\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សកម្មជន៖ ​ពលករ​ចំណាកស្រុក​តែ១០ភាគរយ​ប៉ុណ្ណោះបានចុះឈ្មោះបោះឆ្នោត

  • ម៉ែន គឹមសេង

លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់​ ជា​វាគ្មិន​មួយ​រូប​ក្នុង​ការ​ពិភាក្សា​អំពី​ប្រធានបទ «ឧបសគ្គក្នុងការចុះឈ្មោះបោះឆ្នោតរបស់ពលករចំណាកស្រុក» នៅ​ក្នុង​កម្មវិធី Hello VOA សម្របសម្រួល​ដោយ លោក ម៉ែន គឹមសេង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

លោក ឌី ថេហូយ៉ា មន្ត្រីកម្មវិធីការពារសិទ្ធិពលករចំណាកស្រុកនៃអង្គការសង់ត្រាល់​ ជា​វាគ្មិន​មួយ​រូប​ក្នុង​ការ​ពិភាក្សា​អំពី​ប្រធានបទ «ឧបសគ្គក្នុងការចុះឈ្មោះបោះឆ្នោតរបស់ពលករចំណាកស្រុក» នៅ​ក្នុង​កម្មវិធី Hello VOA សម្របសម្រួល​ដោយ លោក ម៉ែន គឹមសេង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គជប) ​បាន​ចាប់ផ្តើម​​ចុះឈ្មោះ​អ្នកបោះឆ្នោត​តាំងពីថ្ងៃ​ទី​១ខែ​កញ្ញា​ហើយ​នឹង​បញ្ចប់​នៅថ្ងៃទី​២៩​ ខែវិច្ឆិកា​នេះ។

ក្នុង​ពេល​ដែល​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ត្រូវ​បិទ​បញ្ចប់​តែ​ក្នុងរយៈ​ពេល​ប្រាំថ្ងៃ​ទៀត សកម្មជន​សិទ្ធិមនុស្សមើល​ឃើញ​ថា​ពលករ​ចំណាក​ស្រុក​បាន​ប្រឈម​មុខ​នឹង​ការលំបាក​ជាច្រើន​ក្នុង​ការ​វិល​ត្រឡប់​មក​ចុះឈ្មោះ។

លោក​ ឌី ថេហូយ៉ា​មន្ត្រី​កម្មវិធី​ការពារ​សិទ្ធិពលករ​ចំណាកស្រុក​នៃ​អង្គការ​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិមនុស្ស​ ហៅកាត់​ថា​សង់ត្រាល់​បាន​វាយតម្លៃ​ថា​មាន​ពលករ​តែ​១០​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ជាង​មួយ​លាន​នាក់​ដែល​កំពុង​ធ្វើការ​នៅប្រទេស​ថៃបាន​ចុះឈ្មោះ​។

លោក​បាន​លើកឡើង​ក្នុង​កម្មវិធី​ Hello VOA ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា៖

«យើង​មាន​ការព្រួយបារម្ភ​ចំពោះ​ការ​ដែល​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ជាម្ចាស់​វាសនា​ប្រទេស​ជាតិ​ដែល​លោក​ខកខាន​មិនមាន​ឱកាស​ក្នុង​ការចុះ​ឈ្មោះ​បោះឆ្នោត​ដោយ​ហេតុផល​ច្រើន​យ៉ាង‍»។


ក្នុង​ចំណោម​ហេតុផល​ទាំង​នោះ​លោក​ថេហូយ៉ា​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​សំណើផ្លូវការ​ណា​មួយ​ជាមួយ​នឹង​ភាគី​ថៃ​ដើម្បី​អនុញ្ញាត​ឱ្យ​ពលករ​មាន​ឱកាស​ផ្លាស់​វេន​ដើម្បី​វិល​ត្រឡប់​ចូលមក​ប្រទេស​វិញ​មក​ចុះ​ឈ្មោះ​ទេ។ ទន្ទឹមគ្នា​នោះ​ដែរ​ក៏​មិន​មាន​ការរៀបចំ​ជា​យន្តការ​ត្រឹមត្រូវ​ដើម្បី​សម្រួល​ឱ្យ​ពួកគាត់​មក​ចុះ​ឈ្មោះ​ទេ។

លោក​ឌី ថេហូយ៉ា​បាន​បន្ថែម​ថា៖

«ខ្ញុំ​មើល​ឃើញ​ថា​វាជា​រឿង​មួយ​ដែល​យើង​អត់​បាន​រៀបចំ​ផែនការ​ជាក់លាក់​ច្បាស់​លាស់​ដើម្បី​ឱ្យ​ពលករ​ទទួល​បាន​ការចុះឈ្មោះ​បោះឆ្នោត‍»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គជប) ​បាន​ចាប់ផ្តើមចុះឈ្មោះ​អ្នកបោះឆ្នោត​តាំងពីថ្ងៃ​ទី​១ខែ​កញ្ញា​ហើយ​នឹង​បញ្ចប់​នៅថ្ងៃទី​២៩​ ខែវិច្ឆិកា​នេះ។

