ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​រដ្ឋាភិបាល​ពិនិត្យ​ការងារ​មន្ត្រី​អាជ្ញាធរ​អប្សរា


រូបឯកសារ៖ លោក​សុន ឆ័យ អ្នក​តំណាងរាស្រ្តជាន់ខ្ពស់​នៃ​គណបក្ស​សង្រ្គោះជាតិ​​ថ្លែង​ទៅកាន់​សារព័ត៌មាន​ និង​អ្នក​គាំទ្រ​បក្ស​សង្រ្គោះជាតិ​នៅ​ទីស្នាក់ការ​គណបក្ស​សង្រ្គោះជាតិ​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៦។ (ឡេង ឡែន/VOA)

អនុប្រធាន​គណៈកម្មការ​សេដ្ឋ​កិច្ច​នៃ​រដ្ឋសភា​ លោក​ សុន ឆ័យ​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ប្រាប់​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ ថា​ មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា​ ដែល​មាន​តួនាទី​ការពារ​សំណង់​បុរាណ​ក្នុង​សួនឧទ្យាន​ប្រាង្គ​ប្រាសាទ​អង្គរ​ក្នុង​ខេត្ត​សៀមរាប មាន​លក្ខណៈ​ស្មុគស្មាញ ទាក់​ទិន​នឹង​ការ​ប្រើ​ប្រាស់​ថវិកា​រដ្ឋ ​មិនបាន​ត្រឹមត្រូវ​ និង​បាន​បង្ក​ផល​វិបាក​នានា​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​នោះ។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សុន ឆ័យ ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​អ្នក​ស្រី​ ភឿង​ សកុណា​ ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃ​សកម្មភាព​ការងារ​របស់​មន្ត្រី​អាជ្ញាធរ​អប្សរា​ ក្នុង​ការ​រុះរើ​សំណង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ ក្នុង​តំបន់​ជុំវិញ​សំណង់​បុរាណ​នៅ​ខេត្ត​សៀម​រាប​ និង​ការ​ប្រើ​ប្រាស់​ថវិកា​រាប់​សិប​លាន​ដុល្លារ​ដោយ​គ្មាន​តម្លា​ភាព​ ដោយសារ​ស្ពាន​បុរាណ​ និង​ប្រាសាទ​តូចៗ​មួយ​ចំនួន មិន​បាន​ទទួល​ការ​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ។

លិខិត​របស់​លោក​ សុន ឆ័យ​ ក៏បាន​ចោទប្រកាន់​មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា​ អំពី​ការ​ឃុបឃិត​គ្នា​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​របស់​លោក​ សុខ គង់​ ក្នុង​តម្លៃ​ថោក។ លិខិត​របស់​លោក​ សុន ឆ័យ​ ចុះ​ថ្ងៃ​ទី​ ២១​ ខែ​មេសា​ បាន​បញ្ជាក់​ថា៖

«អាជ្ញាធរ​អប្សរា​ បាន​កំណត់​តំបន់​ជុំវិញ​សំណង់​បុរាណ​ តាម​លំដាប់​ផ្សេងៗ​រួមមាន​តំបន់​ដែល​ហាម​ឃាត់​មិន​ឲ្យ​មានការ​សាង​សង់​សំណង់​ និង​តំបន់​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​សំណង់​ ប៉ុន្តែ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង មន្ត្រី​របស់​អាជ្ញាធរ​អប្សរា​មួយ​ចំនួន​បាន​ប្រើ​ប្រាស់​អំណាច​បំពាន​ក្នុង​ការ​ជំរិត​ទារ​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដោយ​ខុសច្បាប់ តាម​រយៈ​ការ​ចុះ​រុះរើ​សំណង់​បន្តិច​បន្តួច​របស់​ប្រជាពលរដ្ឋ​មាន​ដូច​ជា​ ទ្រុង​មាន់​ បង្គន់ ឬ​របង​ជាដើម បើ​ទោះបី​ជា​ប្រជា​ពលរដ្ឋ​បាន​ធ្វើការ​ស្នើ​សុំ​ត្រឹម​ត្រូវ​តាមរយៈ​អាជ្ញាធរ​មូលដ្ឋាន​ហើយ​ក៏​ដោយ»។

