ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump អាច​នឹង​គ្រប់គ្រង​សភា​និង​ព្រឹទ្ធសភា​ជាតិ​ដោយសារ​មាន​សមាជិក​ភាគច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ​របស់​លោក


លោក Donald Trump បក់​ដៃ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​នៅ​ពេល​រៀប​ថ្លែង​សុន្ទរកថា​ទទួល​យក​លទ្ធផល​បោះឆ្នោត​របស់​លោក​ កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump នឹង​មាន​សមាជិក​គណបក្ស​សាធារណរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​សភា​ទាំង​ពីរ​ នៅ​ពេល​ដែល​លោក​ចូល​កាន់​តំណែង​នៅ​ខែ​មករា​ខាង​មុខ ដែល​នេះ​បង្កើន​ឱកាស​ក្នុង​ការ​អនុម័ត​របៀប​វារៈ​ធំៗ​របស់​លោក។

អ្នក​វិភាគ​ថវិកា​សហព័ន្ធ​និង​អ្នក​អង្កេតការណ៍​នយោបាយ​លោក Stan Collender បាន​ថ្លែង​ថា៖ «ភាព​ទាល់​ច្រក​និង​ការ​ជាប់​គាំង​នយោបាយ​រវាង​ប្រធានាធិបតី​ដែល​មក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​សភា​ដែល​កាន់​កាប់​ដោយ​គណបក្ស​សាធារណរដ្ឋ​នោះ​ប្រហែល​ជា​មិន​កើត​មាន​ឡើង​នៅ​ឆ្នាំ​ក្រោយ​នោះ​ទេ នៅ​ពេល​ដែល​លោក Trump ធ្វើ​ជា​ប្រធានាធិបតី‍។ មាន​របៀប​វារៈ​ជា​ច្រើន​តាំង​ពី​ការ​ធ្វើ​កំណែ​ទម្រង់​ប្រាក់​ពន្ធ​ និង​ការ​កាត់​ចំណូល​ពន្ធ​មួយ​ចំនួន​ធំ​ដើម្បី​ចំណាយ​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​ដែល​អាច​នឹង​ទទួល​បាន​ការ​ព្រមព្រៀង​ពី​សភា​យ៉ាង​ឆាប់​រហ័ស»។

ក្រុម​គណបក្ស​សាធារណរដ្ឋ​ច្បាស់​ថា​នឹង​ទទួល​បាន​យ៉ាង​ហោច​ណាស់​៥១អាសនៈ ហើយ​ប្រហែល​អាច​ទទួល​បាន​រហូត​ដល់​ទៅ​ ៥៣អាសនៈ នៅ​ក្នុង​ព្រឹទ្ធសភា​ដែល​មាន​សមាជិក ១០០នាក់​ ហើយ​យ៉ាង​ហោច​ណាស់​ទទួល​បាន​សំឡេង​ភាគច្រើន​ចំនួន ៤១អាសនៈ នៅ​ក្នុង​សភា​ដែល​មាន​ ៤៣៥ អាសនៈ។ កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ ក្រុម​គណបក្ស​ប្រជាធិបតេយ្យ​ហាក់​ដូច​ជា​មាន​ការ​ជឿជាក់​ថា​ខ្លួន​នឹង​ឈ្នះ​នៅ​ក្នុង​ព្រឹទ្ធសភា​ ហើយ​គិត​ថា​ពួក​គេ​នឹង​មាន​ឱកាស​ឈ្នះ​ការ​ដណ្តើម​ការ​កាន់​កាប់​សភា​ទៀត​ផង៕

XS
SM
MD
LG