ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេឃុំ​បក្ស​ប្រឆាំង ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់ពន្ធនាគារ​៥ឆ្នាំ ពី​បទ​សូកប៉ាន់​សាក្សី


A boy holds a paper lantern in remembrance of victims of the 1945 atomic bombing on a day commemorating the 74th anniversary of the bombing in Nagasaki, western Japan. (Kyodo)
A boy holds a paper lantern in remembrance of victims of the 1945 atomic bombing on a day commemorating the 74th anniversary of the bombing in Nagasaki, western Japan. (Kyodo)

​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ការ​លើក​លែង​ទោស​ដោយ​ព្រះមហាក្សត្រ​ដល់​លោក​ កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តុលាការ​ក្រុង​ភ្នំពេញ​ បាន​កាត់​ទោស​លោក​មេឃុំ​នៃ​​គណបក្សប្រឆាំង​មួយ​រូប​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ប្រាំ​ឆ្នាំ​ ពាក់​ព័ន្ធ​នឹង​សំណុំរឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​លោក​ កឹម សុខា។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​សម្រេច​កាត់​ទោស​ លោក​ ស៊ាង​ ចែត​ មេឃុំ​នៃ​គណបក្ស​ប្រឆាំង​ នៅ​ខេត្ត​កំពង់​ចាម​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ ៥​ឆ្នាំ​ ពី​បទ​សូក​ប៉ាន់​សាក្សី​ ក្នុង​សំណុំ​រឿង​អាស្រូវ​ស្នេហា​លួចលាក់​របស់​លោក ​កឹម សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ជាមួយ​អតីត​នារី​កាត់​សក់​ម្នាក់​ឈ្មោះ​នាង ខុម​ ចាន់​តារ៉ា​ទី​ ហៅ​ស្រី​មុំ។​

​លោក​ ស៊ាង​ ចែត​មេឃុំ​ស្រក​ ស្រុក​កំពង់សៀម​ ខេត្ត​កំពង់​ចាម ដែល​ជា​មេឃុំ​មក​ពី​គណបក្ស​ សម រង្ស៊ី​ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ កាល​ពី​ខែ​មេសា​ តាម​ចម្លើយ​របស់​នាង​ ខុម​ ចាន់​តារ៉ា​ទី ដែល​អះអាង​ថា​ លោក​មេឃុំ​បាន​ឲ្យ​លុយ​ម្ដាយ​នាង​ចំនួន​ ៥០០​ដុល្លារ​ ដើម្បី​កុំ​ឲ្យ​នាង​និយាយ​ប៉ះពាល់​កិត្តិ​យស​របស់​លោក​ កឹម សុខា។​

លោក​ សំ សុខគង់​ មេធាវី​ការ​ពារ​ក្ដី​ លោក​ ស៊ាង​ ចែត ចាត់​ទុក​ថា​ ការ​កាត់​ទោស​នេះ​ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ហើយ​ថា​ ក្រុម​មេធាវី​ នឹង​ពិនិត្យ​លើ​កិច្ច​ការ​ផ្នែក​ច្បាប់​បន្ថែម​ ដើម្បី​ជួយ​ដល់​កូន​ក្តី​ ដែល​ក្រុម​មេធាវី​យល់​ថា​ មិន​បាន​ប្រព្រឹត្ត​បទល្មើស​ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។​

«ការ​ផ្ដន្ទា​ទោស​ ប្រាំ​ឆ្នាំ​នេះ​ ឃើញ​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ ហើយ​និង​មិន​អាច​ទទួល​យក​បាន​ទេ​ ទាំង​កូន​ក្ដី​ ទាំង​មេធាវី​ហ្នឹង។ ហើយ​កូន​ក្ដី​ ហើយ​និង​មេធាវី​ នឹង​ជួប​ពិភាក្សា​ និង​ពិគ្រោះ​អំពី​បញ្ហា​ផ្លូវ​ច្បាប់​ ក៏​ដូច​ជា​សិទ្ធិ​ហ្នឹង​ ចំពោះ​ពេលវេលា​ហ្នឹង​ ឬក៏​សិទ្ធិ​ក្នុង​ការ​ប្ដឹង​ឧទ្ធរណ៍​ ចំពោះ​សាលក្រម​ហ្នឹង»។​ ​

