ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Neil Gorsuch នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក


បេក្ខជន​ជ្រើស​តាំង​តុលាការកំពូល​ លោក Neil Gorsuch រៀប​ចំ​ថ្លែង​ទីបន្ទាល់​នៅ​ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃអង្គារ​ទី​២១ មីនា ២០១៧។

លោក Neil Gorsuch នឹង​ស្បថ​ចូល​កាន់​តំណែង​ជា​ចៅក្រម​នៅ​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ក្នុង​រយៈពេល ១៤ ខែ​ក្រោយ​មក បន្ទាប់ពី​លោក​ចៅក្រម Antonin Scalia បាន​ទទួល​មរណភាព។

លោក​ចៅក្រម​ថ្មី​នឹង​ធ្វើ​ការ​ស្បថ​ដែល​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ ចំនួន​ពីរ​ដង​នៅ​ក្នុង​ពិធី​ពីរ​ផ្សេង​គ្នា។

ការ​ស្បថ​លើក​ទី​មួយ​នឹង​ធ្វើ​ឡើង​ជា​លក្ខណៈ​ឯកជន ដែល​រៀបចំ​ដោយ​លោក​ប្រធាន​ចៅក្រម John Roberts នៅ​ឯ​តុលាការ​កំពូល។ បន្ទាប់​មក លោក​ចៅក្រម Anthony Kennedy នឹង​រៀបចំ​ការ​ស្បថ​មួយ​លើក​ទៀត​នៅ​ក្នុង​ពិធី​មួយ​នៅ​ឯ​សួនច្បារ​ផ្កា​កុលាប​នៅ​ក្នុង​បរិវេណ​សេតវិមាន ដោយ​មាន​លោក​ប្រធានាធិបតី Donald Trump និង​លោក​អនុ​ប្រធានាធិបតី Mike Pence ចូលរួម​ផង​ដែរ។

លោក Trump បាន​ជ្រើសរើស​លោក Gorsuch ឲ្យ​ចូល​បំពេញ​តំណែង​ចៅក្រម​ដែល​ទំនេរ​នៅ​ក្នុង​តុលាការ​កំពូល កាល​ពី​ចុង​ខែ​មករា ហើយ​កាល​ពី​សប្ដាហ៍​មុន ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​បាន​ផ្ដល់​សច្ចានុមតិ​ដល់​លោក Gorsuch នៅ​ក្នុង​សំឡេង ៥៤ លើ ៤៥ សំឡេង។

មិន​មាន​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សាធារណរដ្ឋ​រូប​ណា​ដែល​បោះ​ឆ្នោត​ប្រឆាំង​នឹង​លោក Gorsuch នោះ​ទេ។ មាន​តែ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាធិបតេយ្យ​តែ ៣ រូប​ប៉ុណ្ណោះ ដែល​គាំទ្រ​ចំពោះ​ការ​ផ្ដល់​សច្ចានុមតិ​ដល់​លោក Gorsuch៕

XS
SM
MD
LG