ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.ប ស្នើ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ផ្ដល់​ម៉ោង​ស្មើៗគ្នា​ សម្រាប់​ការ​ឃោសនា​នយោបាយ


រូបភាព​ឯកសារ​៖ លោក ស៊ិក ប៊ុនហ៊ុក ប្រធាន​គណៈ​កម្មការ​រៀបចំ​ការ​បោះឆ្នោត គ.ជ.ប នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​ទាក់ទង​នឹង​ការ​ចុះឈ្មោះ​បោះឆ្នោត ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​សីហា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ឬ​ហៅ​កាត់​ (គ.ជ.ប) បាន​ស្នើ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ លក់​ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ ឲ្យ​គណបក្ស​នយោបាយ​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ ដោយ​ឈរ​លើ​គោលការណ៍​​ស្មើ​ភាព​គ្នា។

នៅ​សល់​ពេល​តែ​ប្រមាណ​ជាង​មួយ​ខែ​ទៀតប៉ុណ្ណោះ​ ប្រទេស​កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត ​ឃុំ-សង្កាត់​ សម្រាប់​អាណត្តិ​ទី​បួន។ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ ស្នើ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ កុំ​ឲ្យ​មាន​ភាព​លម្អៀង​ក្នុង​ការ​លក់​ ឬ​ ជួល​ម៉ោង​ផ្សាយ​ឲ្យ​គណ​បក្ស​នយោបាយ​ ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​ខ្លួន។ អ្នក​សង្កេតការណ៍​បោះឆ្នោត​នៅ​កម្ពុជា​ និយាយ​ថា​ ការ​កំណត់​នេះ​ នឹង​មិន​មាន​ប្រសិទ្ធភាព​សម្រាប់​វិទ្យុ និង​ទូរទស្សន៍​ឯក​ជន​នោះ​ទេ។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ឬ​ហៅ​កាត់​ (គ.ជ.ប) បាន​ស្នើ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ លក់​ ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ ឲ្យ​គណបក្ស​នយោបាយ​ ដើម្បី​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ ដោយ​ឈរ​លើ​គោលការណ៍ស្មើ​ភាព​គ្នា។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ​នេះ។

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​ ៤ ខែ​មិថុនា​ ខាងមុខ​នេះ។ ការ​បោះឆ្នោត​ឃុំ​-សង្កាត់​នេះ​ ត្រូវ​បាន​ធ្វើឡើង​បី​អាណត្តិ​កន្លង​មក​ហើយ។

ក្នុង​លិខិត​របស់​គ.ជ.ប​ ចុះ​ថ្ងៃ​ ១២ ខែ​មេសា​ ​ប្រធាន​គ.ជ.ប លោក​ ស៊ិក ប៊ុនហុក​ បាន​សរសេរ​ថា៖​

«ការ​លក់​ឬ​ជួល​ម៉ោង​ផ្សព្វផ្សាយ​ឲ្យ​គណបក្ស​នយោបាយ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​ របស់​គណ​បក្ស​នយោបាយ​ ត្រូវ​ផ្អែក​ទៅតាម​គោលការណ៍​ស្មើ​ភាព​ តម្លៃ​ស្មើៗ​គ្នា​ និង​តាមលំដាប់​មុន ក្រោយ»។​

លិខិត​នោះ​ បាន​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លក់​ ឬ​ជួល​ផ្តាច់​មុខ​ឲ្យ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ ហើយ​ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ ​ក៏​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ខ្លឹមសារ​នៃ​ការ​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្ស​នយោបាយ​ឡើយ។

លោក​ស្រី​ ជា ស៊ុនដាណែត​ នាយិកា​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ដែល​មាន​វិទ្យុ​អេហ្វអឹម​១០២ ប្រាប់​ VOA ថា​ គោលការណ៍​ដែល​ គ.ជ.ប បាន​កំណត់​នេះ​ គឺ​ជា​គោលការណ៍​ចាស់​តែ​ប៉ុណ្ណោះ​ ហើយ​ជា​គោលការណ៍​ដែល​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​បាន​អនុវត្ត​តាម​កាលពី​ពេល​កន្លង​មក​ដែរ។​

លោក​ស្រី​ បន្ត​ថា​ ទោះបីជា​មាន​គោលការណ៍​កំណត់​ការ​លក់​ ឬ​ជួល​ម៉ោង​យ៉ាង​នេះ​ក្តី ក៏ប៉ុន្តែ​គណបក្ស​នយោបាយ​ នៅ​អាច​ទទួល​បាន​ម៉ោង​ផ្សព្វផ្សាយ​គោលនយោបាយ​ ដោយ​ឥត​គិត​ថ្លៃ​ តាម​រយៈ​គម្រោង​របស់​ដៃ​គូ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

