ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាងជើង​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា​ប៉ុនប៉ង​ធ្វើឃាត​លោក​ Kim


លោក​ Kim Jong Un មេដឹក​នាំ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ពិធីប្រារព្វអបអរ​​ខួប​កងទ័ព​កូរ៉េខាងជើង​លើកទី​៨៥ នៅ​ទីក្រុង​ Wonsan កូរ៉េខាងជើង​។

កាលពី​ថ្ងៃ​សុក្រ​ ប្រទេស​កូរ៉េខាង​ជើង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ស.រ.អា.និង​កូរ៉េខាង​ត្បូង​ថា​បាន​ប៉ុនប៉ង​ធ្វើឃាត​មេដឹកនាំ​ Kim Jong Un មិន​បាន​សម្រេច។​

របាយ​ការ​ណ៍​ផ្សាយ​ព័ត៌មានបាន​ដក​ស្រង់ពាក្យសម្តី​ក្រសួង​សន្តិសុខ​របស់​ប្រទេស​កូរ៉េខាង​ជើង​ដែល​បាននិយាយ​ថា​ខ្លួន​បាន «កកាយ​រក​និង​បំផ្លាញ​ដោយ​គ្មាន​ចិត្តមេត្តា» ពួក​ភ្នាក់ងារ​នៅ​ក្នុង​ទីភ្នាក់ងារ​ចារកម្មស.រ.អា.និង​កូរ៉េខាង​ត្បូងដែល​កូរ៉េខាង​ជើង​បាន​ចោទប្រកាន់​ថា​បាន​ឃុបឃិត​គ្នា​ធ្វើការ​វាយប្រហារនោះ។​

បើ​តាម​ក្រសួង​សន្តិសុខ​រដ្ឋ​ថា​ពួក​ចារជន​អាមេរិកាំង​និង​កូរ៉េខាង​ត្បូង​បាន​បង្ខិតបង្ខំ​ពល​រដ្ឋកូរ៉េខាង​ជើង​ម្នាក់ឱ្យ​ប៉ុនប៉ង​ធ្វើឃាត​នេះ​ជាថ្នូរ​នឹង​ប្រាក់កាស​ហើយបាន​ផ្តល់​ឱ្យ​ជន​ដែល​អាច​ជា​ឃាតករ​នេះ​នូវ​គ្រឿង​ឧបករណ៍ទាក់ទិន​នឹង​ផ្កាយ​វិទ្យាសាស្ត្រ​ដើម្បី​តាម​ដាន​ចលនា​របស់​លោក Kim Jong Un។

កិច្ច​សហប្រតិបត្តិការ​រវាង​ពួក​ចារបុរស​ទាំងនេះ​នឹង​បុរសកូរ៉េខាង​ជើង​ដែល​គេប្រាប់​ថា​មាន​នាមត្រកូល​ Kim បានចាប់ផ្តើមកាល​ពី​ឆ្នាំ២០១៤​នៅ​ពេល​ពួក​ភ្នាក់ងារ​ទាំង​នេះ​បានទាក់ទង​ជាមួយគាត់នៅ​ពេល​គាត់​ធ្វើការ​ក្នុង​ប្រទេស​រុស្សី។​

នៅ​ពេល​លោក Kim ត្រឡប់​មក​ប្រទេសកូរ៉េខាង​ជើង​វិញ​ ពួក​ចារបុរស​ទាំង​នេះ​បាន​ទាក់ទង​ជា​មួយ​លោក​ហើយ​បានប្រាប់លោក​កាល​ពី​ខែ​មុនថា​លោក​អាច​ប្រើអាវុធ​ជីវ​គីមី​ដើម្បី​ធ្វើឃាត​លោក Kim Jong Un។

សេចក្តី​ថ្លែង​ការណ៍​នេះ​របស់​កូរ៉េខាង​ជើងមិន​បានផ្តល់សេចក្តី​ល្អិតល្អន់ទេអំពី​ថា​តើ​ពួក​គេ​បាន​បំបែក​គម្រោងការ​ប្រព្រឹត្តឃាតកម្មនេះ​ដោយ​បែបណាទេឬ​ថាជន​ឯទៀត​មាន​ទាក់ទិន​នឹង​គម្រោង​ការ​នេះ​បាន​ជាប់ឃុំឃាំង​ឬ​បែប​ណាឡើយ។ ​ជា​ធម្មតា​ប្រទេស​កូរ៉េខាង​ជើង​បានបរិហារ​រឹះគន់​ស.រ.អា.និង​ប្រទេសកូរ៉េខាង​ត្បូង​ទោះណា​ជា​ការ​ចោទប្រកាន់កាលពី​ថ្ងៃ​សុក្រមាន​ភាព​ជាក់លាក់​ជាង​ធម្មតា​ក៏ដោយ។

ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​ស.រ.អា. CIA ​បាន​ប្រកែក​មិន​ព្រម​ធ្វើអត្ថាធិប្បាយអំពី​ការ​ចោទ​ប្រកាន់ទាំង​នេះ​ឡើយ៕

XS
SM
MD
LG