ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.ប ​ចាប់​ផ្ដើម​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ថ្មី​នៅ​តាម​ឃុំ​សង្កាត់​ទូទាំង​ប្រទេស

  • ហ៊ាន សុជាតា

ប្រជាពលរដ្ឋកម្ពុជាមកផ្ទៀងផ្ទាត់ឈ្មោះ និងកំណត់ត្រាព័ត៌មាន ក្នុងបញ្ជីបោះឆ្នោតដំបូង ដែលបិទផ្សាយដោយ គ.ជ.ប. ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ប្រជាពលរដ្ឋកម្ពុជាមកផ្ទៀងផ្ទាត់ឈ្មោះ និងកំណត់ត្រាព័ត៌មាន ក្នុងបញ្ជីបោះឆ្នោតដំបូង ដែលបិទផ្សាយដោយ គ.ជ.ប. ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ VOA បាន​ជួប​សម្ភាសន៍​​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ដោយ​ពួកគេ​យល់​ថា​ បញ្ជី​នេះ​មាន​ភាព​សុក្រឹត និង​ងាយ​ស្រួល​ផ្ទៀង​ផ្ទាត់​ជាង​បញ្ជី​មុនៗ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប​ នៅ​ថ្ងៃ​អង្គារ​ ទី៣ ខែ​មករានេះ​ បាន​ចាប់ផ្ដើម​បិទ​ផ្សាយ​បញ្ជី​បោះឆ្នោត​ថ្មី​ជា​លើកដំបូង​ និង​បញ្ជី​ឈ្មោះ​ស្ទួន​ដែល​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​ទូទាំង​ប្រទេស។

ការ​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​រយៈពេល​១០​ថ្ងៃ​នេះ​ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អាច​ពិនិត្យ​មើល​ឈ្មោះ​ និង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​របស់​ពួកគេ​ថា​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។

ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ VOA បាន​ជួប​សម្ភាសន៍បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ ដោយ​ពួកគេ​យល់​ថា​ បញ្ជី​នេះ​មាន​ភាព​សុក្រឹត និង​ងាយ​ស្រួល​ផ្ទៀង​ផ្ទាត់​ជាង​បញ្ជី​មុនៗ។

លោក​ ទ្រឿង​ សំរាយ​ វ័យ​៧០​ឆ្នាំ​ ជា​មន្ត្រី​រាជការ​ចូល​និវត្តន៍​មួយ​រូប ​ ដែល​រស់នៅ​ក្នុង​សង្កាត់​បឹង​កេងកង​៣ រាជធានី​ភ្នំពេញ​ បាន​មក​ផ្ទៀងផ្ទាត់​ឈ្មោះ​របស់​លោក​ និង​ក្រុម​គ្រួសារ។

​«ការ​ចុះ​ឈ្មោះ​ថ្មី​នេះ​ ឃើញ​ថា​ល្អ​ជាង​មុន។ មុន​មាន​តែ​ឈ្មោះ​ តែ​គ្មាន​រូប​ថត ឥឡូវ​ច្បាស់លាស់។​ ខ្ញុំ​មក​មើល​ក្រែង​លោ ខុស​ឈ្មោះ​ខ្ញុំ។​ តែ​ខុស​ឈ្មោះ​ខ្ញុំ​ ខ្ញុំ Complain [តវ៉ា] ហើយ។ អ្នកណា​ដែល​ខុស​ គេ​ខ្វែង។​ តិច​ទៀត​ខ្ញុំ​នឹង​រៀបចំ​បោះ​ចៅ​សង្កាត់​ណា​ ដែល​ខ្ញុំ​ពេញ​ចិត្ត​ដែល​ធ្វើ​ឲ្យ​ ខ្ញុំ​វិវឌ្ឍ ទៅ​អភិវឌ្ឍ​ ទៅ​វឌ្ឍនភាព»។

លោក​ ហាក់​ សារុំ​ វ័យ​៤៨​ឆ្នាំ​ ជា​ពលរដ្ឋ​ម្នាក់​ទៀត​ក្នុង​រាជធានី​ភ្នំពេញ។ មន្ត្រី​រាជការ​នៃ​ក្រសួង​បរិស្ថាន​រូប​នេះ​ថ្លែង​ប្រាប់​ VOA ក្រោយ​ពេល​លោក​ផ្ទៀងផ្ទាត់​ឈ្មោះ​លោក​រួចរាល់​យ៉ាង​ដូច្នេះ​ថា៖

«ខ្ញុំ​ឃើញ​ដំណើរការ​ថ្មី​ដូច​លឿន​ជាង​មុន​ ហើយ​ដូច​ច្បាស់​ មាន​ឈ្មោះ ​រូបថត ឃើញ​មក​ដល់​ស្រួល​រក។ យើង​មើល​តាម​ឈ្មោះ​ អក្សរ​ទៅ​ ត្រកូល​យើង​អ៊ីចឹង​ទៅ ហើយ​ផ្ទៀង​មើល​ទៅ​ថា​សរសេរ​ខុស​ ឬ​ត្រូវ។ បើ​ខុស​ ប្រាប់​អាជ្ញាធរ។ ហើយ​ឈ្មោះ​ខ្ញុំ​ត្រូវ​អស់​ហើយ»។

គ.ជ.ប. បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះស្ទួនដែលលុបចេញពីបញ្ជី ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាមកផ្ទៀងផ្ទាត់ឈ្មោះ និងកំណត់ត្រាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

