ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង គឺ​ជា «រូបមន្ត​នៃ​ក្ដី​មហន្តរាយ»


ប្រធាន​ទី​បញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក លោក Harry Harris ធ្វើ​សក្ខីកម្ម​នៅ​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០១៧។

ប្រធាន​ទី​បញ្ជាការ​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធ​នេះ​ថា ការ​ដាក់​បញ្ចូល​គ្នា​នូវ​គ្រាប់​ផ្លោង​មីស៊ីល ជាមួយ​នឹង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក Kim Jong Un គឺ​ជា «រូបមន្ត​មួយ​សម្រាប់​ក្ដី​មហន្តរាយ»។

ដោយ​ថ្លែង​នៅ​ក្នុង​កម្មវិធី​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន លោក​មេបញ្ជាការ​កងទ័ព​ជើង​ទឹក Harry Harris បាន​និយាយ​ថា ការ​សាកល្បង​បាញ់​មីស៊ីល​ណា​មួយ​ក៏​ដោយ ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ឡើង អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​ឈាន​កាន់​តែ​ជិត​ទៅ​រក​សមត្ថភាព​ដែល​អាច​បាញ់​គ្រាប់​មីស៊ីល​ដែល​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន។

លោក Harry Harris បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​អាច​សន្និដ្ឋាន​បាន​ថា ការ​អះអាង​របស់​លោក Kim Jong Un គឺ​ជា​ការ​ពិត ដោយសារ​តែ​ខ្ញុំ​ដឹង​អំពី​គោល​បំណង​ពិត​របស់​គាត់។ ដូច្នេះ​ហើយ ខ្ញុំ​ជឿ​លើ​ការ​អះអាង​របស់​គាត់... ហើយ​ករណី​នេះ​គួរ​តែ​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​ដោះស្រាយ​បញ្ហា​នេះ​ក្នុង​ពេល​ឥឡូវ​នេះ ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត»។

លោកស្រី Nikki Haley អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ បាន​ប្រាប់​បណ្ដា​ប្រទេស​នានា កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ពួកគេ​ត្រូវតែ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​រារាំង​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ ដោយ​បាន​ព្រមាន​ថា ពួកគេ​អាច​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម ប្រសិនបើ​ពួកគេ​ជួយ​កូរ៉េ​ខាង​ជើង​ឲ្យ​សម្រេច​បាន​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​នោះ។

លោកស្រី Haley បាន​ថ្លែង​ដូច្នេះ នៅ​មុន​កិច្ច​ប្រជុំ​ឯកជន​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ស្ដី​អំពី ការ​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​ដោយ​ខុស​ច្បាប់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង នា​ពេល​ថ្មីៗ​នេះ។ កិច្ច​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​នេះ ត្រូវ​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG