\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ព្យាយាម​ឃោសនា​គាំទ្រ​លោកស្រី Clinton ក្នុង​ចំណោម​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ


លោក បារ៉ាក់ អូបាម៉ា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ពេល​ធ្វើ​យុទ្ធនាការ​ដើម្បី​ស្វែង​រក​សំឡេង​ឆ្នោត​ឲ្យ​លោកស្រី Hillary Clinton ក្នុង​ក្រុង Chapel Hill រដ្ឋ North Carolina កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក បារ៉ាក់ អូបាម៉ា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ពេល​ធ្វើ​យុទ្ធនាការ​ដើម្បី​ស្វែង​រក​សំឡេង​ឆ្នោត​ឲ្យ​លោកស្រី Hillary Clinton ក្នុង​ក្រុង Chapel Hill រដ្ឋ North Carolina កាលពី​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ពីរ​អាណត្តិ មួយ​ផ្នែក​គឺ​ដោយសារ ការ​ចេញ​ទៅ​បោះ​ឆ្នោត​របស់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​នោះ កំពុង​មាន​ការ​ព្រួយបារម្ភ​ថា ការ​គាំទ្រ​លោកស្រី Hillary Clinton បេក្ខជន​ប្រធានាធិបតី​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ គឺ​មិន​រឹងមាំ​នោះ​ទេ។

ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ ដែល​ចេញ​មក​បោះ​ឆ្នោត​មុន​ថ្ងៃ​កំណត់​នៃ​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​មាន​ចំនួន​ធ្លាក់​ចុះ បើ​ប្រៀប​ជាមួយ​នឹង​កាល​ពី​ការ​បោះ​ឆ្នោត​៤ឆ្នាំ​មុន។ ករណី​នេះ​ធ្វើ​ឲ្យ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោកស្រី Clinton មាន​ការ​ព្រួយ​បារម្ភ ដោយ​ហេតុ​ថា ការ​ស្ទង់​មតិ​បន្ត​បង្ហាញ​ពី​ការ​កើន​ឡើង​ការ​គាំទ្រ​ចំពោះ​លោក Donald Trump នៅ​ក្នុង​រដ្ឋ​ទាំង​ឡាយ​ណា​ដែល​អ្នក​គាំទ្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​សាធារណរដ្ឋ​កន្លង​មក​មាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា ដូច​ជា​រដ្ឋ North Carolina ជា​ដើម ដែល​នៅ​ក្នុង​រដ្ឋ​នេះ លោក​អូបាម៉ា​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឲ្យ​លោកស្រី Clinton កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក អូបាម៉ា បាន​និយាយ​ថា លោក​កត់​សម្គាល់​ឃើញ​ថា មាន​ការ​ខ្វះ​ការ​គាំទ្រ​ចំពោះ​លោកស្រី Clinton ពី​សំណាក់​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ។

លោក អូបាម៉ា បញ្ជាក់​ថា ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ដែល​ចេញ​ទៅ​បោះ​ឆ្នោត​មុន​ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់ មាន​ការ​ធ្លាក់​ចុះ។

នៅ​ក្នុង​រដ្ឋ North Carolina បើ​គិត​ត្រឹម​រយៈពេល​ដូច​គ្នា គេ​សង្កេត​ឃើញ​ថា ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ចេញ​មក​បោះ​ឆ្នោត​មុន​ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​ចំនួន​តិច​ជាង​ចំនួន​ពលរដ្ឋ​អាមេរិកាំង​ស្បែក​ខ្មៅ​ដែល​ចេញ​មក​បោះ​ឆ្នោត​មុន​ថ្ងៃ​បោះ​ឆ្នោត​ចូល​មក​ដល់​កាល​ពី​ឆ្នាំ២០១២ ចំនួន ១សែន​១ម៉ឺន​១ពាន់​នាក់ ដែល​នេះ​បង្ហាញ​ថា មាន​ការ​ធ្លាក់​ចុះ​ចំនួន ១៦ ភាគរយ៕

XS
SM
MD
LG