គ.ជ.ប. បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះស្ទួនដែលលុបចេញពីបញ្ជី ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាមកផ្ទៀងផ្ទាត់ឈ្មោះ និងកំណត់ត្រាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

​លោក ​ហាក់​ សារុំ​ រំពឹង​ចង់​ឃើញ​ភូមិ​ឃុំ​ដែល​លោក​រស់នៅ​មាន​សុវត្ថិភាព​ និង​សន្តិសុខ​សង្គម​ជាង​មុន​ បន្ទាប់ពី​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​នា​ពេល​ខាង​មុខ។

«យើង​ឃើញ​ស្ពាន​ ថ្នល់​ ភ្លើង​ ទឹក​អី មាន​អស់​ហើយ។ សំខាន់​ ខ្ញុំ​ចង់​បាន​ឲ្យ​វា​មាន​សុវត្ថិភាព»។

​បញ្ជី​បោះ​ឆ្នោត​ថ្មី​នេះ​ ត្រូវ​បានបិទ​ផ្សាយ​ចាប់​ពី​ថ្ងៃ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១៤ ​ខែ​មករា​ខាងមុខ​ ដើម្បី​ឲ្យ​ពលរដ្ឋ​កម្ពុជា​អាច​ប្ដឹង​តវ៉ា​ចំពោះ​ការ​កត់ត្រា​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នានា​ ព្រម​ទាំង​អាច​ប្ដឹង​ជំទាស់​ចំពោះ​បុគ្គល​ណា​ដែល​មាន​ឈ្មោះ​ស្ទួន​ ឬ​ជន​ណា​ដែល​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់។

លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​ គ.ជ.ប​ បញ្ជាក់​ប្រាប់​ VOA​ ថា​ ក្នុង​ករណី​ប្រជា​ពលរដ្ឋ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​បញ្ជី​បោះឆ្នោត​ដំបូង​នេះ​ ពួក​គេ​អាច​ប្ដឹង​តវ៉ា​ ឬ​ជំទាស់​ទៅ​នឹង​បញ្ជី​នេះ​ទៅ​កាន់​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​ គ.ជ.ប​ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រឹម​ថ្ងៃ​ទី​១៤​ ខែ​មករា​ ឆ្នាំ​២០១៧​ខាង​មុខ។

«បើ​សិន​ជា​មាន​អ្វី​ខុស​ឆ្គង​ ប្រជា​ពលរដ្ឋ​អាច​ប្ដឹង​បាន។ ​ទី១​ ប្ដឹង​តវ៉ា ​ដើម្បី​កែ​ទិន្នន័យ។​ ប្ដឹង​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ។ បើ​មិន​ពេញចិត្ត​អាច​ប្ដឹង​បន្ត​ទៅ​គ.ជ.ប។ ​ហើយ​បើ​មិន​ពេញចិត្ត​ទៀត​ អាច​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ»។

លោក​ ហង្ស​ ពុទ្ធា ​ឲ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​ក៏​អាច​ពិនិត្យ​មើល​ឈ្មោះ​ និង​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​របស់​ពួកគេ​នៅ​លើ​គេហទំព័រ​របស់​ គ.ជ.ប​ ផង​ដែរ។

លោក​ សំ​ គន្ធាមី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​បញ្ជី​ឈ្មោះ​ថ្មី​នេះ បើ​ប្រៀបធៀប​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត​មុនៗ​ ដោយ​សារ​ការ​ចុះឈ្មោះ​ថ្មី​នេះ ​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ និង​មាន​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​ជា​ច្រើន​សារ​មក​ហើយ។

យ៉ាង​ណា​ក៏​ដោយ​ លោក​យល់ថា ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​បិទផ្សាយ​បញ្ជី​បោះឆ្នោត​ដំបូង​នេះ​ នៅ​មិន​ទាន់​ទូលំ​ទូលាយ​គ្រប់គ្រាន់​នៅ​ឡើយ​ ដែល​ជា​ហេតុ​ធ្វើឲ្យ​ពលរដ្ឋ​ខ្លះ​នៅ​មិនទាន់​បាន​ដឹង​ពី​ព័ត៌មាន​នេះ​បាន​គ្រប់​ជ្រុង​ជ្រោយ។

«ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ដំបូង​នេះ​ទាមទារ​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូលាយ​ទៅ​ ដើម្បី​ឲ្យ​គាត់​ដឹង​ពេល​វេលា​រយៈពេល​១០​ថ្ងៃ​ហ្នឹង​ ដើម្បី​ឲ្យ​គាត់​យក​ចុង​សន្លឹក​ ឬ​បង្កាន់​ដៃ​ចុះ​ឈ្មោះ​បោះឆ្នោត​ទៅ​ផ្ទៀង។ ភាគច្រើន​អត់​ដឹង​ទេ​ថា​ គេ​បិទផ្សាយ​បញ្ជី​ឈ្មោះ​ដំបូង​នៅ​ថ្ងៃ​នេះ​ទេ»។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​ធ្វើ​ឡើង​រយៈពេល​បី​ខែ​ចុង​ឆ្នាំ២០១៦​កន្លង​ទៅ​នេះ​ មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជាង​៧​លាន​ ៨​សែន​នាក់​ ឬ​ស្មើ​នឹង​៨១.​៥៨%​ នៃ​ចំនួន​ប្រជា​ពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​សរុប។ ក្នុង​នោះ​ ឈ្មោះ​ស្ទួន​ចំនួន​ជាង​៨.០០០ ត្រូវ​បាន​រក​ឃើញ ​និង​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​ដំបូង​នេះ៕

XS
SM
MD
LG