ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក អូបាម៉ា ត្រឡប់​មក​ជួប​សាធារណជន​វិញ


អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា រៀប​ចំ​ការ​សន្ទនា​អំពី​ការ​ចូលរួម​របស់​ពលរដ្ឋ​ និង​ការ​រៀប​ចំ​បង្កើត​សហគមន៍​ កាល​ពី​ថ្ងៃទី​២៤ ខែ​មេសា នៅ​សាកលវិទ្យាល័យ Chicago ក្នុង​រដ្ឋ​ Chicago.

អតីត​ប្រធានាធិបតី​អាមេរិក ​លោក បារ៉ាក់ អូបាម៉ា​ បាន​ត្រឡប់​មក​ជួប​សាធារណជនវិញ​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ជំរុញ​ឲ្យ​យុវជន​នៅ​ក្នុង​ទីក្រុង ​Chicago ដែល​លោក​ចាត់​ទុក​ដូចជា​ស្រុក​កំណើត​របស់​លោក ឲ្យ​ក្លាយ​ទៅ​ជា​សកម្មជន​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន ​ដូច​កាល​ពី​ពេល​មុន​លោកបាន​ឈរ​ឈ្មោះ​កាន់​តំណែង​នៅ​ក្នុង​ឆាក​នយោបាយ​ដែរ។

លោក អូបាម៉ា​ បាន​មាន​ប្រសាសន៍​ថា ​ក្នុង​នាម​ជា​អ្នក​រៀបចំ​សហគមន៍​ម្នាក់​កាល​ពី​៣​ទសវត្សរ៍​កន្លង​ទៅ​ក្នុង​ទីក្រុង​ Chicago លោក​បាន​រៀន​សូត្រ​ថា «មនុស្ស​សាមញ្ញ នៅ​ពេល​ដែល​ធ្វើការ​ជាមួយ​គ្នា អាច​ធ្វើ​រឿង​អស្ចារ្យ​ជា​ច្រើន‍» ដែល​នេះ​ជា​មេរៀន​«ដែល​ខ្ញុំ​នៅ​តែ​ចង​ចាំ‍»។

ប្រធានាធិបតី​ទី​៤៤​របស់​អាមេរិក​រូប​នេះ​បាន​និយាយ​ថា លោក​សង្ឃឹម​ថា «នឹង​ជួយ​ដល់​យុវជន​ជំនាន់​ក្រោយ​ឲ្យ​មាន​សមត្ថភាព​និង​ដឹក​នាំ​ពិភពលោក‍»។ លោក​ក៏​បាន​លើក​ឡើង​ថា បញ្ហា​ដ៏​មាន​សម្ពាធ​ទាំង​ឡាយ​ដូចជា​ប្រាក់​ចំណូល​មិន​ស្មើគ្នា ការ​ប្រែ​ប្រួល​អាកាសធាតុ និង​ភាពអយុត្តិធម៌​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​គឺ​ជា«បញ្ហា​ធំ​ ដែល​ធ្វើ​ឲ្យ​ខ្លាច ប៉ុន្តែ​បញ្ហា​ទាំង​នោះ​មិន​មែន​មិន​អាច​ដោះស្រាយ​បាន​នោះ​ទេ‍»។

លោក អូបាម៉ា​ បាន​គេច​ផុត​ពី​ក្រសែ​ភ្នែក​សាធារណជន​ចាប់​តាំង​ពី​លោក​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​អាមេរិក​កាល​ពី​៣​ខែ​មុន ដោយ​លោក​មិន​បាន​អើពើ​នឹង​បញ្ហា​នយោបាយ​ដ៏​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ នោះ​ទេ។

លោក អូបាម៉ា​ ដែល​ជា​សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចំអក​ដល់​អ្នក​បន្តវេន​របស់​លោក​ គឺ​លោក​មហាសេដ្ឋី​អចលនទ្រព្យ ដូណាល់ ត្រាំ​ ក្នុង​អំឡុងពេល​នៃ​យុទ្ធនាការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​មុន​ថា​ មិន​សាកសម​នឹង​កាន់​តំណែង​ជា​ប្រធានាធិបតី ប៉ុន្តែ​លោក អូបាម៉ា​ បាន​បដិសេធ​មិន​ព្រម​ផ្តល់​អត្ថាធិប្បាយ​អ្វី​ទៅ​លើ​សមត្ថភាព​ការងារ​របស់​លោក ត្រាំ​ នោះ​ទេ ចាប់​តាំង​ពី​លោក​កាន់​តំណែង​នៅ​សេតវិមាន​មក៕

XS
SM
MD
LG