លិខិត​នោះ​បាន​បន្ត​ថា​ ចំពោះ​តំបន់​ដែល​មិន​អនុញ្ញាត​ឲ្យ​សាង​សង់​វិញ ក្រុម​មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា​បែរ​ជា​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ជា​សំណង់​បេតុង​តូច​ធំ​ព្រោងព្រាត។

អ្នកស្រី​ ចៅ ស៊ុនកិរិយា​ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រាប់​ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ កិច្ចការ​ថែទាំ​ និង​ជួស​ជុល​សំណង់​បុរាណ​ តម្រូវ​ឲ្យ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​ប្រើ​ពេលវេលា​សម្រាប់​កែ​លម្អ​សំណង់​បុរាណ​ក្នុង​តំបន់​អង្គរ​ ដែល​ជា​សម្បត្តិ​វប្បធម៌​របស់​ពិភពលោក។

«ពួក​ខ្ញុំ​ដែល​ស្រឡាញ់​បេតិកភណ្ឌ​ បាន​ធ្វើ​នៅ​ហ្នឹង​គ្មាន​អ្នកណាមួយ​មិន​ឈឺ​ចិត្ត​ ដែល​ឃើញ​ប្រាសាទ​បាក់​បែក​ទេ។ គាត់​និយាយ​អញ្ចឹង​ដូច​វា​ស្រួល​ពេក​ហើយ»។

អ្នកស្រី​បាន​ការពារ​អាជ្ញាធរ​អប្សរា​ថា​ មន្ត្រី​នៃ​អាជ្ញាធរ​នេះ​ មិន​បាន​ចេញ​លិខិត​ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​សាង​សង់​ក្នុង​តំបន់​ការពារ​ និង​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​នោះ​ទេ ហើយ​ស្នើ​ឲ្យ​លោក ​សុន ឆ័យ ​ចុះ​ពិនិត្យ​លើ​ការ​អនុវត្ត​ការងារ​របស់​អាជ្ញាធរ​ភូមិ​ឃុំ។

«អា​ហ្នឹង​បើ​គាត់​ចង់​ចោទ ទាល់​តែ​គាត់​ទៅ​មើល​ អាជ្ញាធរ​មូលដ្ឋាន​អី​ហ្នឹង​ដោយសារ អប្សរា​អត់​មាន​ចេញ​លិខិត​សាងសង់​នៅ​ក្នុង​តំបន់​ខ្លួនឯង​ អត់​មាន​ទេ​ តំបន់​ការពារ​នេះ​ គឺ​អត់​ទេ»។

លិខិត​របស់​លោក ​សុន ឆ័យ​ តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​មណ្ឌល​រាជធានី​ភ្នំពេញ​ បាន​បន្ត​ទៀត​ថា​ អាជ្ញាធរ​អប្សរា​ ទទួល​បាន​ចំណូល​ពី​ដី​ដែល​បាន​រឹបអូស​ដោយ​ខុស​ច្បាប់​ពី​ប្រជាពល​រដ្ឋ​ ហើយ​យក​ទៅ​ជួល​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ ក្នុង​នោះ​មាន​ដី​ចំនួន​២៣​ ហិកតា ដែល​ជួល ឲ្យ​ក្រុម​ហ៊ុន​របស់​លោក​ សុខ​ គង់ ក្នុង​តម្លៃ​ ៩,៦៦​ លាន​ដុល្លារ​ សម្រាប់​រយៈ​ពេល​៩៩​ឆ្នាំ។

លិខិត​នោះ​បន្ត​ថា​ ទោះបី​ជា​មាន​ការ​ឃុបឃិត​ជួល​ដី​ក្នុង​តម្លៃ​យ៉ាង​ថោក​ដែល​ចម្លែក​យ៉ាង​នេះ​ក៏ដោយ តាម​របាយការណ៍​ អាជ្ញាធរ​នេះ​ ​ទទួល​ប្រាក់​ចំនួន​ប្រមាណ​ ២​លាន​ដុល្លារ​ប៉ុណ្ណោះ សម្រាប់​បង់​ចូល​ថវិកាជាតិ។

អ្នកស្រី​ ចៅ ស៊ុនកិរិយា អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ច្រានចោល​ការ​ចោទប្រកាន់​នេះ​ ដោយ​អ្នកស្រី​លើកឡើង​ថា​ ដី​ដែល​ជួល​នេះ​ មិន​មែន​ជា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ គឺ​ជា​ដី​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។

