ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី​ខាង​កើត​ស្វាគមន៍​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​របស់​អង្គការ​សហប្រជាជាតិ​លើ​កូរ៉េ​ខាង​ជើង


លោក Yun Byung-se រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាង​ត្បូង​ថ្លែង​ពី​ទណ្ឌកម្ម​ថ្មី​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Yun Byung-se រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាង​ត្បូង​ថ្លែង​ពី​ទណ្ឌកម្ម​ថ្មី​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ក្នុង​ក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទ្វីប​អាស៊ី​ខាង​កើត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ស្វាគមន៍​ការ​ដាក់​ទណ្ឌកម្ម​តឹងតែង​ជាង​មុន​បន្ថែម​ទៀត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង នៅ​ក្នុង​សេចក្ដី​សម្រេច​លេខ ២៣២១ ដែល​បាន​អនុម័ត​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ចេញ​សេចក្ដី​ប្រកាស​គាំទ្រ​សេចក្ដី​សម្រេច​ថ្មី​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នេះ ដោយ​បាន​លើក​ឡើង​ថា​សេចក្ដី​សម្រេច​នេះ «ឆ្លុះ​បញ្ចាំង​ពី​គោល​បំណង​របស់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ចាត់​វិធានការ​តឹងតែង​នានា ដែល​ខុស​ទាំង​ស្រុង​ពី​វិធានការ​កាល​ពី​លើក​មុនៗ‍»។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​ជំរុញ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​របស់​សហគមន៍​អន្តរជាតិ ដើម្បី​បញ្ឈប់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន បើ​មិន​ដូច្នេះ​ទេ កូរ៉េ​ខាង​ជើង​នឹង​ប្រឈម​ជាមួយ​នឹង​ផល​លំបាក​នានា​បន្ថែម​ទៀត​ជា​មិន​ខាន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​លោក Cho June-hyuck បាន​និយាយ​ថា៖ «កូរ៉េ​ខាង​ជើង​នឹង​មិន​គ្រាន់តែ​ជួប​ប្រទះ​នូវ​ផល​លំបាក​ផ្នែក​សេដ្ឋកិច្ច និង​ភាព​ឯកោ​ផ្នែក​ការទូត​នោះ​ទេ ប៉ុន្តែ​សិទ្ធិ និង​បុព្វសិទ្ធិ​របស់​ប្រទេស​នេះ​ក្នុង​ឋានៈ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ ក៏​ត្រូវ​គេ​ផ្អាក​ផង​ដែរ‍»។

ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចំពោះ​សេចក្ដី​សម្រេច​នេះ ក៏​មាន​សារៈសំខាន់​ណាស់​ដែរ ដោយហេតុថា លំហូរ​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ជើង ៩០ ភាគរយ ជា​ទូទៅ​គឺ​ចូល​ទៅ​កាន់​ប្រទេស​ចិន ឬ​ឆ្លងកាត់​ប្រទេស​ចិន។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ជា​ច្រើន​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​តាំង​ពី​ឆ្នាំ ២០០៦ មក។ អ្នក​ការទូត​នានា​បាន​និយាយ​ថា វិធានការ​ទាំង​នេះ​បាន​ពន្យារពេល​កូរ៉េ​ខាង​ជើង​មិន​ឲ្យ​សម្រេច​បាន​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ ប៉ុន្តែ កន្លង​មក វិធានការ​ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​លះបង់​មហិច្ឆតា​អាវុធ​បរមាណូ​របស់​ខ្លួន​នោះ​ទេ៕

XS
SM
MD
LG