ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Nunes ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេត​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត


អ្នក​កាសែត​ដេញ​តាម​លោក Devin Nunes ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​សភា នៅ​ពេល​ចាកចេញ​ពី​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។
អ្នក​កាសែត​ដេញ​តាម​លោក Devin Nunes ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​សភា នៅ​ពេល​ចាកចេញ​ពី​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។

ប្រធាន​គណៈកម្មាធិការ​ស៊ើបការ​សម្ងាត់​សភា លោក Devin Nunes មាន​ប្រសាសន៍​ថា លោក​ដក​ខ្លួន​ជា​បណ្តោះ​អាសន្ន​ចេញ​ពី​ការ​ស៊ើបអង្កេត​របស់​គណៈកម្មាធិការ​នេះ ទៅ​លើ​ការ​ចោទប្រកាន់​ដែល​ថា រុស្ស៊ី​បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១៦ បន្ទាប់​ពី​មាន​ការ​ប្តឹង​ផ្តល់​ទៅ​លើ​រូប​លោក​ពាក់ព័ន្ធ​នឹង​ក្រម​សីលធម៌។​

គណៈកម្មាធិការ​ក្រមសីលធម៌​សភា​កំពុង​តែ​ស៊ើបអង្កេត​ថា​តើ​លោក Nunes ប្រហែល​ជា​បាន​លាត​ត្រដាង​ព័ត៌មាន​សម្ងាត់​ដោយ​គ្មាន​ការ​អនុញ្ញាត​កាល​ពី​ខែ​មុន ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​បើក​សន្និសីទ​សារព័ត៌មាន​ជា​បន្ទាន់​មួយ​ឬ​យ៉ាង​ណា។ ​

លោក Nunes បាន​ថ្លែង​ថា លោក​បាន​ឯកសារ​សម្ងាត់​ដែល​បង្ហាញ​ថា សមាជិក​នៃ​យុទ្ធនាការ​របស់​លោក Trump មាន​សន្ទនា ដែល​ត្រូវ​បាន​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​អាមេរិក​ «ប្រមូល​យក​បាន​ដោយ​ចៃដន្យ» ខណៈ​ដែល​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ទាំង​នោះ​ឈ្លប​យកការណ៍​ពី​ជនបរទេស។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក Nunes បាន​មាន​ប្រសាសន៍​ថា «ក្រុមសកម្មជន​ឆ្វេង​និយម​មួយ​ចំនួន» បាន​ដាក់​ពាក្យ​ប្តឹង​រូប​លោក​លើ​ករណី​ថា​ប្រព្រឹត្ត​មិន​បាន​ត្រឹមត្រូវ ជាមួយ​នឹង​ការិយាល័យ​ក្រម​សីលធម៌​សភា ហើយ​លោក​នឹង​ដក​ខ្លួន​ជា​បណ្តោះ​អាសន្ន​ចេញ​ពី​ការ​ស៊ើបអង្កេត​នេះ រហូត​ទាល់​តែ​ការ​ចោទប្រកាន់​នេះ​ត្រូវ​បាន​ដោះស្រាយ​រួច​រាល់៕

XS
SM
MD
LG