ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​កម្ពុជា​ចង់​បាន​ទីផ្សារ​កសិកម្ម​និង​ប្រព័ន្ធ​យុត្តិធម៌​ល្អ​ប្រសើរ​ឡើង


កសិករ​ខ្មែរ​កំពុង​ស្ទូង​នៅ​ក្នុង​ស្រែ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ភាគ​ខាង​លិច​ទី​ក្រុង​ភ្នំពេញ។
កសិករ​ខ្មែរ​កំពុង​ស្ទូង​នៅ​ក្នុង​ស្រែ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ភាគ​ខាង​លិច​ទី​ក្រុង​ភ្នំពេញ។
ប្រជា​ពលរដ្ឋ​កម្ពុជា​ត្រូវការ​ប្រព័ន្ធ​យុត្តិធម៌​និង​តុលាការ​មាន​ភាព​ឯករាជ្យ​និង​ត្រូវការ​ឲ្យ​រដ្ឋាភិបាល​ជួយ​វិស័យ​កសិកម្ម​និង​ធានា​តម្លៃ​កសិផល​របស់​ពួកគេ។ នេះ​គឺជា​ការ​រកឃើញ​របស់​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា ​(NGO Forum)​ បន្ទាប់​ពី​បាន​ធ្វើការ​ស្រាវជ្រាវ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ក្រុង​មួយ​ចំនួន។

ការ​រក​ឃើញ​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​ពិភាក្សា​ក្នុង​ចំណោម​ក្រុម​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​ពីរ​ថ្ងៃ​ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ។

របាយការណ៍​នៃ​ការស្រាវជ្រាវ​ដដែល​ឲ្យ​ដឹង​ទៀតថា​ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវការ​គុណភាព​អប់រំ​ខ្ពស់​ជាង​ពេល​បច្ចុប្បន្ន​ចង់​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូលំទូលាយ​និង​ឯករាជ្យ។

ក្រៅ​ពី​នេះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ចង់បាន​មាន​ការ​ទប់ស្កាត់​ការ​បំផ្លិច​បំផ្លាញ​បរិស្ថាន​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា​ស្នើ​ឲ្យ​មាន​តម្លាភាព​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​ពីការអភិវឌ្ឍ​និង​ធនធាន​ធម្មជាតិ​និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ការគោរព​សិទ្ធិ​មនុស្ស។

ការ​បង្ហាញ​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ​ធ្វើឡើង​ជាង​មួយខែ​ប៉ុណ្ណោះ​មុន​នឹង​យុទ្ធនាការ​ឃោសនា​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​អណត្តិ​ទី៥​ចាប់ផ្តើម។

លោក សំ លី ​មន្ត្រី​មកពី​គណៈ​កម្មាធិការ​សហ​ប្រត្តិការ​ដើម្បី​កម្ពុជា​ដែល​ហៅ​កាត់​ថា ​(CCC)​ មាន​ប្រសាសន៍​ថា​ការស្រាវជ្រាវ​នេះ​បង្ហាញ​ពី​ការ​ចង់​បាន​របស់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​ដែល​កំពុង​ជួប​ប្រទះ។

«គាត់​បានផ្តល់​អនុសាសន៍​ទៅលើ​អ្វី​ដែល​យើង​បាន​រកឃើញ​និង​មតិ​យោបល់​នានា​ដើម្បី​បំពេញ​បន្ថែម​លើ​អ្វី​ដែល​យើង​រក​ឃើញ​ហើយ​ធ្វើការ​រួម​បញ្ជូល​គំនិត​ពី​ប្រទេស​កម្ពុជា​ដើម្បី​ការ​អភិវឌ្ឍ​ជា​សាកល​ឆ្នាំ​២០១៥»។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​គ្រោង​នឹងដាក់​ជូន​ដល់​រដ្ឋាភិបាល​នូវ​អ្វីដែល​ពួកខ្លួន​បាន​រកឃើញ​នេះ​ស្រប​ពេល​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​រៀបចំ​ផែនការ​អភិវឌ្ឍន៍​ជាតិ​ថ្មី​ឆ្នាំ២០១៤​និង​២០១៨។

លោក​តឹក វណ្ណារ៉ា ​នាយក​ប្រតិបត្តិ​រង​របស់​អង្គការ​ NGO Forum ​រំពឹង​ថា​រដ្ឋាភិបាល​នឹង​បញ្ជ្រាប​សេចក្តី​ត្រូវការ​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ទាំងនេះ​សម្រាប់​រៀបចំ​គោលនយោបាយ​រដ្ឋាភិបាល​ថ្មី។

ដោយឡែក​លោក​យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​យល់ថា​គោលនយោបាយ​នៃ​គណបក្ស​របស់​លោក​បាន​ឆ្លើយតប​ទៅនឹង​សេចក្តី​ត្រូវការ​នេះ​រួចទៅហើយ។

«ពីព្រោះ​អ្វីដែល​យើង​ធ្វើ​គឺ​យើង​ធ្វើ​ដើម្បី​ប្រទេសជាតិ​យើង​ហើយ​គោលនយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លក្ខណៈ​ស្រដៀង​ទៅនឹង​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន»។

លោក​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​ស្វាគមន៍​អ្វី​ដែល​ក្រុម​ប្រជា​ពលរដ្ឋ​ចង់បាន​នេះ។

«បាទ​រដ្ឋាភិបាល​តែងតែ​ស្វាគមន៍​នូវ​ការ​លើកឡើង​ទាំង​ថ្នាក់ជាតិ​ និង​ថ្នាក់​អន្តរជាតិ​ពីព្រោះថា​យើង​ជា​ប្រទេស​ប្រកាន់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ។ សម្រាប់​ការ​លើក​ឡើង​ជា​អនុសាសន៍​ពី​សង្គម​ស៊ីវិល​និង​មហាជន​ទូទៅ​ដូចជា​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ដើម្បី​ទាំងអស់គ្នា​បាន​ធ្វើ​កំណែទម្រង់​ស៊ី​ជម្រៅ និង​ការ​បត់បែន​ដើម្បី​ទាំងអស់គ្នា​ផងដែរ»។

ព្រម​ជាមួយ​គ្នា​នេះ​របាយ​ការណ៍​នេះ​ក៏​នឹង​ត្រូវ​ដាក់ជូន​ដល់​គណបក្ស​នយោបាយ​នានា​ពិភាក្សា​ផង​ដែរ​នៅ​ដើម​សប្តាហ៍​នា​ខែ​ក្រោយ​នេះ៕
XS
SM
MD
LG