ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាព​ចម្រូង​ចម្រាស​របស់​លោកNunes អាច​នឹង​ពន្យារពេល​ការ​ស៊ើបអង្កេត​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី


លោក Devin Nunes ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់​សភា​ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។

កាលពី​ថ្ងៃ​អង្គារ លោក Devin Nunes ប្រធាន​គណៈកម្មាធិការ​ខាង​ស៊ើបការណ៍​សម្ងាត់​នៃ​សភា​តំណាងរាស្ត្រ​អាមេរិកាំង​បាន​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ដល់​ការ​ស៊ើបអង្កេត​មួយ​របស់​គណបក្ស​ទាំង​ពីរ​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​ស.រ.អា.​ដោយ​សារ​លោក​បាន​ច្រាន​ចោលការ​អំពាវ​នាវ​ឱ្យ​លោក​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើបអង្កេត​នេះ ​ហើយ​លោក​បាន​បញ្ឈប់​ការ​ងារ​របស់​គណៈកម្មាធិការ​នេះ​សម្រាប់​រយៈពេល​សេស​សល់​នៃ​សប្តាហ៍​នេះ។

អ្នក​តំណាងរាស្ត្រ​ Nunes បាន​លុបចោល​ការ​និយាយ​ត្រួសៗ​ដោយ​បិទ​ទ្វារ​ជាមួយ​លោក​ James Comey នាយក​ការិយាល័យ FBI និង​លោកឧត្តមនាវី​ Mike Rogers នាយក​ NSA ហើយ​ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​ពួក​ប្រជាធិបតេយ្យ​មាន​ការ​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​ជាង​មុនដោយ​ពួកគេ​បាន​និយាយ​ថា ​សកម្មភាព​របស់​លោក Nunes កាល​ពីសប្តាហ៍​មុន និង​ភាព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​លោក​ដែល​មាន​ផល​អាក្រក់​ពាក់​កណ្តាល​នឹង​ធ្វើ​ឱ្យ​មាន​ផល​មិន​ល្អ​ដល់​សមត្ថភាព​របស់​លោក​ក្នុង​ការ​ដឹកនាំ​ការ​ស៊ើបអង្កេត​នេះ។​

បើ​តាម​អ្នកនាំ​ពាក្យ​របស់​លោក ​លោក Nunes បាន​ជួប​ប្រភព​មួយ​នៅ​ក្នុង​បរិវេណ​សេតវិមាន​នៅ​មុន​ពេល​លោកលាត​ត្រដាង​ឱ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា​លោក​ប្រធានាធិបតី​ Donald Trump មាន​ទាក់ទិន​នឹង​ការ​ឃ្លាំមើល «ដោយ​អចេតនា»។ អ្នកនាំ​ពាក្យ​រូបនេះ​បាន​និយាយ​បន្ថែម​ថា​លោក Nunes ចង់ «នៅ​ជិត​កន្លែង​មួយ​មានសន្តិសុខ​ដែល​នៅ​ទី​នោះ​លោក​អាច​មើល​ព័ត៌មាន​ដែល​ប្រភព​នេះ​បាន​ផ្តល់​ឱ្យ​លោក»។

ការ​លាត​ត្រដាង​នេះ​បាន​នាំ​ឱ្យលោក Adam Schiff សមាជិក​របស់​គណៈកម្មាធិការ​នេះ​ខាង​គណបក្ស​ប្រជាធិបតេយ្យអំពាវ​នាវ​ឱ្យ​លោក Nunes ចុះចេញ​ពី​ការ​ស៊ើបអង្កេត​ស្តី​ពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី។​

លោក Nunes បាន​សួរ​អ្នក​កាសែត​មួយ​ក្រុម​តូច​នៅ​ក្នុង​វិមានសភា​ Capitol កាលពី​ថ្ងៃ​អង្គារ​ថា​ «ហេតុ​ដូចម្តេច​បាន​ជា​ខ្ញុំ​ធ្វើ​ដូច្នេះ? អ្វីៗ​មាន​ចលនា​ទៅ​មុខ​តាម​ធម្មតា»។​ លោក​បាន​ថ្លែង​បន្ថែម​ថា​ ការ​កំណត់​ការ​ធ្វើ​សវនកម្ម​ដំបូង​មួយជា «ជំហាន​សមហេតុផល​ដំបូង​មួយ» នៅ​ក្រោយជំនួប​ជាមួយ​លោក Comey។ ក៏​ប៉ុន្តែ​ពួក​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ​ការ​ងារ​របស់​គណៈកម្មាធិការ​នេះ​បាន​គាំង​ដំណើរ៕

XS
SM
MD
LG