ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល Netanyahu ចាត់​វិធានការ​ការទូត​ប្រឆាំង​នឹង​ប្រទេសគាំទ្រ​សេចក្តី​សម្រេច​​អ.ស.ប


រូប​ភាពឯកសារ៖ Amona បុស្តិ៍ដែល​គ្មាន​ការ​អនុញ្ញាត​នៅ​តំបន់​ West Bank នៅ​ភាគ​ខាង​កើត​ទីក្រុងនៃ​ប្រទេស​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃទី ១៦ វិច្ឆិកា​២០១៦។

រូប​ភាពឯកសារ៖ Amona បុស្តិ៍ដែល​គ្មាន​ការ​អនុញ្ញាត​នៅ​តំបន់​ West Bank នៅ​ភាគ​ខាង​កើត​ទីក្រុងនៃ​ប្រទេស​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃទី ១៦ វិច្ឆិកា​២០១៦។

លោក Benjamin Netanyahu នាយករដ្ឋ​មន្រ្តី​អ៊ីស្រាអែល​កំពុង​ចាត់​វិធានការ​ខាង​ការទូត​ប្រឆាំង​នឹង​ប្រទេស​នានា​ដែល​ជា​សហ​អ្នកគាំទ្រ​សេចក្តី​សម្រេចចិត្ត​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ស្ថាបនាការ​តាំង​ទី​លំ​នៅ​របស់​អម្បូរ​ជន​ជាតិ​យូដា​នៅ​ក្នុង​តំបន់ West Bank និងទីក្រុង East Jerusalem ដែល​ជន​ជាតិ​ប៉ាឡេស្ទីន​ចង់​ធ្វើ​ជារដ្ឋ​ធានី​សម្រាប់​រដ្ឋ​នៅ​ពេល​អនាគត។

នៅ​ថ្ងៃ​សៅរ៍​នេះ នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល Netanyahu បាន​បញ្ជាឲ្យ​អគ្គរដ្ឋ​ទូត​អ៊ីស្រាអែល​ប្រចាំ​នៅ​ប្រទេស​នូវែលសេឡង់​និង​ប្រទេស​សេណេហ្គាល់ឲ្យ​វិល​ត្រឡប់​មកកាន់​ប្រទេស​វិញ​ដើម្បីពិភាក្សា។

ការបោះឆ្នោត​កាល​ពី​ថ្ងៃ​សុក្រ​បាន​គ្រោង​ធ្វើ​ឡើង​ទៅតាម​សំណើ​របស់​ប្រទេស​២​និង​ប្រទេសវ៉េណេស៊ុយអេឡា​និង​ម៉ាឡេស៊ី។​ប្រទេស​អេហ្ស៊ីប​បាន​ស្នើ​សេចក្តី​សម្រេច ចិត្ត​នេះ​មុន​គេ ​ក៏ប៉ុន្តែ ​បាន​ដក​សំណើ​របស់​ខ្លួន​វិញ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​បន្ទាប់​ពី​ការ​ហៅ​ទូរស័ព្ទ​រវាងលោក Abdel Fattah el-Sissi ប្រធានា​ធិបតី​នៃ​ប្រ​ទេស​អេហ្ស៊ីប​និង​ប្រធានា​ធិបតីជាប់​ឆ្នោត​សហរដ្ឋអាមេរិក ​ដូណាល់ ត្រាំ។

ការរកាំ​ចិត្ត​នៅ​ក្នុង​រដ្ឋ​បាល​របស់​លោក​អូបាម៉ា​បាន​បន្ត​មាន​ឡើងលើ​ការ​ពង្រីក​ការ​តាំង​ទី​លំនៅ​របស់​អ៊ីស្រាអែលបាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ​នៅពេល​ដែល​សហរដ្ឋ​អាមេ រិក​បាន​ចាត់​វិធានការ​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​ដែលអនុញ្ញាតឲ្យ​សេចក្តី​សម្រេច ចិត្ត​នោះ​បាន​អនុម័ត​នៅ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខរបស់​អង្គការ​សហប្រជាជាតិ។

លោក Ben Rhode ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​រង​របស់​សេតវិមាន ​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មានថា «​យើង​មិន​អាច​បោះឆ្នោត​វ៉េតូ​ប្រឆាំង​នឹង​សេចក្តី​សម្រេចចិត្ត​នេះ​ទេ‍»។

លោក Rhode បាន​មាន​ប្រសាសន៍​ថា ថ្វីបើ​សហរដ្ឋ​អាមេរិកគាំទ្រ​ម្តងហើយ​ម្តងទៀត​ដល់​ប្រទេស​អ៊ីស្រាអែល ​រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​មិនអើ​ពើម្តងហើយ ម្តងទៀតដល់​ការ​ព្រួយ​កង្វល់​អំពីការតាំង​ទី​លំនៅ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​ដែន​ដី​ប៉ាឡេស្ទីន​ដែល​ខ្លួនបាន​ត្រួតត្រា​ចាប់​តាំង​ពី​ឆ្នាំ​១៩៦៧​មក៕

XS
SM
MD
LG