ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​អ្នក​ឃ្លាំមើល៖ រដ្ឋាភិបាល​​ងាក​ទៅ​ប្រើ​ច្បាប់​និង​តុលាការ​ដើម្បី​បំបិទ​មាត់​សំឡេង​ប្រឆាំង

  • សាយ មុន្នី

រូបឯកសារ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។

រូបឯកសារ៖ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​អ្នក​នាំ​ពាក្យ​របស់​គណរដ្ឋមន្ត្រី ពិភាក្សា​អំពី​បញ្ហា​ជុំវិញ​បរាជ័យ​របស់​អាស៊ាន​ក្នុងការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រម​ព្រៀង​លើ​ជម្លោះ​នៅ​សមុទ្រចិន​ខាង​ត្បូង ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២។

កម្ពុជា មាន​ស្ថានីយ​ទូរទស្សន៍​ជាង​២០ ​វិទ្យុ​ជាង​១០០ កាសែត​ជាង​៤០០ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​មួយ​ចំនួន​ទៀត។ នេះ​បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​ហ៊ាន​ទិតៀន​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​នោះ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

ខណៈ​ក្រុម​អ្នក​ជំនាញលើកឡើង​ថា ការ​ព្យាយាម​គ្រប់គ្រងប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​រដ្ឋាភិបាល​លែង​មាន​ប្រសិទ្ធភាព​ត​ទៅ​ទៀត​ហើយ​នោះ ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មើល​ឃើញ​ថា គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ងាក​ទៅ​ប្រើ​ប្រាស់​ច្បាប់​និង​ប្រព័ន្ធ​តុលាការវិញ​ម្ដង ដើម្បី​ផ្ដួល​គូ​បដិបក្ខ​នយោបាយ​និង​បំបិទមាត់​អ្នក​ទិតៀនខ្លួន។

អ្នក​វិភាគ​ខ្លះ ថែម​ទាំង​ព្រមាន​ថា រដ្ឋាភិបាល​ អាច​នឹង​ឈាន​ទៅ​ប្រើប្រាស់​មធ្យោបាយ​ថ្មី​នេះ ដើម្បី​បំបិទ​សំឡេង​ឯករាជ្យ​ថែម​ទៀត​នៅ​ពេល​ខាង​មុខ ដែល​ការណ៍​នេះ ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្លែងក្លាយ។

ក្រុម​អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើកឡើង​ថា ដោយសារ​តែ​ការ​វិវត្ត​ទៅ​មុខ​យ៉ាង​លឿន​នៃ​បច្ចេកវិទ្យា​ក្នុង​សម័យ​កាល​ថ្មី​នេះ ការ​ព្យាយាម​ដាក់​ឥទ្ធិពល​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ លែង​មាន​ប្រសិទ្ធភាព​តទៅទៀត​ហើយ។ ពួកគេ អះអាង​ថា ការណ៍​នេះ បាន​ញ៉ាំង​ឲ្យ​រដ្ឋាភិបាល ងាក​ទៅ​រក​មធ្យោបាយ​ថ្មី​មួយ គឺ​ការ​ប្រើប្រាស់​ច្បាប់​និង​ប្រព័ន្ធ​តុលាការ ដើម្បី​ព្យាយាម​ដាក់​សម្ពាធ​និង​បំបិទ​មាត់​ក្រុម​ប្រឆាំង​និង​អ្នក​រិះគន់​ខ្លួន។

លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ មាន​ប្រសាសន៍​នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​VOA ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​ប៉ុនប៉ង​ដាក់​ឥទ្ធិពល​របស់​រដ្ឋាភិបាល​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ហ៊ាន​ទិតៀន​រដ្ឋាភិបាលនោះ លែង​ទទួល​បាន​ផល​តទៅទៀត​ហើយ​នៅ​ក្នុង​សម័យ​កាល​ថ្មី​នេះ។