លោក​ឆាយ សឺត ​ពលករ​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់​ក្នុង​ខេត្ត​ឈុនបូរី ​ប្រទេស​ថៃ​បាន​បញ្ជាក់​ថា​លោក​តែងតែ​ជួយ​បំផុស​ឱ្យ​ពលករ​ក្នុង​រោងចក្រ​របស់​លោក​មក​ចុះឈ្មោះ​នៅចុង​សប្តាហ៍​ប៉ុន្តែ​ជួប​ការលំបាក​ជាច្រើន។​
លោកឆាយ សឺត​លើកឡើង​ថា​នៅ​ពេល​ដំបូងៗ​មាន​ការចុះ​ឈ្មោះ​ឱ្យ​ដោយងាយ​ស្រួល​ប៉ុន្តែ​ក្នុង​រយៈពេល​ក្រោយ​មក​ដោយ​អាជ្ញាធរ​ដឹង​ថា​មាន​ពលករ​មកចុះឈ្មោះច្រើន​ពេក​ក៏​មិន​អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​ដោយ​លើក​ហេតុផល​ថា​ពួកគេ​មិន​មាន​ទីលំនៅ​នៅ​តំបន់​នោះ​ទេ។ ​

ក៏​មាន​ការ​ចាប់​ឃាត់​ពួកគេ​តាម​ច្រក​ព្រំដែន​ដើម្បី​វាយត្រា​ចេញ​ចូល​តាម​ផ្លូវ​ច្បាប់​ដោយ​តម្រូវ​ឱ្យ​បង់​ប្រាក់​ជាច្រើន។ នេះ​បើ​តាម​ការលើក​ឡើង​របស់​លោក​ឆាយ សឺត។

លោក​បាន​បន្ថែម​ទៀតថា៖ ​

«នេះ​គឺជា​បញ្ហា​ចម្បង​ដែល​ឃើញ​ថា​ពេល​ដែល​គាត់​ធ្វើ​អីចឹង​ធ្វើ​ឱ្យ​បងប្អូន​យើង​មួយចំនួន​ដែល​គាត់​កំពុង​តែ​នឹង​រៀបចំ​ចុះ​ទៅគាត់​ខ្លាច​។ នេះ​ជា​បញ្ហាដែល​យើង​ជួបប្រទះ‍»។

លោកឆាយ សឺត​បន្ថែមថា​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា​ក្នុងចំណោម​ពលករ​ជាង​៣០០០នាក់​នៅក្នុង​រោងចក្រ​របស់​លោក​គឺ​មានតែ​ជាង​៧០០នាក់​ប៉ុណ្ណោះបាន​មក​ចុះឈ្មោះបោះឆ្នោត​ក្នុង​បញ្ជីថ្មី។

ពលករ​ម្នាក់​ឈ្មោះ​ឈួន ឆេង ​បាន​ចំណាយ​ពេល​ដល់​ទៅបីលើក​ទម្រាំ​ចុះ​ឈ្មោះ​បាន។

លោក​ឈួន ឆេង​ដែល​មានលំនៅ​អចិន្ត្រៃយ៍​នៅ​ក្នុង​ខេត្ត​កំពង់ធំ​បាន​ព្យាយាម​ចុះឈ្មោះ​នៅ​ខេត្ត​បន្ទាយ​មានជ័យ​និង​បាត់​ដំបង។ លោក​បានបន្ថែម​ទៀត​ថា​ក្នុង​ពីរ​លើក​ដំបូង​គឺ​អាជ្ញាធរ​មិន​ព្រម​ចុះឱ្យ​ទេ​ប៉ុន្តែ​ការព្យាយាម​លើក​ទីបី​នៅខេត្ត​ប៉ៃលិន​ទើប​អាច​ចុះ​ឈ្មោះ​បាន។

លោក​បន្ថែម​ថា៖​

«ច្រើន​តែ​មាន​ការរារាំង​ពី​អាជ្ញាធរ​មេភូមិ​មេឃុំ​គាត់​មិន​ព្រម​ឱ្យ​យើង​ចុះ​ទេ​ព្រោះ​គាត់​ថា​យើង​មិនមែន​ជា​អ្នក​នៅ​អចិន្ត្រៃយ៍​នៅ​ហ្នឹង​ហើយ​យើង​មិនមែន​អ្នកស្រុកភូមិ​នៅហ្នឹង​គាត់​អត់​ព្រម​គឺគាត់​ចេញ​ក្រដាស​បដិសេធ​ចោល​តែ​ម្តង‍»។

លោក​ក៏ធ្លាប់​ត្រូវ​មន្ត្រីប៉ូលិស​ច្រកព្រំដែន​ចាប់ឃាត់​ដក​យកលិខិត​ឆ្លងដែន​ដើម្បី​វាយ​ត្រា​ចេញ​ចូល​និង​ទារប្រាក់​ចំនួន​១០០០​បាត​ផង​ដែរ។

តួលេខ​ចុងក្រោយ​បង្ហាញ​ថា​មាន​ពលរដ្ឋ​ចំនួន​ ជាង​៧,៤​លាន​នាក់​បាន​ចុះ​ឈ្មោះ​រួច​ហើយ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះឆ្នោត​ចំនួន​៩,៦លាន​នាក់៕

XS
SM
MD
LG