ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​អាទិត្យ​នេះ​រង​ការ​ថ្កោលទោស


កម្មវិធី​ទូរទស្សន៍​មួយ​បាន​ផ្សាយ​ពី​លោក​ប្រធានាធិបតី​គិម ជុងអ៊ុន នៃ​ប្រទេស​កូរ៉េខាងជើង​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាងត្បូង​កាល​ពី​ថ្ងៃទី១៤ ឧសភា ២០១៧។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​គ្រាប់​មីស៊ីល​នៅ​ក្នុង​រយៈ​កម្ពស់​ដ៏​ខ្ពស់​មិន​ធម្មតា​មួយ នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​បាន​បង្ហាញ​ថា គ្រាប់​មីស៊ីល​នេះ​អាច​ជា​គ្រាប់​រ៉ុកកែត​ដែល​ប្រើ​សារធាតុ​រាវ​ជា​កម្លាំង​ជំរុញ​យ៉ាង​ហោច​ណាស់​ពីរ​ប្រភេទ​បញ្ចូល​គ្នា ដែល​មាន​សមត្ថភាព​អាច​ហោះ​បាន​រហូត​ដល់ ៤.៥០០ គីឡូម៉ែត្រ។

ការ​សាកល្បង​គ្រាប់​មីស៊ីល​នេះ គួរតែ «ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​នានា​ដាក់​ទណ្ឌកម្ម​ខ្លាំងក្លា​បន្ថែម​ទៀត​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​ការ​ថ្កោលទោស​ភ្លាមៗ​ចំពោះ​សកម្មភាព​កូរ៉េ​ខាង​ជើង ដោយ​ថា សកម្មភាព​បែប​នេះ​ជា​ការ​គំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ក្នុង​តំបន់ និង​ជា​ការ​រំលោភ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​របស់​លោក «ត្រៀម​ខ្លួន​សម្រាប់​ហេតុការណ៍​បន្ទាន់​នានា ដែល​អាច​កើត​ឡើង»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន។

រី​ឯ​រដ្ឋាភិបាល​ចិន​វិញ បាន​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់ ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​កើន​ឡើង​នៅ​ក្នុង​តំបន់។ ក្រសួង​ការបរទេស​ចិន​ក៏​បាន​ប្រឆាំង​ចំពោះ​ការ​រំលោភ​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។

ចំណែក​ឯ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដែល​កំពុង​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​អន្តរជាតិ​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ក៏​បាន​បញ្ជាក់​អំពី​ការ​ព្រួយបារម្ភ​អំពី​ការ​សាកល្បង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​រុស្ស៊ី។

គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​លើក​នេះ បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​ក្នុង​ចម្ងាយ​ប្រហែល ៤ រយ គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋាភិបាល​ជប៉ុន៕

XS
SM
MD
LG