុស្ស​ប្រមាណ​ពីរម៉ឺន​នាក់​ចូលរួម


គណបក្ស​សង្គ្រោះជាតិ​​បើក​យុទ្ធនា​ឃោសនា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំនៅថ្ងៃទី១ កក្កដា​២០១៣។​
គណបក្ស​សង្គ្រោះជាតិ​​បើក​យុទ្ធនា​ឃោសនា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំនៅថ្ងៃទី១ កក្កដា​២០១៣។​
នៅថ្ងៃ​អាទិត្យ​ទី៣០​ខែ​មិថុនា​នេះ​គណបក្ស​សង្គ្រោះជាតិ​ ដែល​គេមើល​ឃើញ​ថា​គឺ​ជា​គូ​ប្រជែង​ដ៏​ធំ​បំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​នោះ​បាន​បើក​យុទ្ធនា​ឃោសនា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំនៅ​ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​សមាជិក​និង​អ្នក​គាំទ្រ​ប្រមាណ​ពីម៉ឺន​នាក់​ចូលរួម។​

ក្បួន​ដង្ហែ​យ៉ាងវែង​ដែល​មាន​រថយន្ត​និង​ម៉ូតូ​រាប់រយ​គ្រឿង​នោះ​បាន​ចាប់ផ្តើម​ចេញ​ដំណើរ​ពីផ្លូវ​៦០​ឆ្ពោះ​ទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​សៀមរាប​ដោយមាន​ការ​ជួយ​សម្រួល​ចរាចរ​ពី​សំណាក់​កង​កម្លាំង​នគរបាល​ខេត្ត​ និង​ការ​ឃ្លាំ​មើល​របស់​អ្នក​សង្កេត​ការណ៍​ជា​ច្រើន​នាក់។​

លោក​ គង់ គាំ​គឺជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​រួម​ជាមួយ​លោកស្រី​កែរ​ សុវណ្ណរត្នន៍​តំណាង​រាស្រ្ត​ប្រចាំ​ខេត្ត​សៀមរាប​ជាអ្នក​ដឹកនាំ​ក្បួន​ឃោសនា​នៅថ្ងៃ​នេះ។​
នៅមុន​ក្បួន​ឃោសនា​ចេញ​ដំណើរ​ លោក​គង់ គាំ​បាន​ថ្លែងសារ​ប្រមាណ​១០នាទី​ទៅកាន់​សមាជិក​និង​ក្រុម​អ្នក​គាំទ្រ​គណបក្សសង្គ្រោះជាតិ​ដែល​ក្នុង​សារ​របស់លោក​ភាគច្រើន​គឺ​បាន​វាយ​ប្រហារ​ចំ​ៗទៅលើ​គណបក្ស​កាន់​អំណាច​និង​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើការ​ផ្លាស់ប្តូរ​មេ​ដឹកនាំ​ចាស់សព្វ​ថ្ងៃ​ចេញ​ដោយ​ងាក​មកបោះឆ្នោត​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​វិញ។​

លោក​និយាយថា៖ «ឥឡូវបងប្អូន​ទាំងអស់​ស្រឡាញ់​ជីវិត ​ស្រឡាញ់​ជីវភាព​យើង​ខ្លាំង​ទេ?​ បងប្អូន​ទាំងអស់​ស្រឡាញ់​ជីវភាព​ ស្រឡាញ់​ជីវិត​យើង​ខ្លាំង​ ណាស់​ទៅឬ? ​បើ​ស្រឡាញ់​ជីវិត​ បើស្រឡាញ់​ជីវភាព​យើង​ខ្លាំង​មាន​តែ​គណបក្ស​សង្គ្រោះជាតិ​ទេ​ដែល​មាន​គោល​នយោបាយ​បម្រើកសិករ​ បម្រើ​កម្មករ​ បម្រើ​មន្ត្រី​រាជការ​ បម្រើ​ចាស់​ជរា ​បម្រើ​បញ្ហា​សុខភាព​ បម្រើ​បញ្ហា​អប់រំ​ ដូច្នេះ​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ជីវិត​យើង ​ដើម្បី​ជីវភាព​យើង​ទាំងអស់​គ្នា»។​

លោក​បាន​មាន​ប្រសាសន៍​ថា​ ការ​ដឹកនាំ​សព្វថ្ងៃ​នេះ​គឺមិន​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ជួប​ទុក្ខ​លំបាក​នោះ​ទេ។​

ទាំង​មេដឹក​នាំ​ ទាំង​សមាជិក​សមាជិកា​ព្រមទាំង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​បានរាំ​ទៅ​តាម​បទ​ចម្រៀង​ដែល​សុទ្ធសឹង​តែ​រិះគន់​គណបក្ស​កាន់​អំណាច​ ព្រមជាមួយ​នឹង​សម្រែកអំពាវនាវ​ដ៏​កង​រំពង​សុំឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របប​បច្ចុប្បន្នចេញ។​

នេះ​ជាក្បួន​ឃោសនា​ដែល​គេមើល​ឃើញ​ថា ​ធំជាង​គេ​ក្នុង​ក្នុង​ខេត្ត​សៀមរាប​សម្រាប់​រយៈ​ពេល​បួនថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​នេះ។​

ប្រទេស​កម្ពុជានឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្រ្ត​អណត្តិ​ទី៥​នៅថ្ងៃ​ទី២៨​ខែកក្កដា​នេះ​ដោយ​មាន​គណបក្ស​ចំនួន​៨​ចូលរួម​ប្រកួត​ប្រជែង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG