ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​ច្រានចោល​ការ​​ស្នើ​ឱ្យ​លុបចោល​គោលការណ៍​អនុញ្ញាត​មន្ត្រី​ដល់​អាយុ​ចូល​និវត្តន៍​អាច​ស្នើ​បន្ត​ការងារ


តាមកញ្ចក់ទូរទស្សន៍មួយ សមាជិករដ្ឋសភាបានលើកដៃបោះឆ្នោតគាំទ្រសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្រ្តីរាជការនៃក្រុមនីតិបញ្ញត្តិ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

រដ្ឋសភា​ច្រានចោល​សំណើ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​ស្នើ​ឱ្យ​លុបចោល​គោលការណ៍​ដែល​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ​ដែល​គ្រប់​អាយុ​ចូលនិវត្តន៍​ អាច​ស្នើសុំ​បន្ត​ការងារ​បាន។

នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ រដ្ឋសភា​បាន​បើក​សម័យ​ប្រជុំ​លើក​ទី​៨ នីតិកាល​ទី​៥ ដោយ​មាន​ការ​ចូលរួម​ពីសមាជិក​សមាជិកា​សរុប​៩៩​រូប។ អង្គ​ប្រជុំ​បាន​លើក​យកសេចក្ដី​ស្នើ​ច្បាប់​ស្ដីពីវិសោធនកម្ម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្រ្តី​រាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ ដែល​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​តំណាង​រាស្ត្រ​២៩​រូប យក​មក​ពិភាក្សា​ និង​អនុម័ត។

មន្ត្រី​រាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ​សំដៅ​លើ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​នៃ​អគ្គលេខា​ធិការដ្ឋាន​ព្រឹទ្ធសភា​ អគ្គលេខាធិការដ្ឋាន​រដ្ឋសភា និង​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ។

ក្នុង​កិច្ច​ពិភាក្សា​នេះ លោក ងឹម ញេង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឡើង​បញ្ចេញ​មតិ​ទៅ​លើ​មាត្រា​មួយ​ចំនួន​នៃ​សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​នេះ។

លោក ងឹម ញេង បាន​លើកឡើង​ពី​មាត្រា​៦៥​ថ្មី​នៃ​ច្បាប់​នេះ​ដែល​បាន​ចែង​ពី​អាយុ​សម្រាប់​មន្ត្រី​រាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ​ចូលនិវត្តន៍ ដោយ​បាន​កំណត់​អាយុ​៦០​ឆ្នាំ​សម្រាប់​ក្របខ័ណ្ឌ​អភិបាល (ប្រភេទ ក) ៥៨​ឆ្នាំ​សម្រាប់​ក្របខ័ណ្ឌ​ឧបការី (ប្រភេទ ខ) និង​៥៥​ឆ្នាំ​ត្រូវ​ចូល​និវត្តន៍​សម្រាប់​ក្របខ័ណ្ឌ​លេខាធិការ (ប្រភេទ គ)។

មាត្រា៦៥​ថ្មី​ដដែល​នេះ​ក៏​បាន​ចែង​ផង​ដែរ​ថា អ្នក​រាជការ​ក្នុង​ក្រប​ខ័ណ្ឌ​ទាំង​៣​ខាង​លើ​ដែល​ដល់​អាយុ​ចូលនិវត្តន៍ អាច​ត្រូវ​អនុញ្ញាត​ឱ្យ​បន្តការងារ​តាម​ការ​ស្នើ​របស់​សាមី​ខ្លួន និង​តាម​សេចក្ដី​សម្រេច​របស់​ប្រធាន​ស្ថាប័ន។ ការ​បន្ត​ការងារ​នេះ​មាន​រយៈពេល​១​ឆ្នាំ​ម្ដង តែ​មិន​ឱ្យ​លើស​ពី​៣​ដង។

លោក ងឹម ញេង ស្នើ​ឱ្យ​លុបចោល​គោលការណ៍​ដែល​អនុញ្ញាត​ឱ្យ​បន្ត​ការងារ​រយៈពេល​១​ឆ្នាំ ចំនួន​៣​ដង​នេះ​ចេញ។

«ការ​ដាក់​កន្លែង​នេះ​ហាក់​បី​ដូចជា​បើក​ច្រក​មួយ​ ឱ្យ​មន្ត្រី​ដែល​ជា​ពិសេស​ដែល​មាន​អំពើពុករលួយ​និង​បក្ស​ពួក​និយម​ហ្នឹង​មាន​ឱកាស​បន្ត​ធ្វើ​ការងារ​ត​ទៅទៀត»។

លោក ងឹម ញេង ថ្លែង​បន្ត​ថា អាយុ​ដែល​បាន​កំណត់​សម្រាប់​ចូលនិវត្តន៍​នេះ​គឺ​សមរម្យ និង​ជា​ការ​ទុក​ឱកាស​ឱ្យ​អ្នក​ជំនាន់​ក្រោយ​ដើម្បី​បន្ត​តំណែង។

«ហើយ​បើ​ចង់​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ចូល​កាន់​តំណែង​ជំនួស ហេតុ​អី​បាន​បើក​ឱកាស​ឱ្យ​គាត់​តមួយ​ឆ្នាំ​ម្ដងៗ​ដល់​ទៅ​៣​ឆ្នាំ?»

