ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក អូបាម៉ា ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឲ្យ​លោកស្រី Clinton


បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោក​ស្រី Hillary Clinton ដើរ​ចេញ​ពី​ផ្ទះ​របស់​កូនស្រី​អ្នកស្រី​កាល​ពី​ថ្ងៃអាទិត្យ​ទី១១ កញ្ញា​ ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា កំពុង​ធ្វើ​យុទ្ធនាការ​នា​ថ្ងៃ​អង្គារ​នេះ​ឲ្យ​លោកស្រី Hillary Clinton ខណៈពេល​ដែល​លោកស្រី​សម្រាក​ពីរ​បី​ថ្ងៃ​ដើម្បី​ឲ្យ​បាន​ធូរ​ស្បើយ​ពី​ជំងឺ​រលាក​សួត។

លោក Obama បាន​ថ្លែង​នៅ​ឯ​ការ​ជួបជុំ​មួយ​នៅ​ក្នុង​រដ្ឋ Philadelphia ដែល​នៅ​ទី​នោះ លោក​នឹង​ចូលរួម​ក្នុង​ពិធី​រៃ​អង្គាស​ថវិកា​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ។

លោកស្រី Clinton បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន CNN កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា លោកស្រី​គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ឡើង​វិញ​នៅ​ចុង​សប្តាហ៍​នេះ។

លោកស្រី Clinton បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ខ្ញុំ​គិត​ថា​ជំងឺ​នេះ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​ដែល​រារាំង​ដល់​ដំណើរ​យុទ្ធនាការ​របស់​ខ្ញុំ​ទេ‍»។

ទាំង​លោកស្រី Clinton និង​ទាំង​លោក Donald Trump ដែល​ជា​គូ​ប្រជែង​របស់​លោកស្រី បាន​សន្យា​ថា នឹង​បង្ហាញ​នូវ​ព័ត៌មាន​អំពី​បញ្ហា​សុខភាព​របស់​ពួកគេ​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក Trump កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​រិះគន់​លោកស្រី Clinton ចំពោះ​សម្តី​ដែល​លោកស្រី​ថា អ្នកគាំទ្រ​របស់​លោក​ចំនួន​ពាក់កណ្ដាល​គឺ «គួរ​ឲ្យ​អាណិត​ណាស់‍»។

លោក Trump ថា៖ «លោកស្រី Clinton និយាយ​ថា ប្រជាពលរដ្ឋ​អាមេរិក​សេ្នហា​ជាតិ​រាប់​លាន​នាក់​ជា​ក្រុម​មនុស្ស​ដែល​គួរ​ឲ្យ​អាណិត‍»។ លោក​ថា តើ​លោកស្រី Clinton អាច​ធ្វើ​ជា​ប្រធានាធិបតី​យ៉ាង​ម៉េច​ទៅ​រួច​សម្រាប់​មនុស្ស​ជា​ច្រើន​ដូច​នេះ? លោកស្រី​និយាយ​អំពី​មនុស្ស​ទាំង​នោះ ហាក់​ដូច​ជា​ពួកគេ​ហ្នឹង​ជា​ឧបករណ៍ គឺ​មិនមែន​ជា​មនុស្ស​លោក​នោះ​ទេ។

លោកស្រី Clinton បាន​និយាយ​ថា លោកស្រី​មាន​ការ​សោកស្ដាយ​ចំពោះ​ការ​ថ្លែង​ដូច្នេះ​របស់​លោកស្រី៕

XS
SM
MD
LG