«សព្វថ្ងៃ​នេះ ដោយសារ​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា ផ្នែក​ឌីជីថល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ឬ Social Media ហ្នឹង គឺ​វា​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ជះ​ត្រឡប់​ទៅវិញ មាន​ន័យ​ថា វា​ទប់ទល់​ទៅ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​ដែល​គ្រប់គ្រង​ដោយ​អ្នក​មាន​ឥទ្ធិពល​នយោបាយ​ឬ​ឧកញ៉ា​ហ្នឹង​ទៅ​វិញ។ ដូច្នេះ វា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ថ្លឹងថ្លែង​រវាង​អត្ថបទ​ឬ​ព័ត៌មាន​ដែល​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​អ្នក​ជំនួញ​ធំៗ​ហ្នឹង ឬ​អ្នក​ដែល​មាន​ឥទ្ធិពល​នយោបាយ​ធំៗ​ហ្នឹង ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឬ​Social Media​ជាដើម​ហ្នឹង។ ប្រជាពលរដ្ឋ​ចាប់ផ្ដើម​មើល​ឃើញ​អ្វី​ដែល​ប្លែក»។

កម្ពុជា មាន​ស្ថានីយ​ទូរទស្សន៍​ជាង​២០ ​វិទ្យុ​ជាង​១០០ កាសែត​ជាង​៤០០ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​អ៊ីនធឺណិត​មួយ​ចំនួន​ទៀត។ នេះ​បើ​យោង​តាម​តួលេខ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​ហ៊ាន​ទិតៀន​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល​នោះ មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ។

មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​និង​អង្គការ​អ្នក​រាយការណ៍​គ្មាន​ព្រំដែន បាន​ធ្វើការសិក្សា​មួយ​រួម​គ្នា​កាល​ពី​ឆ្នាំ២០១៥ អំពី​នរណា​ជា​ម្ចាស់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ការ​សិក្សា​នេះ បាន​រក​ឃើញ​ថា ក្នុង​ចំណោម​ម្ចាស់​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន​២៧ ដែល​ត្រូវបាន​សិក្សា ១០​នាក់ មាន​ទំនាក់ទំនង​ខាង​នយោបាយ និង​៩​នាក់​គឺ​ជា​ឧកញ៉ា និង​ជា​អ្នកជំនួញ​ដែល​មាន​ចំណង​ទាក់ទង​ជាមួយ​អ្នក​នយោបាយ។

ម្ចាស់​ស្ថាប័ន​ទាំង​នេះ គ្រប់​ដណ្ដប់​ទីផ្សារ​ព័ត៌មាន​ភាគច្រើន​ ជាពិសេស​គឺ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​ដូចជា​វិទ្យុ​និង​ទូរទស្សន៍។ នេះ​បើ​យោង​តាម​ការ​សិក្សា​ដដែល។

ប៉ុន្តែ កាល​ពី​ឆ្នាំ​មុន ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជាពិសេសFacebookដែល​អ្នក​ជំនាញ​និយាយ​ថា​ពិបាក​គ្រប់គ្រង បាន​ក្លាយ​ជា​ប្រភព​ព័ត៌មាន​ទី​១ សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ទទួល​បាន​ព័ត៌មាន ដោយ​គ្មាន​ការ​រឹតត្បិត​ខ្លឹមសារ​ជាមុន ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ថ្មី​នេះ បាន​វ៉ា​ប្រព័ន្ធ​ផ្សព្វផ្សាយ ដូចជា​ទូរទស្សន៍ វិទ្យុ​និង​កាសែត​ជាដើម។

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និយាយ​ថា ការ​វិវត្ត​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ការ​ព្យាយាម​គ្រប់គ្រង​ឬ​ធ្វើ​ជា​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ជះឥទ្ធិពល​ឬ​បំបិទ​ព័ត៌មាន​ពិត​ណាមួយ លែង​មាន​ប្រសិទ្ធភាព​តទៅទៀត។

លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា មាន​ប្រសាសន៍​ថា អ្នក​អាន អ្នក​ស្ដាប់​ឬ​ទស្សនិកជន កាន់​តែ​មាន​ការ​យល់​ដឹង​ច្រើន​អំពី​ប្រភេទ​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន ដូច្នេះ សូម្បីតែ​ការ​ប៉ុនប៉ង​របស់​ក្រុមហ៊ុន​ឯកជន​ណាមួយ​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​គ្រាន់តែ​ឃោសនា​បម្រើ​ប្រយោជន៍​ក្រុមហ៊ុន​តែ​មួយ​មុខ​នោះ ក៏​លែង​មាន​ប្រសិទ្ធភាព​តទៅទៀត​ដែរ។