ជា​ការ​ឆ្លើយតប លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា និង​ជា​សមាជិក​នៃ​ក្រុម​អ្នក​ការពារ​សេចក្ដី​ស្នើ​ច្បាប់​នេះ​បាន​មាន​ប្រសាសន៍​ថា គោលការណ៍​អនុញ្ញាត​ឱ្យ​បន្ត​ការងារ​នេះ​គឺ​សម្រាប់​មន្ត្រី​សំខាន់​ដែល​ចាំបាច់​សម្រាប់​ស្ថាប័ន និង​មិនទាន់​មាន​មន្ត្រី​មក​ជំនួស។ លោក​ថា ការ​អនុញ្ញាត​ឱ្យ​មន្ត្រី​ណាមួយ​អាច​បន្ត​ការងារ​ពេល​ដល់​អាយុ​ចូល​និវត្តន៍​នេះ​គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​ប្រធាន​ស្ថាប័ន។

«ប្រសិន​បើ​មាន​អ្នក​ថ្មី​ដែល​មាន​សមត្ថភាព​ត្រឹមត្រូវ ប្រហាក់ប្រហែល​ហើយ អាច​ជំនួស​បាន មិន​បាច់​ទុក​អ្នក​ហ្នឹង​ក៏​បាន​ដែរ។ ប៉ុន្តែ​បើ​សិន​ជា​ប្រធាន​ស្ថាប័ន​យល់​ថា លោក​ហ្នឹង​គាត់​សំខាន់​នៅ​កន្លែង​ហ្នឹង ជាចាំបាច់​គាត់​កាន់​កូន​សោ គាត់​មាន​ប្រវត្តិ​គាត់​ស្អីៗ​ច្បាស់ អា​ហ្នឹង​ជា​ការ​ចាំបាច់ ប្រធាន​ស្ថាប័ន​មាន​សិទ្ធិ​ទុក​ឱ្យ​គាត់​បម្រើ​ការ​១​ឆ្នាំ​ទៀត ដើម្បី​ឱ្យ​ស្ថាប័ន​ដំណើរការ​បាន​ល្អ»។

ក្រោយ​កិច្ច​ពិភាក្សា អង្គ​សភា​បាន​សម្រេច​អនុម័ត​យល់ព្រម​លើ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រី​រាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ​នេះ ដោយ​ទទួល​បាន​សំឡេង​៩៣។

លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​ខាង​អភិបាល​កិច្ច​ល្អ​មាន​ប្រសាសន៍​ថា ការ​អនុញ្ញាត​ឱ្យ​មន្ត្រី​ដែល​ដល់​អាយុ​ចូលនិវត្តន៍​អាច​ស្នើ​សុំ​បន្ត​ការងារ​បាន​ អាច​ជា​រឿង​ល្អ​ចំពោះ​មន្ត្រី​ខ្លួន​ឯង​ផង ដោយ​ពួគ​គាត់​អាច​ទទួល​បាន​ប្រាក់បៀវត្សរ៍​សម្រាប់​ជីវភាព និង​ល្អ​សម្រាប់​ស្ថាប័ន​ទៅ​តាម​តម្រូវ​ស្ថានភាព​ជាក់ស្ដែង។

ទោះ​យ៉ាង​ណា លោក​បន្ថែម​ថា ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​ដែល​គ្រប់​អាយុ​ចូល​និវត្តន៍​បន្ត​ការងារ​នេះ​ត្រូវ​ឈរ​លើ​គោលការណ៍​នៃ​ភាព​ចាំបាច់ និង​តម្លាភាព។

«ក៏​ប៉ុន្តែ​ការ​ដែល​ធ្វើ​ហ្នឹង​គឺ​តោង​ធ្វើ​នៅ​ក្នុង​លក្ខណៈ​សុចរិត​ភាព ហើយនិង​សមភាព ដើម្បី​ឱ្យ​ភ្នែក​សាធារណជន​ទាំងអស់​ហ្នឹង​មើល​ទៅ​ឃើញ​ថា អ្នក​ហ្នឹង​សម​នឹង​ទុក​មែន»។

លោក ឱក សេរីសោភក្តិ៍ បន្ត​ទៀត​ថា ​មន្ត្រី​ដែល​ត្រូវ​ចូលនិវត្តន៍ គួរ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ស្នើ​សុំ​បន្ត​ការងារ​ម្ដង​ឬ​២​ដង ដែល​មាន​រយៈពេល​សរុប​២​ឆ្នាំ​ជា​ការ​គ្រប់គ្រាន់ សម្រាប់​ស្ថាប័ន​ដើម្បី​រក​មន្ត្រី​មក​ជំនួស​និង​បន្ត​ការងារ​នេះ៕

XS
SM
MD
LG