\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្នុង​ដំណើរ​ទស្សនកិច្ច​​ចុង​ក្រោយ លោក អូបាម៉ា ​អំពាវ​នាវ​ឲ្យ​អឺរ៉ុប​សហការ​ជាមួយ​លោក ត្រាំ


លោក​ប្រធានាធិបតី​ អូបាម៉ា ឡើង​ជិះ​យន្តហោះ Air Force One នៅ​កោះ​​ Terceira ក្នុង​ពេល​លោក​ចាក​ចេញ​ពី​អឺរ៉ុប​ទៅ​ចូលរួម​វេទិកា​ APEC នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា។

លោក​ប្រធានាធិបតី​ អូបាម៉ា ឡើង​ជិះ​យន្តហោះ Air Force One នៅ​កោះ​​ Terceira ក្នុង​ពេល​លោក​ចាក​ចេញ​ពី​អឺរ៉ុប​ទៅ​ចូលរួម​វេទិកា​ APEC នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ បារ៉ាក់ អូបាម៉ា​ ដែល​ជិត​ផុត​អាណត្តិ​នោះ​ បាន​លា​សម្ព័ន្ធ​មិត្ត​អឺរ៉ុប ​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ចុង​ក្រោយ​របស់​លោក​ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក ដោយ​ធានា​ជា​ថ្មី​ម្តង​ទៀត​ពី​ការ​បន្ត​គាំទ្រ​របស់​អាមេរិក​ និង​អំពាវនាវ​ឲ្យ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​បន្ត​ការ​ការ​ពារ​ប្រឆាំង​នឹង​រុស្ស៊ី។

មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ចាកចេញ​ពី​ទីក្រុង ​ប៊ែកឡាំង ​កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៤​ថ្ងៃ​នៅ​ក្នុង​តំបន់​នោះ ​ដែល​បាន​ចាប់​ផ្តើម​ដោយ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ក្រិក​ ប្រទេស​ដែល​លទ្ធិ​ប្រជាធិបតេយ្យ​បែប​បស្ចិម​ប្រទេស​កើត​ឡើង​ដំបូង​នោះ​ ដែល​លោក​បាន​ឆ្លុះ​បញ្ចាំង​ទៅ​លើ​សារៈ​សំខាន់​នៃ​ការ​វាយ​ប្រយុទ្ធ​ដើម្បី​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​លោក​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពូល​នៅ​ក្នុង​ទ្វីប​អឺរ៉ុប ដែល​លោកស្រី​អធិកាបតី Angela Merkel​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។

ចំណុច​សំខាន់​បំផុត​នៅ​ក្នុង​របៀប​វារៈ​របស់​លោក​ អូបាម៉ា​ គឺ​ការ​ធានា​ជា​ថ្មី​ម្តង​ទៀត​
ដល់​សម្ព័ន្ធមិត្ត​អឺរ៉ុប​ អំពី​អនាគត​នៃ​ទំនាក់​ទំនង​ឆ្លង​មហាសមុទ្រ​អាត្លង់ទិក នៅ​ពេល​ដែល​លោក​ ដូណាល់​ ត្រាំ​ ចូល​កាន់​តំណែង​ធ្វើ​ជា​ប្រធានាធិបតី ដែល​យុទ្ធនាការ​របស់​លោក​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រាកដ​ប្រជា​ ជាពិសេស​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​អាមេរិក​នៅ​ក្នុង​អង្គការ ​អូតង់ ​សហភាព​អឺរ៉ុប​ និង​ស្ថាប័ន​ពហុ​ភាគី​ដទៃ​ទៀត។

មុន​នឹង​ចាក​ចេញ​ពី​ទីក្រុង ​ប៊ែកឡាំង ​លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អង់គ្លេស​ បារាំង ​អាល្លឺម៉ង់ ​អ៊ីតាលី ​និង​អេស្ប៉ាញ​ ហើយ​លោក​បាន​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​ធានា​គាំទ្រ​របស់​អាមេរិក​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​អឺរ៉ុប។ សេចក្តី​ថ្លែងការណ៍​មួយ​របស់​សេតវិមាន​បាន​ឲ្យ​ដឹង​ថា ​លោក អូបាម៉ា​ បាន​បង្ហាញ​ជំនឿ​របស់​លោក​ថា ​បើ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានការណ៍​ដែល​មាន​ការ​ផ្លាស់​ប្តូរ​ខ្លាំង​ក៏​ដោយ ​តម្លៃ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ជួយ​ច្រើន​ដល់​សេរីភាព​របស់​មនុស្ស​ និង​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ជាង​ប្រព័ន្ធ​ផ្សេងៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ​ហើយ​នឹង​បន្ត​រីកចម្រើន​ទៅ​មុខ​ត​ទៅ​ទៀត។

លោក​បាន​ថ្លែង​អំណរគុណ​ដល់​សមភាគី​អឺរ៉ុប​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និត​ ហើយ​ជំរុញ​ឲ្យ​ពួក​គេ​សហការ​ជាមួយ​នឹង​រដ្ឋបាល​របស់​លោក តាំ​ ដោយ​ផ្អែក​ទៅ​តាម​តម្លៃ​ស្នូល​ដែល​បង្ហាញ​ថា​អាមេរិក​ ហើយ​អឺរ៉ុប​គឺ​ជា​ប្រទេស​ដែល​មាន​លទ្ធិ​ប្រជាធិបតេយ្យ​បើក​ចំហ៕

XS
SM
MD
LG