«អ្វី​ដែល​សំខាន់​នៅ​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​របស់​ប្រទេស​កម្ពុជា​យើង គឺ​នៅ​ត្រង់​ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​យើង​គឺ​ថា​មាន​កម្រិត​ខុស​ពី​មុន​ឆ្ងាយ។ ពលរដ្ឋ​លោក​ដឹង លោក​បាន​ចេះ​វាយតម្លៃ​អំពី​ស្ថានភាព​ អំពី​ព័ត៌មាន​របៀបណា ដែល​គាត់​អាច​ទទួល​យក​បាន អាច​ទុកចិត្ត​បាន។ នេះ​ជា​ការ​សំខាន់​ដែល​ម្ចាស់​ស្ថាប័ន​ព័ត៌មាន​ទាំង​អស់​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់។ ប្រសិន​បើ​មាន​ម្ចាស់​ស្ថាប័ន​ណាមួយ ដែល​គាត់​មាន​លុយ​ច្រើន ហើយ​គាត់​គិត​បង្កើត​ស្ថាប័ន​ព័ត៌មាន​ឡើង​ដើម្បី​តែ​ការពារ​ផលប្រយោជន៍​របស់​គាត់​តែ​មួយ​មុខ ហើយ​គាត់​អនុវត្ត​គោលដៅ​នោះ ខ្ញុំ​គិត​ថា​ ជា​ការ​យល់​ច្រឡំ​ហើយ​នៅ​ក្នុង​កាលៈទេសៈ​នេះ»។

ការ​ប្រើប្រាស់​ច្បាប់​ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង​និង​អ្នក​ទិតៀន

អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជាខ្លះ មើល​ឃើញ​ថា ដោយ​សារ​ការ​ដាក់​សម្ពាធ​ឬ​ឥទ្ធិពលទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន ​លែង​បាន​តទៅទៀត រដ្ឋាភិបាល​ បាន​ចាប់ផ្ដើមប្រើ​មធ្យោបាយ​ថ្មី​មួយ​គឺ​ការ​ប្រើ​ច្បាប់​និង​ប្រព័ន្ធ​តុលាការ​ ដើម្បី​បំបិទ​មាត់​ក្រុម​ប្រឆាំង និង​អ្នក​រិះគន់​ខ្លួន។

ចាប់តាំង​ពី​ឆ្នាំ​មុន រដ្ឋាភិបាលនិង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ ប្រឆាំង​នឹង​មេដឹកនាំ​និង​សមាជិក​ជាន់ខ្ពស់​ជាច្រើន​រូប​របស់​គណបក្ស​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង ក្រោម​បទ​ចោទប្រកាន់​ផ្សេងៗ រាប់​ចាប់​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ និង​ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ហើយនិង​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ហិង្សាជាដើម។

កាល​ពី​ខែ​មេសា​ឆ្នាំ​មុន លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ស្រុក​មួយ បាន​រង​ការ​ប្ដឹងផ្ដល់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ក្រោយ​ពី​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ បាន​ធ្វើ​អត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា គណបក្ស​កាន់អំណាច បាន​ប្រើប្រាស់​រឿង​អាស្រូវ​ផ្លូវ​ភេទ​ ដើម្បី​ដាក់​សម្ពាធ​លើ​គូប្រជែង​នយោបាយ​របស់​ខ្លួន។

បី​ខែ​ក្រោយ​មក អ្នក​ស្រាវជ្រាវ​សង្គម​និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ដ៏​លេចធ្លោ​ម្នាក់​ទៀត​គឺ​លោក កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​ចំ​កណ្ដាល​ទីក្រុង​ភ្នំពេញ។ ការ​ស៊ើបអង្កេត​ករណី​បាញ់សម្លាប់​នេះ នៅ​មិន​ទាន់​បាន​ស្រាយ​ចម្ងល់​អ្នក​តាមដាន​ស្ថានការណ៍​នេះ​នៅឡើយ​ទេ។

​រដ្ឋសភា​និង​ព្រឹទ្ធសភា​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​សំឡេងភាគច្រើន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ​កាល​ពី​ខែ​មុន ក៏​បាន​អនុម័ត​យ៉ាង​ប្រញាប់ប្រញាល់​នូវ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ បន្ទាប់​ពី​មាន​ការ​បញ្ជា​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ទៅ​កាន់​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក ឲ្យ​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ឆ្នាំ១៩៩៧​នេះ។

