ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​បក្ស​ប្រឆាំង​មិន​អើពើ​នឹង​«បណ្តឹង​ខ្យល់»របស់​លោក​ហ៊ុន សែន​​


លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ (ឆ្វេង)​និង​លោក​សម​​រង្ស៊ី​(ស្តាំ) ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​កម្ពុជា​។ (Reuters/Leng Len/VOA Khmer)
លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ (ឆ្វេង)​និង​លោក​សម​​រង្ស៊ី​(ស្តាំ) ប្រធាន​គណ​បក្ស​សង្រ្គោះ​ជាតិ​កម្ពុជា​។ (Reuters/Leng Len/VOA Khmer)

មេដឹកនាំ​គណបក្ស​ប្រឆាំង​មិន​អើពើ​នឹង​បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដោយ​ចាត់​ទុក​ថា ​ជា​បណ្តឹង​ខ្យល់​ ហើយ​លោក​រំពឹង​ថា ​ពាក្យ​បណ្តឹង​ទាំង​អស់​នឹង​អាច​ដោះ​ស្រាយ​បាន​តាម​ផ្លូវ​នយោបាយ។​​​

លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ប្រកាស​ចាត់​ទុក​បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រឆាំង​នឹង​លោក​ថា​ជា​បណ្តឹង​ខ្យល់​ហើយ​លោក​មិន​អើពើ​ចំពោះ​បណ្តឹង​នេះ​ទេ។​

មេធាវី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ព្រឹក​ថ្ងៃ​ពុធនេះ ​បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​ប្រឆាំង​ជំទាស់​នឹង​លោក​ សម រង្ស៊ី​ ពី​បទ «បរិហារកេរ្តិ៍​ជា​សារធារណៈ​និង​ទាមទារ​សំណង​ចំនួន​៤.០០០​ពាន់​លាន​រៀល​គឺ​ស្មើ​នឹង​ប្រមាណ​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក»។​

បណ្តឹង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ធ្វើឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក ​សម រង្ស៊ី​ បាន​និយាយ​ជាមួយ​សកម្មជនពី​ប្រទេស​បារាំង។ ដោយ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដល់​កញ្ញា ធី សុវណ្ណថា ​ដើម្បី​ជា​ថ្នូរ​នឹង​បេសកម្ម​របស់​ខ្លួន​មក​បំបែក​បំបាក់​ផ្ទៃ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​កន្លង​មក។​

កញ្ញា ធី​ សុវណ្ណថា​ កាល​ពី​ថ្ងៃ​អង្គារ៍​ទី​១៧​ ខែ​មករា ក៏​បាន​ដាក់​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ផ្សេង​ទៀត​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​ ដោយ​ទាមទារ​សំណង​ចំនួន​២៥​ម៉ឺន​ដុល្លារ​ពី​លោក​ សម រង្ស៊ី​ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សារធាណៈ​ដូច​គ្នា​នេះ​ដែរ។​

កញ្ញា ធី សុវណ្ណថា​ មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ នៅ​ថ្ងៃ​នេះ ​ដោយ​ទូរស័ព្ទ​មិន​មាន​អ្នក​ទទួល។​ ក៏ប៉ុន្តែ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​គេ​សង្ស័យ​ថា​ជា​ការ​សន្ទនា​គ្នា​រវាង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​ហៅ​ ធី សុវណ្ណថា​ «ចៅ»​ ក៏​បាន​និយាយ​ផង​ដែរ​ពី​ចំនួន​ទឹក​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​លោក ​ហ៊ុន សែន​ បាន​ផ្តល់​ឲ្យ។​

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​គ្មាន​ប្រភព​ឯករាជ្យ​ណា​ដែល​អះ​អាង​ថា ​ពិត​ជា​ការ​សន្ទនា​គ្នា​រវាង​លោក​ ហ៊ុន សែន​ និង​ កញ្ញា ធី សុវណ្ណថា ​ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​នោះ​ ថា​ ​ជា​ការ​ពិត​ឬ​យ៉ាង​ណា​ទេ។​

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​រដ្ឋាភិបាល​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​មាតុ​ប្រទេស​វិញ​បាន​និយាយ​ថា​ ពិត​ជា​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​ដល់​កញ្ញា ធី សុវណ្ណថា​ ពិត​ប្រាកដ​មែន។​

មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ VOA ​ពី​ប្រទេស​បារាំង​ក្នុង​ខណៈ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត។​ លោក​ សម រង្ស៊ី​ មិន​ព្រួយ​បារម្មណ៍​នឹង​បណ្តឹង​ខ្យល់​នេះ​ទេ។​

លោក​បាន​បញ្ជាក់​ថា​ លោក​មិន​រវល់​ទេ​ ពី​ព្រោះ​រឿងហ្នឹង​ជា​រឿង​នយោបាយ​សុទ្ធសាធ​ ថ្ងៃ​ណា​មាន​ដំណោះស្រាយ​នយោបាយ​ ពាក្យ​បណ្តឹង​កំប៉ិកកំប៉ុក​វា​នឹង​ចប់​ដោយ​ខ្លួន​ឯង។​

