ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស្ទង់​មតិ​ថ្មី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​លោក​ Trump ចំពោះ​តំបន់​អាស៊ាន


រថយន្ត​នានា​ឆ្លង​កាត់​ស្ពាន​មិត្តភាព​ជប៉ុន-ថៃ នៅ​ក្នុង​ក្រុង​បាងកក ប្រទេស​ថៃ។

ទោះ​ណា​ជា​មាន​ការ​ជំរុញ​ថ្មី​មួយ​ដោយ​រដ្ឋបាល​ប្រធានាធិបតី​ស.រ.អា. Donald Trump ក្នុង​ការ​ឈោង​ដៃ​ទៅ​រក​ទ្វីប​អាស៊ី​អាគ្នេយ៍​ក៍​ដោយ​ ក៏​ការ​ស្ទង់មតិ​ថ្មី​មួយ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ការ​ទុក​ចិត្ត​ដល់​ការ​ទាក់ទង​គ្នា​នេះ​មាន​កម្រិតទាប។​

ដោយ​មាន​ចំណង​ជើង​ថា «តើ​ពលរដ្ឋ​ក្នុង​ទ្វី​បអាស៊ី​អាគ្នេយ៍​យល់​ឃើញ​បែប​ណា​អំពី​រដ្ឋបាល Trump?» ការ​ស្ទង់មតិ​តាម​អ៊ីនធឺណិត​បា​នត្រូវ​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល​សិក្សា​អំពី​សមាគម​អាស៊ាន​នៅ​ឯ​វិទ្យាស្ថាន​ ISEAS-Yusof Ishak មាន​មូលដ្ឋាន​ក្នុង​ប្រទេសសិង្ហបុរី។ ​មជ្ឈមណ្ឌល​នេះ​បាន​ទទួល​ការ​ឆ្លើយតប​ជាង​៣០០​កាល​ពី​ខែ​មុន​ពីមន្ត្រី​រដ្ឋាភិបាល ​សមាជិក​សង្គម​ស៊ីវិល ​មេដឹកនាំ​ជំនួញ ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ និង​ក្រុម​អ្នក​កាសែត​ក្នុង​ប្រទេស​នានា​នៃ​សមាគម​អាស៊ាន។

ក្រុម​អ្នក​ឆ្លើយតប​ប្រមាណ​៤៣ភាគរយ​បាន​និយាយ​ថា​រដ្ឋបាល Trump «មិន​យក​ចិត្ត​ទុក​ដាក់» នឹង​អាស៊ីអាគ្នេយ៍​ទេ បើ​ប្រៀបធៀប​នឹង​ចំនួន​៣៧ភាគរយ​ថា​រដ្ឋបាល​នេះ​យក​ចិត្តទុក​ដាក់​នឹង​ទ្វីប​អាស៊ីអាគ្នេយ៍។ ចំនួន​ប្រមាណ​៤៣ភាគ​រយ​នៃ​ក្រុម​អ្នក​ឆ្លើយតប​បានថ្លែង​ថា​ពួក​គេ​រំពឹង​ថា ​ការ​ទាក់ទង​របស់​ស.រ.អា.​ជាមួយ​តំបន់​នោះ​នឹង​ចុះ​ថមថយ ហើយ​ថា​ស.រ.អា.​មិន​អាច «ពឹងពាក់​បាន​ទេ» ក្នុង​ឋានៈ​ជា​សម្ព័ន្ធមិត្ត​មួយ​បើ​ប្រៀបធៀប​នឹង​ការ​ស្ទង់មតិ​កាល​ពី​បួន​ខែ​មុន​នេះ។

រដ្ឋបាល​ Trump បាន​ខិតខំ​ព្យាយាម​បំបាត់​កង្វល់​ទាំង​នេះ​ដោយ​ឈោងដៃ​ទាក់ទង​ជាមួយ​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​នោះ។​ កាលពី​ចុង​សប្តាហ៍​មុន លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួលរដ្ឋ​មន្ត្រី​ការបរទេស និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​ទាំង​១០ជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ជា​លើក​ដំបូង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ភ្ញៀវ​ទាំង​នេះ​បាន​ចូល​រួមក្នុង​ការ​ពិភាក្សា​គ្នា​អំពី​ពាណិជ្ជកម្ម បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង និង​បញ្ហា​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ពួក​គេ​ក៏​បាន​ទៅ​មើល​ការ​ប្រកួត​កីឡា​ Baseball មួយ​ផង​ដែរ៕

XS
SM
MD
LG