ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ថ្មី​បារាំង​ប្រកាស​រដ្ឋាភិបាល​ដំបូង​របស់​លោក​


ការហែក្បួន​ប្រធានាធិបតី​បារាំង​ថ្មី​ Emmanuel Macron ក្នុង​ពិធី​កាន់ដំណែង​ថ្មី​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី​១៤ ឧសភា ២០១៧។
ការហែក្បួន​ប្រធានាធិបតី​បារាំង​ថ្មី​ Emmanuel Macron ក្នុង​ពិធី​កាន់ដំណែង​ថ្មី​ជា​ផ្លូវការ​កាល​ពី​ថ្ងៃទី​១៤ ឧសភា ២០១៧។

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ដែល​ទើប​តែ​ជាប់ឆ្នោត​ថ្មី បាន​តែងតាំង​មន្ត្រី​សម្រាប់​គណៈរដ្ឋមន្ត្រី​របស់​លោក។

រដ្ឋាភិបាល​ដំបូង​របស់​លោក​មាន​ពាក់កណ្តាល​ជា​បុរស​និង​ពាក់កណ្តាល​ជា​ស្ត្រី ដែល​ពួកគេ​ជា​អ្នក​នយោបាយ​មាន​បទពិសោធន៍​ខុសៗ​គ្នា​ពី​គណបក្ស​ជាច្រើន និង​មាន​អ្នក​ថ្មី​មក​ពី​សង្គម​ស៊ីវិល​ផង​ដែរ។ ​

អតីត​រដ្ឋមន្ត្រី​ការពារ​ប្រទេស​របស់​បារាំង លោក Jean-Yves Le Drian ដែល​ជា​អ្នក​សង្គម​និយម ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។ ក្នុង​រយៈពេល​៥​ឆ្នាំ ដែល​លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ក្រោម​អាណត្តិ​លោក​ប្រធានាធិបតី Francois Hollande លោក Le Drian ដឹកនាំ​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស ម៉ាលី សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល អ៊ីរ៉ាក់ និង​ស៊ីរី។

លោក​ចូលរួម​ជាមួយ​នឹង​លោក​នាយករដ្ឋមន្ត្រី Edouard Philippe ដែល​លោក​ប្រធានាធិបតី Macron បាន​តែងតាំង​កាល​ពី​ថ្ងៃ​ច័ន្ទ មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី។

អ្នកនិយម​ស្តាំ​ល្បីល្បាញ លោក Bruno Le Maire ត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ដែល​លោក​ជា​អ្នក​អភិរក្សនិយម​ម្នាក់​ក្នុង​ចំណោម​អ្នក​អភិរក្សនិយម​៣​នាក់​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ថ្មី​នេះ​គឺ​លោកស្រី Sylvie Goulard មាន​វ័យ​៥៩ឆ្នាំ ដែល​ជា​អ្នក​នយោបាយ​ប្រកាន់​កណ្តាល​និយម។ លោកស្រី​បាន​ចាប់ផ្តើម​ការងារ​របស់​ខ្លួន​ដោយ​ចូលបម្រើការ​ឲ្យ​ក្រសួង​ការ​បរទេស​បារាំង៕

XS
SM
MD
LG