ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ជើង​ត្រូវ​គេ​សង្ស័យ​ថា​បាន​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​មេរោគ WannaCry


នេះ​ជា​ផ្ទាំង​ជូន​ដំណឹង​មួយ​ពី​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​​ដើម្បី​ជំរិត​ទារ​ប្រាក់ ដែល​ថត​ដោយ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ម្នាក់​នៅ​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧។

អ្នក​ជំនាញ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នានា បាន​បញ្ជាក់​ថា ភស្តុតាង​បច្ចេកទេស​ដែល​ភ្ជាប់​ប្រទេស​កូរ៉េ​ខាង​ជើង ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​របស់​មេរោគ​ជំរិត​ទារ​ប្រាក់​ឈ្មោះ WannaCry នោះ មាន​លក្ខណៈ​មិន​គ្រប់គ្រាន់​នោះ​ទេ។ ប៉ុន្តែ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​មាន​សមត្ថភាព​ខ្លាំង​ខាង​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​គោលបំណង​របស់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ទូទាត់​ការ​បាត់បង់​ប្រាក់​ចំណូល​របស់​ខ្លួន ដែល​បណ្ដាល​មកពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ​នោះ អាច​ជា​ការ​សង្ស័យ​មួយ។

ចាប់តាំង​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន មេរោគ​កុំព្យូទ័រ​ឈ្មោះ WannaCry បាន​ឆ្លង​ចូល​កុំព្យូទ័រ​ជាង ៣ សែន នៅ​ក្នុង​ប្រទេស ១៥០ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​រោងចក្រ ធនាគារ ទីភ្នាក់ងារ​រដ្ឋាភិបាល មន្ទីរពេទ្យ និង​ប្រព័ន្ធ​ធ្វើ​ដំណើរ​នៅ​ជុំវិញ​ពិភពលោក។

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ អ្នក​វិភាគ​នានា​មក​ពី​ក្រុមហ៊ុន Symantec និង​ក្រុមហ៊ុន Kaspersky Lab ដែល​ជា​ក្រុមហ៊ុន​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បាន​និយាយ​ថា លេខ​សម្ងាត់​របស់​កម្មវិធី​កុំព្យូទ័រ WannaCry ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​មុន ក៏​បាន​លេច​ឡើង​នៅ​ក្នុង​កម្មវិធី ដែល​បាន​ប្រើ​ដោយ​ក្រុម​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឈ្មោះ Lazarus Group ដែល​អ្នក​ជំនាញ​មួយ​ចំនួន បាន​កំណត់​ថា ជា​ក្រុម​ប្រតិបត្តិការ​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​គ្រប់គ្រង​ដោយ​កូរ៉េ​ខាង​ជើង ផង​ដែរ។

លោក Eric Chien អ្នក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Symantec បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ យើង​មិន​បាន​រក​ឃើញ​ភស្តុតាង​ខ្លាំង​ក្លា​ណា​មួយ ដែល​អាច​ចាត់ទុក​ថា​ជា​ទំនាក់ទំនង​រវាង​មេរោគ WannaCry និង​ក្រុម​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Lazarus នោះ​ទេ។ ក្រុម Lazarus នេះ គឺ​ជា​ក្រុម​ដែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​លើ​ក្រុមហ៊ុន Sony និង​ធនាគារ​នានា​នៅ​ក្នុង​ប្រទេស​បង់ក្លាដេស។ ប៉ុន្តែ អ្វី​ដែល​បាន​បង្ហាញ​នេះ គឺ​មិន​គ្រប់គ្រាន់​នៅ​ក្នុង​ការ​និយាយ​ថា ការ​វាយ​ប្រហារ​លើក​នេះ គឺ​ធ្វើ​ឡើង​ដោយ​ក្រុម Lazarus នោះ​ទេ»៕

XS
SM
MD
LG