«កន្លងមក​វា​មិន​ដែល​មាន​គណបក្ស​ណា​មក​ មក​ជួល​ទិញ​ម៉ោង​មីង​ទេ។ ដោយសារ​ថា​ យើង​មាន​ project [គម្រោង]​ ដូច​យើង​មាន project ចឹង​ យើង​ឲ្យ​គាត់​មក​ free free [ឥតគិតថ្លៃ] ​ហើយ​ហ្នឹង។ ហើយ​ឥឡូវ​ហ្នឹង​ ប៉ុន្មាន​ថ្ងៃ​មុន​ហ្នឹង​ មូលនិធិ​អាស៊ី​ ដូចជា​ទូត​អាមេរិក​អី​ហ្នឹង​ប្រកាស​ ថា​មាន​លុយ​សម្រាប់​ហ្នឹង​ទៀត​ហើយ យើង​កំពុង​ submit [ដាក់ពាក្យ]។​ បើ​បាន​លុយ​ហ្នឹង​មក​ គឺ​គាត់​មក​ម៉ោង​យើង​ហ្នឹង​ គឺ​ free ទៀត​ហើយ​ អត់​មាន​អស់​លុយ​ទេ»។

លោក​ស្រី​បាន​បន្ថែម​ថា​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​មាន​ការកំណត់​តឹងរ៉ឹង​ចំពោះ​ ខ្លឹមសារ​នៃ​ការ​ផ្សព្វ ផ្សាយ​គោល​នយោបាយ​របស់​គណបក្ស​នយោបាយ​នីមួយៗ​ ដោយ​មណ្ឌល​នឹង​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​មួយ​យកពេល​ឃោសនា​គោលនយោបាយ​នេះ​ ទៅ​វាយប្រហារ​គណបក្ស​ផ្សេង​ទៀត​នោះ​ទេ។​

លោក សាម អ៊ីន​ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ប្រាប់​ VOAថា​ គណបក្ស​ដែល​ទើបតែ​បង្កើត​ថ្មី​នេះ​ ពុំ​មាន​លទ្ធភាព​ជួល​ម៉ោង​ផ្សាយ​ពី​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ឯក​ជន​នោះ​ទេ។ ដូច្នេះ​ គណបក្ស​នេះ នឹង​ស្វះស្វែង​រក​ម៉ោង​ផ្សាយ​ពី​គោលនយោបាយ​ខ្លួន​តាម​ស្ថានីយវិទ្យុ និង​ទូរទស្សន៍​របស់​រដ្ឋ​ ដូច​ជា​ទូរទស្សន៍​ជាតិ​កម្ពុជា​ និង​វិទ្យុ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

លោក​មាន​ប្រសាសន៍​ថា​ ការកំណត់​គោលការណ៍​ស្មើ​ភាព​នៃ​ម៉ោង​ផ្សាយ​ដែល​ធ្វើ​ឡើង​ដោយ​គ.ជ.ប​នេះ​ គឺ​ជា​រឿង​ត្រឹមត្រូវ​មួយ។ តែ​លោក​មិន​ប្រាកដថា​ ម្ចាស់​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​ឯក​ជន​ អាច​អនុវត្ត​គោលការណ៍​នេះ​បាន​កម្រិត​ណា​នោះ​ឡើយ។​

«គោលការណ៍​ហ្នឹង​ល្អ​ហើយ​ បានន័យ​ថា​ គាត់​តម្រូវ​ឲ្យ​ ក្រុមហ៊ុន​ឯក​ជន​ទាំង​អស់​ បាន​គាត់​ជួល​ គាត់​ត្រូវ​តែ​ជួល ឲ្យ​ស្មើគ្នា​ គឺ​ត្រូវ​ឲ្យ​ពេល​វេលា​ស្មើគ្នា​ក្នុង​តម្លៃ​ស្មើគ្នា​ អញ្ចឹង​វា​ជា​គោលការណ៍​មួយ​ល្អ​។​ ប៉ុន្តែ​យើង​រង់ចាំ​មើល​ការ​អនុវត្ត​តើ​ក្រុមហ៊ុន​ទូរទស្សន៍​ឯក​ជន​ទាំង​អស់​ហ្នឹង​លោក​ហ៊ាន​អនុវត្តតាម​សេចក្ដី​ប្រកាស​របស់​គ.ជ.ប​ ដែរ​ឬ​ទេ»។

ក្រុម​អ្នកឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ និយាយ​ថា​ ម្ចាស់​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ឯកជន​ នឹង​មិន​ធ្វើ​តាម​គោលការណ៍​របស់​ គ.ជ.ប​នោះ​ឡើយ។

លោក​ សំ គន្ធាមី​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ​ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​និកហ្វិច​ ប្រាប់​ VOA នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ គ.ជ.ប​ គ្មាន​សិទ្ធិ​អំណាច​ណា​មួយ​ដែល​អាច​ចាប់​បង្ខំ​ឲ្យ​ម្ចាស់​ស្ថានីយវិទ្យុ និង​ទូរទស្សន៍​ឯកជន​ធ្វើ​តាម​ខ្លួន​បាន​នោះ​ទេ។ លោក​មាន​ប្រសាសន៍​ថា៖​