សំណើ​វិសោធនកម្ម​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​នេះ បាន​ញ៉ាំង​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ សម រង្ស៊ី ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ប្រកាស​លាលែង​ភ្លាមៗ​ពី​តំណែង​ជា​ប្រធាន​និង​សមាជិក​គណបក្ស​ប្រឆាំង​នេះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​មួយ​ចំនួន​ បាន​ហៅ​វិសោធនកម្ម​ច្បាប់​នេះ​ ថា​ធ្វើ​ឡើង​ដោយ​មាន​គោលដៅ​ទៅ​រំលាយ​គណបក្ស​ប្រឆាំង។

កាល​ពី​ពីរ​សប្ដាហ៍​មុន លោក គឹម សុខ ដែល​ជា​អតីត​គ្រូបង្រៀន​នៅ​តាម​មហាវិទ្យាល័យ​និង​ជា​អ្នកធ្វើអត្ថាធិប្បាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏​បាន​រង​បណ្ដឹង​ពី​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍ ​ក្រោយ​ពីលោក ហ៊ុន សែន បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ ដោយ​ចោទ​ប្រកាន់​ថា លោក គឹម សុខ ​បាន​អធិប្បាយ​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក​ កែម​ ឡី។

តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​លោក ​គឹម សុខ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ ក្រោម​បទ​ចោទ​ តាម​បណ្ដឹង​របស់​លោក ហ៊ុន សែន​នោះ លោក​បាន​ថ្លែង​ប្រាប់​ VOA យ៉ាង​ដូច្នេះ​ថា៖

«អាក្រក់​បំផុត​នៅ​ក្នុង​អាណត្តិ​នេះ​គឺ​ថា ការ​ប្រើ​ច្បាប់។ ការ​ទៅ​កែ​ច្បាប់​ដោយ​មិន​មាន​ការ​ពិភាក្សា​ឲ្យ​បាន​ត្រឹមត្រូវ​ជាមួយ​សមាជិក​សភា​គណបក្ស​ប្រឆាំង​អី​ហ្នឹង​ទេ។ ដូច្នេះ​ ការ​កែ​ច្បាប់​អី​អស់ហ្នឹង វា​ជា​របៀប​ផ្ដាច់ការ​កំពូល​សាហាវ​បំផុត​ហើយ ដែល​យើង​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​របស់​គេ»។

ប្រសិន​បើ​រក​ឃើញ​ថា​មាន​ទោស​មែន លោក គឹម សុខ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ និង​ត្រូវ​បង់​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ​ចំនួន ៥សែន​ដុល្លារ តាម​ការ​ទាមទារ​ពី​ដើម​បណ្ដឹង។​

គោលដៅ​បន្ទាប់៖ ប្រព័ន្ធ​ផ្សព្វផ្សាយ ?

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ខាង​បញ្ហា​សង្គម​នៅ​កម្ពុជា បាន​ថ្លែង​ប្រាប់​VOA​ថា ក្នុង​រយៈពេល​ប្រមាណ​១​ឆ្នាំ​មក​នេះ សម្ពាធ​ពី​រដ្ឋាភិបាល​ បាន​ធ្លាក់​ទៅ​លើ​គណបក្ស​ប្រឆាំង​ច្រើន ហើយ​ក្នុង​រយៈពេល​១​ខែ​ចុងក្រោយ​នេះ សម្ពាធ​ក៏​បាន​ធ្លាក់​ទៅលើ​ក្រុម​អ្នក​វិភាគ​វិញ​ម្ដង។

លោក​បន្ត​ថា ​បច្ចុប្បន្ន​ សម្ពាធ​នេះ ហាក់​ដូច​ជា​មាន​ចរន្ត​ងាក​ទៅ​រក​ប្រព័ន្ធ​ផ្សព្វផ្សាយ​បន្ថែម​ទៀត។

«សព្វថ្ងៃ​ យើង​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ ក៏​អាច​ក្លាយ​ជា​ទិសដៅ​សម្រាប់​ការ​ទទួល​សម្ពាធ​ហ្នឹង​ដែរ បើ​យើង​ពិនិត្យ​មើល​ទៅ»។

លោក មាស នី ​ដែល​រង​ការ​ព្រមាន​ពី​លោក ហ៊ុន សែន កាល​ពី​ពេល​ថ្មីៗ​នេះ ដោយសារ​ការ​រិះគន់​ទៅលើ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី​ ដែល​មិន​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រីរបស់​លោក ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​តាម​ការ​កោះហៅ​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នោះ បន្ថែម​ថា៖

