ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋសភា​ប្រកាស​ទទួល​ស្គាល់​តំណាង​រាស្ត្រ​ថ្មី​ជំនួស​លោក សុខ អាន


លោក ជា វ៉ាន់ដេត ទីប្រឹក្សា​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី និង​ជា​តំណាង​រាស្ត្រ​ខេត្ត​តាកែវ ត្រូវបាន​រដ្ឋសភា​ជាតិ​ជ្រើសតាំង​ជំនួស​លោក សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី។ (រូបថត​ដក​ស្រង់​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​របស់​សហព័ន្ធសហជីពកម្មករកម្ពុជា CLUF)

លោក​ ជា​ វ៉ាន់​ដេត ដែល​ទើប​ក្លាយ​ជា​តំណាងរាស្ត្រ​ថ្មី គឺ​ជា​អតីត​នាយក​ខុទ្ទកាល័យ​លោក​ សុខ​ អាន​ និង​បាន​ឈប់​ពី​តួនាទី​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ។ បច្ចុប្បន្ន លោក​គឺ​ជា​ទីប្រឹក្សា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

រដ្ឋសភា​ប្រកាស​ទទួល​ស្គាល់​លោក ជា វ៉ាន់ដេត ទីប្រឹក្សា​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ជា​តំណាង​រាស្ត្រ​ខេត្ត​តាកែវ​ជំនួស​លោក សុខ អាន អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កាល​ពី​ខែ​មីនា​កន្លង​ទៅ។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​សម័យ​ប្រជុំ​សភា​លើក​ទី​៨ នីតិកាល​ទី​៥ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​មាន​សមាជិក​ចូលរួម​សរុប​៩៩​រូប និង​ផ្ដោត​លើ​របៀបវារៈ​ចំនួន​៤។

ថ្លែង​មុន​ចាប់​ផ្ដើម​កិច្ចប្រជុំ​តាម​របៀបវារៈ​ទាំង​៤​ដែល​បាន​កំណត់ លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​អាន​លិខិត​ប្រកាស​ទទួល​ស្គាល់​លោក ជា វ៉ាន់ដេត ជា​តំណាង​រាស្ត្រ​ខេត្ត​តាកែវ​ តាម​ការ​ស្នើ​សុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហេង សំរិន បន្ថែម​ថា លោក ជា វ៉ាន់ដេត ត្រូវ​ធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង​ មុន​ចូល​កាន់​តំណែង។

«សូម​ឯកឧត្ដម​អគ្គលេខាធិការ​រដ្ឋសភា ទាក់ទង​ជាមួយ​នឹង​ក្រសួង​ព្រះបរមរាជវាំង ដើម្បី​រៀបចំ​ពិធី​សច្ចាប្រណិធាន​ជូន​ឯកឧត្ដម​ ជា វ៉ាន់ដេត តំណាងរាស្ត្រ​ថ្មី មុន​នឹង​ចូល​ទៅ​កាន់​តំណែង»។

នៅ​ក្នុង​សម័យ​ប្រជុំ​នេះ រដ្ឋ​សភា​ក៏​បាន​ពិភាក្សា​និង​អនុម័ត​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​លក្ខន្តិកៈ​មន្ត្រី​រាជការ​នៃ​ក្រុម​នីតិប្បញ្ញត្តិ និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម លើ​ពិធីសារទី៣ ធ្វើ​វិសោធនកម្ម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ នៅ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ ក្នុងចំណោម​រាជរដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​កូរ៉េ​ផង​ដែរ។

អតីត​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​តាកែវ ​លោក​ សុខ​ អាន​ ដែល​គេ​ដឹង​ថា​បាន​កាន់​តួនាទី​ជា​ច្រើន​ផ្សេង​ទៀតនៅ​ក្នុង​រដ្ឋាភិបាល​ បាន​ទទួល​មរណភាព​កាល​ពី​ខែ​មីនា ​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន​ ដោយ​រោគាពាធ ​ក្នុង​ជន្មាយុ​៦៦​ឆ្នាំ។

លោក​ ជា​ វ៉ាន់​ដេត ដែល​ទើប​ក្លាយ​ជា​តំណាងរាស្ត្រ​ថ្មី គឺ​ជា​អតីត​នាយក​ខុទ្ទកាល័យ​លោក​ សុខ​ អាន​ និង​បាន​ឈប់​ពី​តួនាទី​នេះ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ។ បច្ចុប្បន្ន លោក​គឺ​ជា​ទីប្រឹក្សា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

លោក​ ជា វ៉ាន់ដេត​ ក៏​ជា​ស្ថាបនិក​មួយ​រូប​ក្នុង​ចំណោម​ស្ថាបនិក​ពីរ​រូប​នៃ​សាកលវិទ្យាល័យ American University of Phnom Penh​ ដែល​ជា​សាកល​វិទ្យាល័យ​ថ្មី​មួយ​នៅ​រាជធានី​ភ្នំពេញ។ លោក​ក៏​ត្រូវ​គេ​ដឹង​ថា​ ជា​ប្រធាន​ក្រុមហ៊ុន JC Royal Group ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន។​

ក្រុមហ៊ុន​នេះ​ ទទួល​បាន​កិច្ច​សន្យា​រយៈពេល​៣០​ឆ្នាំ​ដើម្បី​គ្រប់​គ្រង​វាល​ពិឃាដ​ជើងឯក​ ដែល​បច្ចុប្បន្ន​ក្លាយ​ជា​តំបន់​ទេសចរណ៍ ​ស្ថិត​ក្នុង​ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៥៕

XS
SM
MD
LG