\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ដំណើរ​ទស្សនកិច្ច​លើក​ចុង​ក្រោយ​របស់​លោក​អូបាម៉ា​ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក


ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama ថ្លែង​អំពី​លទ្ធផល​បោះឆ្នោត​បន្ទាប់​ពី​លោក​ Donald Trump ក្លាយ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោតនៅ Rose Garden នៃ​សេតវិមានរដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​០៩ វិចិ្ឆកា ២០១៦។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Barack Obama ថ្លែង​អំពី​លទ្ធផល​បោះឆ្នោត​បន្ទាប់​ពី​លោក​ Donald Trump ក្លាយ​ជា​ប្រធានាធិបតី​ជាប់​ឆ្នោតនៅ Rose Garden នៃ​សេតវិមានរដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​០៩ វិចិ្ឆកា ២០១៦។

ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​ទៅ​ក្រៅ​ប្រទេស​របស់​លោក Barack Obama ក្នុង​នាម​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ហាក់​ដូច​ជា​មាន​ភាព​ស្រងូត​ស្រងាត់ ក្រោយ​ពី​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ជ័យ​ជម្នះ​របស់​លោក Donald Trump មក​ពី​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ប្តេជ្ញា​ថា​នឹង​លុប​ចោល​អាទិភាព​មួយ​ចំនួន​របស់​លោក Obama ដែល​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ចំពោះ​ផ្នែក​ខ្លះ​របស់​ពិភពលោក។ លោក Ben Rhodes អនុ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​កាលពី​ថ្ងៃសុក្រ បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក Obama។

លោក Rhodes បាន​ទទួល​ស្គាល់​ថា ការ​ជាប់ឆ្នោត​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោក Trump និង​ផល​ប៉ះពាល់​ទៅ​លើ​ទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​ប្រទេស​នានា ហើយ​និង​កិច្ចព្រមព្រៀង​អន្តរជាតិ ទំនង​នឹង​ក្លាយ​ជា​ប្រធានបទ​ចម្បង​មួយ​សម្រាប់​មេដឹកនាំ​នានា​នៅ​ក្នុង​ពិភពលោក។

លោក​ប្រធានាធិបតី Obama នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រាសាទ Parthenon ​ប្រទេស​ក្រិក ហើយ​លោក​នឹង​ថ្លែង​សុន្ទរកថា​ធំ​មួយ​នៅ​ក្នុង​ទីក្រុង​អាថែន ទាក់​ទិន​នឹង​បញ្ហា​ប្រឈម​នៃ​ការ​ធ្វើ​សាកល​ភាវូបនីយកម្ម។

បន្ទាប់​មក​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់ ដែល​លោក​នឹង​មាន​ជំនួប​ទ្វេ​ភាគី​ជាមួយ​នឹង​លោក​ស្រី Angela Merkel អធិការបតី​ប្រទេស​អាល្លឺម៉ង់ ហើយ​ពួក​គេ​នឹង​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍។ លោក​ក៏​នឹង​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​ប្រទេស​អង់គ្លេស​និង​បារាំង​នៅ​ក្នុង​ទីក្រុង ប៊ែរឡាំង​ផង​ដែរ។ បន្ទាប់​មក​ទៀត​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋធានី​លីម៉ា នៃ​ប្រទេស​ប៉េរូ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា APEC។ លោក​ Obama ក៏​នឹង​ជួប​លក្ខណៈ​ទ្វេ​ភាគី​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន​ Xi Jinping នៅ​ទី​នោះ​នៅ​ថ្ងៃ​សៅរ៍​ និង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អូស្តា្រលី​លោក Malcolm Turnbull នៅ​ថ្ងៃ​អាទិត្យ​ផង​ដែរ៕

XS
SM
MD
LG