«សម្រាប់​ខ្ញុំ​ ប្រសិន​បើ​ការ​ប្រើប្រាស់​នូវ​ពាក្យ​ថា​គណបក្ស​កាន់អំណាច​ធ្វើ​ការ​គាបសង្កត់​អី វា​នឹង​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​គន្លង​មួយ​ដែល​គេ​នឹង​អាច​ធ្វើ​ការ​ប្ដឹង​ថា ជា​ការ​បរិហារកេរ្តិ៍​អី​អញ្ចឹង​ទៅ។ បើ​កាល​ណា​មាន​ការ​ចោទប្រកាន់​នេះ យើង​មិន​ដឹង​ថា ​ទៅ​រក​អ្នក​ណា​រក​យុត្តិធម៌​ឲ្យ​ទេ ព្រោះ​បើ​យើង​ពឹង​ទៅ​លើ​តុលាការ ដូច​បង​ប្អូន​យើង​ បាន​ដឹង​ស្រាប់​ហើយ​ថា តុលាការ​នៅ​ស្រុក​យើង​នេះ ពិបាក​ឲ្យ​យើង​ទុកចិត្ត​អំពី​ឯករាជ្យ​ភាព​របស់​តុលាការ»។

ដោយ​លើក​យក​ការ​រិះគន់​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ កាល​ពី​ពេល​ថ្មីៗ​នេះ ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​របស់​អាមេរិក​ ធ្វើ​ជា​លេស រដ្ឋាភិបាល​កម្ពុជា កាល​ពី​សប្ដាហ៍​មុន បាន​គំរាម​ «ចាត់វិធានការ» លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ដោយ​រួម​ទាំង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ី​សេរី ព្រមទាំង​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ដែល​ជា​វិទ្យុ​ក្នុង​ស្រុក​ផង​ដែរ ដើម្បី​ឆ្លើយតប​ទៅ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​«ព័ត៌មាន​បំភ្លៃ ញុះញង់ គំរាមកំហែង ដល់​ស្ថិរភាព​និង​សន្តិភាព​កម្ពុជា»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី ដែល​បាន​សរសេរ​សារនេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​សៅរ៍​នោះ បាន​ថ្លែង​ប្រាប់ VOA បន្ថែម​ទៀត​នៅ​ដើម​សប្ដាហ៍​នេះ​ថា ប្រសិន​បើ​អ្នកសារព័ត៌មាន ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ប្រព្រឹត្ត​កំហុស​ដូចជា​«ការ​ធ្វើវិទ្ធង្សនា​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្លាប់​សង្គម» នោះ​ពួកគេ អាច​ប្រឈម​នឹង​ផលវិបាក​បែប​នេះ៖

«គឺ​យើង​នឹង​ចាត់វិធានការ។ បើ​សិន​ជា​ជន​បរទេស​ យើង​ដេញ​ចេញ ហើយ​បើ​នៅ​ក្នុង​ប្រទេស​ យើង វិនិច្ឆ័យ​តាម​តុលាការ។ អាច​ជាប់​គុក»។

ប៉ុន្តែ លោក ផៃ ស៊ីផាន មិន​បាន​បញ្ជាក់​ទេ​ថា​តើ​សកម្មភាព​បែប​ណា​របស់​អ្នក​សារព័ត៌មាន នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​ធ្វើ​វិទ្ធង្សនា ឬ​ការ​បំផ្លាញ​សន្តិសុខ​និង​ស្ថិរភាព​របស់​ប្រទេស​កម្ពុជា​នោះ​ទេ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ប្រាប់ VOA ថា ដូច​រដ្ឋាភិបាល​នានា​នៅ​លើ​ពិភពលោក​ដែរ រដ្ឋាភិបាល​កម្ពុជា គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​ពី​ការប្រើ​ច្បាប់ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​អ្នក​រិះគន់​ខ្លួន​នោះ​ទេ។

​«ការ​ចោទ​ថា​រដ្ឋាភិបាល​យក​ច្បាប់​មក​គាបសង្កត់​ ខ្ញុំ​យល់​ថា​ឲ្យ​ប្រើ​ស្អី​វិញ បើ​មិន​ប្រើ​ច្បាប់ មិន​ប្រើ​តុលាការ? ឲ្យ​ប្រើ​កាំភ្លើង​ថា​ខុស​ទៀត​ហើយ ​ផ្ដាច់ការ​អី​ទៀត​ហើយ។ ប្រើ​រំពាត់​ថា អា​ហ្នឹង រំលោភ​ដល់​រាងកាយ​របស់​បុគ្គល​អី​ទៀត​ហើយ។ ឲ្យ​អ្នក​វិភាគ​ហ្នឹង ឲ្យ​យោបល់​មក​ថា​ឥឡូវ​ ក្រៅ​ពី​ច្បាប់​ហ្នឹង ឲ្យ​រក​អី​វិញ»?