លោក​ សម រង្ស៊ី បញ្ជាក់​ថា៖​

«បាទ! អាហ្នឹង​ ហ៊ុន សែន ​លោក​និយាយ​ខ្លួន​គាត់​ ហើយ​គេ​ចុះ​ផ្សាយ​ព្រោងព្រាត​ គាត់​អត់​បដិសេធ​ ដូច្នេះ​ជា​ការ​ពិត​ហើយ ​ខ្ញុំ​គ្មាន​ខ្វល់​អំពី​អ្នក​ណា​គេ​ប្តឹង​ខ្ញុំ​ទេ​ដរាប​ណា​ខ្ញុំ​និយាយ​ការ​ពិត»។​

លោក​ គី តិច​ មេធាវី​ការពារ​ក្តី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បញ្ជាក់​ថា​ បណ្តឹង​ទាមទារ​សំណង​លើក​នេះ​ដើម្បី​ឲ្យ​លោក​ សម រង្ស៊ី រាងចាល​កុំ​ឲ្យ​ចោទ​ប្រកាន់​គ្មាន​ភស្តុតាង។

លោក គី តិច ​មាន​ប្រសាសន៍​ប្រាប់ VOA ​ថា៖

«ការ​ដែល​សម្តេច​សម្រេច​ចិត្ត​ប្តឹង​ទាមទារ​ បួន​ពាន់​លាន​រៀល​ គឺ​ស្មើ​ហ្នឹង​១​លាន​ដុល្លារ​នេះ ​គឺ​ដោយសារ​ ទី​មួយ​ ឯកឧត្តម ​សម រង្ស៊ី ​គាត់​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​បំភ្លៃ​ការ​ពិត​ថា ​សម្តេច​បាន​សូក​លុយ​ទៅ​ ធី សុវណ្ណថា ​មួយ​លាន​ដុល្លារ»។​

កញ្ញា ធី សុវណ្ណថា​ ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​និង​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​ ​បាន​ចេញ​មុខ​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។​ ក្រោយ​មក​បាន​ផ្តាច់​ចេញ​ពី​គណបក្ស​ប្រឆាំង​បន្ទាប់​ពី​សង្ស័យ​ថា​កញ្ញា​មក​ក្នុង​នាម​ជា​អ្នក​យក​ការណ៍​ឲ្យ​គណបក្ស​គ្រប់​គ្រង​អំណាច។​

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវកិច្ច​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា ​ការ​ចោទ​ប្រកាន់​រឿង​អំពើ​ពុក​រលួយ​ជា​តួនាទី​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ការ​ស៊ើប​អង្កេត​ថា ​តើ​លោក​ ហ៊ុន សែន​ បាន​ផ្តល់​លុយ​ចំនួន​១​លាន​ដុល្លារ​ដល់​ ធី សុវណ្ណថា​ដូច​មាន​ការ​ចោទ​ប្រកាន់​ដែរ​ឬយ៉ាង​ណា។​

លោក​ មាស នី​ បាន​បញ្ជាក់​ប្រាប់ VOA ​ថា ​លោក​មិន​រំពឹង​ថា​លោក​ សម រង្ស៊ី​ នឹង​ទទួល​បាន​យុត្តិធម៌​តាម​ផ្លួវ​ច្បាប់​ទេ ​ដោយ​សារ​តុលាការ​ខ្វះ​ឯករាជ្យភាពរបស់​ខ្លួន។​

លោក​បញ្ជាក់​ថា៖

«ការ​ប្តឹង​ផ្តល់​រវាង​អ្នក​ដឹកនាំ​ទាំង​ពីរ​នេះ​ វា​ទៅ​ជា​រឿង​កំប្លែង​ហើយ។ អ្នក​ស្រុក​គេ​យក​មក​និយាយ​គ្រប់​តែ​គ្នា។ វា​អត់​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ»។​

លោក​ ឱម យិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បានទេ​នៅ​ថ្ងៃ​នេះ។​

បន្ទាប់​ពី​ជំហរ​ផ្ទុយ​គ្នា​រវាង​គណបក្ស​សង្គ្រោះជាតិ​ និង​គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ពី​ការ​បែក​បាក់​គ្នា​រួច​មក​ លោក​ សម រង្ស៊ី​ បាន​ជាប់​រឿង​ក្តី​ក្តាំ​ចំនួន​បី​ករណី​ហើយ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ ដែល​កាន់​អំណាច​អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​ក្នុង​ប្រទេស​កម្ពុជា។​

បណ្តឹង​ទាំង​នោះ​រួម​មាន «បរិហារ​កេរ្តិ៍​លោក​ ហ៊ុន សែន​ ពាក់​ព័ន្ធ​នឹង​ការ​ទិញ​ចំនួន​ like លើ​គេហទំព័រ​ហ្វេសប៊ុក​ បរិហារ​កេរ្តិ៍​លោក​ ​ហ៊ុន សែន ​ថា​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត​ ​កែម ឡី​ និង​ បរិហារកេរ្តិ៍ លោក​ ហ៊ុន សែន​ ទាក់​ទិន​នឹង​ការ​ផ្តល់​សំណូក​ចំនួន​១​លាន​ដុល្លារ​ដល់​ ធី​ សុវណ្ណថា»៕

XS
SM
MD
LG