«ឧទាហរណ៍​កន្លងមក​ គឺ​ធ្វើ​អត់​បាន​ហ្មង។ ហើយ​គណបក្ស​ខ្លះ​គាត់​មាន​ទំនោរ​ទោរ​ទន់​ទៅ​ជាមួយ​ វិទ្យុ​ ឬ​ស្ថានីយ​ទូរទស្សន៍​ណាមួយ​ គាត់​អាច​ជួល​ម៉ោង​ ឬ​ក៏​ជួល​ម៉ោង​ផ្សាយ​បាន​ច្រើន​តាម​ប៉ុស្តិ៍​វិទ្យុ​ហ្នឹង​ឯង»។

លិខិត​របស់​គ.ជ.ប ដែល​និយាយ​អំពី​គោលការណ៍​ម៉ោង​ផ្សាយ​តាម​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ បាន​បញ្ជាក់​ថា​ គណបក្ស​នយោបាយ​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​ខ្លឹមសារ​នៃ​ការ​ឃោសនា​របស់​ខ្លួន។​ លិខិត​នោះ​បាន​សង្កត់​ធ្ងន់​ថា៖​

«ក្នុង​ករណី​ គ.ជ.ប​ រក​ឃើញ​ថា​ ខ្លឹមសារ​នៃ​ការ​ឃោសនា​រំលោភ​លើ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​ ឆ្នាំ​២០១៧ គ.ជ.ប​ មាន​សិទ្ធិ​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ធ្វើ​ការ​កែតម្រូវ​ ហើយ​ប្រសិន​បើ​នៅតែ​មិន​ព្រម​កែតម្រូវ​ គ.ជ.ប មាន​សិទ្ធិ​ដកហូត​ ឬ​បញ្ឈប់​លែង​ឲ្យ​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​នោះ​ ធ្វើការ​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​ឃោសនា​ទាំង​ស្រុង​ និង​ចាត់​វិធានការ​តាម​ផ្លូវច្បាប់»។

លោក​ ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គ.ជ.ប​ មានប្រសាសន៍​ប្រាប់​ VOA ថា​ ការ​រឹត​បន្តឹង​លើ​ខ្លឹមសារ​នៃ​ការ​ឃោសនា​របស់​គណបក្ស​នយោបាយ​នេះ​ ជា​ការ​បញ្ចៀស​នូវ​ការ​ប្រើ​ពាក្យ​ញុះញង់​ ដែល​ធ្លាប់​បាន​កើតឡើងនា​ពេល​កន្លង​មក។

«ការ​ឃោសនា​បោះឆ្នោត​ គឺជា​ការ​បង្ហាញ​នូវ​ស្មារតី​ និង​ទស្សនៈ​គោលនយោបាយ​ នៅ​ក្នុង​បក្ស​របស់​ខ្លួន​ ទៅដល់​សាធារណជន។​ អញ្ចឹង​ អា​ហ្នឹង​ត្រឹមត្រូវ។​ ប៉ុន្តែ​មិន​ត្រឹមត្រូវ​វិញ​ អាច​មាន​លក្ខណៈ​ញុះញង់​ អា​មាន​លក្ខណៈ​ស្អីៗ​ហ្នឹង​ហើយ​ បង្កាច់​បង្ខូច​កេរ្តិ៍​អី​ហ្នឹង​ហើយ​ដែល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​អី​ជាដើម​ហ្នឹង​ដែល​ថា​ មិន​ត្រឹមត្រូវ»។

លោក​ ហង្ស​ ពុទ្ធា​ បញ្ជាក់​បន្ត​ទៀត​ថា​ គណបក្ស​នយោបាយ​នីមួយៗ​ អាច​សហការ​ជាមួយ​ គ.ជ.ប​ ដើម្បី​ពិនិត្យ​មើល​ខ្លឹម​សារ​នៃ​ការ​ឃោសនា​គោល​នយោបាយ​របស់​ខ្លួន។ លោក​ថា​ ការណ៍​នេះ​ នឹង​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ​ មិន​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​នានា​ ហើយ​គ.ជ.ប​ នឹង​រួមចំណែក​ដល់​ការ​ដោះស្រាយ​បញ្ហា​ដែល​កើតឡើង​ ក្នុង​អំឡុង​ពេល​នៃ​ការ​ឃោសនា​បោះឆ្នោត។

ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ដែល​គ្រោង​នឹង​រៀបចំឡើង​នៅ​ថ្ងៃ​ ទី​៤​ ខែ​មិថុនា​ ខាង​មុខ​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​ ១២​ បាន​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួតប្រជែង។

អ្នក​វិភាគ​និយាយ​ថា​ ក្នុង​ចំណោម​គណបក្ស​ទាំង​ ១២​នេះ​ គឺ​មាន​តែ​គណបក្ស​ធំៗ​ពីរតែ​ប៉ុណ្ណោះ​ ដែល​ជា​គូ​ប្រជែង​ដ៏​សំខាន់​ ក្នុង​នោះ​គឺ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​មាន​បញ្ហា​ជាមួយ​ក្រសួង​មហាផ្ទៃ​ ទាក់​ទិន​ប្រព័ន្ធ​ដឹកនាំ​គណបក្ស​របស់​ខ្លួន​ ក្រោយ​ការ​លាលែង​ពី​តំណែង​របស់​ លោក​សម រង្ស៊ី ​ជា​ប្រធាន​គណបក្ស​នេះ៕

XS
SM
MD
LG