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ ថ្លែង​បន្ត​ថា គណបក្ស​កាន់អំណាច ក៏​គ្មាន​ជម្រើស​អី​ផ្សេង​ក្រៅ​ពី​ការទុក​ឲ្យ​តុលាការ​ធ្វើ​ការងារ​ខ្លួន​តាម​គោលការណ៍​ច្បាប់​ដែរ នៅ​ពេល​ដែល​មាន​បណ្ដឹង​ប្រឆាំង​នឹង​អ្នករិះគន់​បក្ស​កាន់អំណាច​នោះ។

«ឧបមា​ថា​សម្ដេច​គាត់​លើកឡើង​ថា ​ឥឡូវ​ត្រូវ​ប្ដឹង​លោក​ គឹម សុខ អាហ្នឹង​គេ​ប្ដឹង។ ដល់​ប្ដឹង​ទៅ មិន​មែន​បញ្ជា​ទៅ​តុលាការ​ថា​ឲ្យ​ធ្វើ​អញ្ចេះ ធ្វើ​អញ្ចុះ​ទេ អត់​ទេ។ តុលាការ​គេ​ដំណើរ​ការ​តាម​នីតិវិធី​ផ្លូវ​ច្បាប់ ថា​តើ​បន្ទុក​ទទួល​ខុស​ហ្នឹង វា​កម្រិត​ណា អាហ្នឹង គេ​កាត់ទោស​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង។ អាហ្នឹង​មាន​តែ​ប៉ុណ្ណឹង​តើ! មិន​អាច​ចោទ​ថា​នាយករដ្ឋមន្ត្រី​ ទៅ​រំលោភ​ស្ថាប័ន​តុលាការ​ ទៅ​បញ្ជា​តុលាការ​អី​បាន ដូច​អ្នក​វិភាគ​មួយ​ចំនួន​ទេ។ អានោះ​គឺ​ជា​ការ​យល់​ឃើញ​អត្តនោម័តិ​របស់​គាត់​ទេ មិន​អាច​យក​ជា​ការ​បាន​ទេ»។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ទន្ទឹម​ពេល​ដែល​កម្ពុជា បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស​កាល​ពី​ខែ​មុន លោក ហ្វីល រ៉ប៊ឺសុន (Phil Robertson ) នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស Human Rights Watch បាន​ថ្លែង​តាម​សារ​អេឡិចត្រូនិក​មួយ​ថា អ្វី​ដែល​បាន​កើត​ឡើង​ទាំងអស់​នេះ គឺ​ជា​យុទ្ធសាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

«យុទ្ធសាស្ត្រ​សម្រាប់​ការ​បោះឆ្នោត​របស់​លោក ហ៊ុន សែន​បង្ហាញ​យ៉ាង​ច្បាស់​ថា៖ ត្រូវ​តែ​ឈូស​ឲ្យ​ខ្ទេច​នូវ​ស្ថាប័ន​ប្រជាធិបតេយ្យ​ដែល​នៅ​សេសសល់​ក្នុង​ប្រទេស​កម្ពុជា ដោយ​ការ​ប្រើប្រាស់​ច្បាប់»។

លោក​ថ្លែង​បន្ត​ថា ៖

«ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ក្លែងក្លាយ ដោយ​មាន​ច្បាប់​ដែល​អនុវត្ត​ដោយ​តុលាការ​ស្ដាប់​បង្គាប់ ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។

លោក ហ្វីល រ៉ប៊ឺសុន (Phil Robertson ) បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស​និង​ប្រទេស​ម្ចាស់​ជំនួយ​នានា ឲ្យ​ធ្វើ​សកម្មភាព​រួមគ្នា​នៅ​ពេល​នេះ ដើម្បី​ការពារ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​បក្ស​ប្រឆាំង​ ព្រមទាំង​សំឡេង​រិះគន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​«ឲ្យ​រួច​ផុត​ពី​ការ​វាយ​សង្កត់សង្កិន​ដែល​នៅ​កៀក​បង្កើយ​នេះ»៕

XS
SM
MD
LG