លោក​ សុន ឆ័យ​ អនុ​ប្រធានគណៈកម្មការ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​នៅ​សភា​ជាតិ​ បាន​ប្រាប់​ VOA ថា​ ភាព​មិន​ប្រក្រតី​នានា​នៅ​ក្នុង​ការ​បំពេញភារកិច្ច​របស់​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​កើត​ឡើង​ តាំង​ពី​អាជ្ញាធរ​ជាតិ​នេះ​ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​លោក​ សុខ អាន។

លោក​មាន​ប្រសាសន៍​ថា​ លិខិត​របស់​លោក​ មាន​បំណង​សុំ​ឲ្យ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ កែ​ប្រែ​ចំណុច​ដែល​បំផ្លាញ​ប្រយោជន៍​ជាតិ​ទាំង​អស់​នេះ។

«ក្នុង​លិខិត​ហ្នឹង​យើង​បាន​បញ្ជាក់​អំពី​ទម្លាប់​អាក្រក់​ដែល​អាជ្ញាធរ​អប្សរា​ បាន​ប្រព្រឹត្ត​ ហើយ​សុំ​ឲ្យ​លោក​ជំទាវ​ ទី​មួយ​គឺ​ស្រាវជ្រាវ​រក​សកម្មភាព​អាក្រក់​ទាំងនោះ​ និង​ដោះស្រាយ​បញ្ហា​នោះ​កុំឲ្យ​មាន​តទៅទៀត​ ហើយ​និង​សុំ​ឲ្យ​ក្រសួង​វប្បធម៌​ហ្នឹង​គឺថា​សម្រួល​ការងារ​ កុំឲ្យ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​របៀប​ ដែល​អាជ្ញាធរ​អប្សរា​ហ្នឹង​ធ្លាប់​បាន​ធ្វើ»។

លោក សុន ឆ័យ​ បាន​ឲ្យដឹង​បន្ថែម​ថា​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ មាន​ពេល​មួយ​សប្ដាហ៍​ដើម្បី​ឆ្លើយ​តប​ជា​លាយលក្ខណ៍​អក្សរ​ ទៅតាម​នីតិវិធី​ដំបូង​របស់​គណៈកម្មការ​ជំនាញ​នៅ​សភា។ លោក​ថា​ ការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​មក​សួរនាំ​ អាច​ជា​នីតិវិធី​បន្ទាប់​ទៀត។

អ្នក​ស្រី ​ភឿង សកុណា​ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ និង​ជា​ប្រធាន​ថ្មី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បញ្ជាក់​ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រសួង​វប្បធម៌ ​បាន​ទទួល​លិខិត​របស់​តំណាង​រាស្ត្រ​លោក​ សុន ឆ័យ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

អ្នកស្រី​មាន​ប្រសាសន៍ថា ក្រុម​មន្ត្រី​អាជ្ញាធរ​អប្សរា នឹង​ទៅ​ពិនិត្យ​បញ្ហា​ដែល​បាន​លើកឡើង​ដោយ​លោក​ សុន ឆ័យ។ អ្នកស្រី​បន្ថែម​ថា​ ក្រសួង​វប្បធម៌​ នឹង​ធ្វើ​ការ​ឆ្លើយ​តប​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

«គាត់​មាន​សិទ្ធិ​សាកសួរ​ ប៉ុន្តែ​យើង​នឹង​ឆ្លើយ​ឲ្យ​បាន​លឿន​បំផុត។ ខ្ញុំ​មិន​ឲ្យ​ពួកគាត់​បារម្ភ​ទេ»។

ក្រោយ​ពេល​លោក​ សុខ អាន​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ទទួល​មរណភាព​កាល​ពី​ខែ​មីនា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្រេច​ដាក់​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ព្រះ​វិហារ ឲ្យ​នៅ​ក្រោម​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​វិញ។

អាជ្ញាធរ​ជាតិ​អប្សរា​ មាន​បេសកកម្ម​ចម្បង​ជាច្រើន​ដែល​រួមមាន​ ធានា​កិច្ច​ការពារ ការ​អភិរក្ស និង​ការ​លើក​តម្លៃ​សម្បត្តិ​វប្បធម៌​ធម្មជាតិ​នៅ​ក្នុង​តំបន់​សៀមរាប​អង្គរ៕

XS
SM
MD
LG