​ការ​កាត់​ទោស​លោក​ ស៊ាង​ ចែត​ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​លោក​ កឹម សុខា​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​ ទទួល​បាន​ការ​ព្រះរាជ​ទានលើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ខ្មែរតាមការ​ស្នើ​សុំ​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន។

លោក​ លី​ សុផាណា​ អ្នក​នាំ​ពាក្យ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ​ បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ។​

អ្នក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ថ្លែង​ថា​ លោក​ ស៊ាង​ ចែត​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ នឹង​អាច​ទទួល​បាន​ការ​ដោះលែង​តាម​ការ​ចរចា​ផ្នែក​នយោបាយ​ នៅ ក្រោយ​ពេល​ដែល​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហមុនី ​ បាន​ព្រះរាជ​ទាន​លើក​លែងទោស​ដល់​លោក​ កឹម សុខា​ កាល​ពី​ថ្ងៃ​ទី​២ ធ្នូ​កន្លង​ទៅ​នេះ។

លោក អំ សំអាត​ ប្រធាន​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​ VOA​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ តុលាការ​ត្រូវ​បំពេញ​ និង​បញ្ចប់​នីតិ​វិធី​ ដោយ​ការ​សម្រេច​កាត់ទោស​ លោក​ ស៊ាង​ ចែត។

លោក​បន្ថែម​ថា​ លោក ​ស៊ាង ចែត​ អាច​នឹង​ទទួល​បាន​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ នៅ​ពេល​មាន​ការ​ចរចា​នយោបាយ​រវាង​គណបក្ស​ប្រឆាំង​ និង​គណបក្ស​គ្រប់​គ្រង​ប្រទេស​នោះ។

«ទោះ​យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​គិត​ថា​ វា​សញ្ញាណ​មួយ​ល្អ​ ដែល​សង្គម​ស៊ីវិល​យើង​មើល​ឃើញ​គឺ​ សញ្ញាណ​វិជ្ជមាន​មួយ​នៃ​ការ​លើក​លែង​ទោស​ទៅដល់​ឯក​ឧត្ដម​ កឹម​ សុខា​នោះ​ណា៎។​ អញ្ចឹង​ខ្ញុំ​សង្ឃឹម​ថា​ ដំណើរ​ការ​ត​ទៅ​ទៀត អ្នកនយោបាយ​ទាំង​អស់​ហ្នឹង​ គេ​អាច​នឹង​ចរចា​គ្នា​ផ្នែក​នយោបាយ​ ហើយ​លោក​ ស៊ាង​ ចែត ​នឹង​អាច​ត្រូវ​បាន​លើក​លែង​ទោស​ផង​ដែរ​ មើល​ទៅ​បាទ»។

​ក្នុង​សំណុំ​រឿង​ស្នេហា​លួច​លាក់​របស់​លោក​ កឹម​ សុខា ដដែល​នេះ​ មាន​មន្ត្រី​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​បួន​រូប​រួម​មាន​អ្នក​ស្រី​ លឹម​ មុនី​ លោក​ យី សុខ​សាន្ត​ លោក ​នី សុខា​ លោក​ ណៃ​ វ៉ង់ដា​ និង​លោក នី​ ចរិយា អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប) បាន​បន្ត​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ។

តុលា​ការ​កំពូល​កាល​ពី​សប្ដាហ៍​មុន​ បាន​សម្រេច​ច្រាន​ចោល​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ។​

ភ្លាមៗ​ក្រោយ​ការ​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ លោក​ Brad Adams ​នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ Human Rights Watch ​ដែល​បាន​ស្នើ​សុំ​ឲ្យ​មានការ​ដោះលែង​ជន​ទាំង​៥នាក់​នេះ​ បាន​ចាត់​ទុក​ថា​ការ​កាត់​ទោស​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​ជា​ការ​គំរាមកំហែង​សិទ្ធិ​នយោបាយ​និង​កៀប​សង្កត់​កិច្ច​ការ​សិទ្ធិមនុស្ស៕

XS
SM
MD
LG