ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កាត់​ទោស​លោក​សម រង្ស៊ី​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​៥​ឆ្នាំ


រូប​ឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​​សុន្ទរកថា​ទៅកាន់​សមាជិក​គណបក្ស​សង្គ្រោះជាតិ នៅ​សណ្ឋាគារមួយនៅទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ (រូបថត៖ REUTERS/Romeo Ranoco)

លោក ​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង ​និង​ជំនួយ​ការ​២​នាក់​ទៀត​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ​​ចំពោះ​បទ​ល្មើស​ចំនួន​បី ​ពាក់ព័ន្ធ​នឹង​​ការ​សម​គំនិត​​ក្លែង​ឯក​សារ​សាធារណៈ ហើយ​​លោក​ក៏​កំពុង​រង​នូវ​បទ​ចោទ​ប្រកាន់និង​​កាត់​ទោស​​ចំនួន​៤​ករណី​​ផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ ដែល​មាន​ដូចជា​ការ​បរិហារ​កេរ្តិ៍​លោក ​ហ៊ុន សែន​ លោក ​ហេង សំរិន​ និង​លោក ​ហោ ណាំហុង។

សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃអង្គារ បាន​សម្រេច​ផ្តន្ទាទោស​ លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង ​និង​ជំនួយ​ការ​២​នាក់​ទៀត​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ចំពោះ​បទ​ល្មើស​ចំនួន​បី ​ពាក់ព័ន្ធ​នឹងការ​សម​គំនិតក្លែង​ឯក​សារ​សាធារណៈ។

សំណុំ​រឿងរបស់​លោក​សម រង្ស៊ី​និង​ជំនួយការ​២​នាក់​ទៀតគឺជាសំណុំ​រឿង​ដែលបំបែក​ចេញ​ពី​សំណុំ​រឿង​របស់​លោក​ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ជំទាស់​ដែល​ត្រូវ​បានតុលាការ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​៧​ឆ្នាំ​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​កាល​ពី​ខែ​សីហា​ ​ឆ្នាំ​២០១៥។​ ការ​ចោទ​ប្រកាន់​នេះ​កើត​ឡើងក្រោយ​ពេល​លោក ហុង សុខហួរ​បង្ហោះ​វីដេអូ​លើ​ទំព័រ​ Facebook​ ​របស់​លោក​សម រង្ស៊ី។ ក្នុង​វីដេអូ​នោះ លោក​ហុង សុខហួរ​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​ឯកសារ​មួយ​ស្ដីពី​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា-វៀតណាម​ឆ្នាំ​១៩៧៩ ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ថា​ ជា​ឯកសារ​ក្លែង​ក្លាយ។​

ក្នុង​សាល​សវនាការ ​ដែលពុំ​មាន​វត្តមាន​ជនជាប់​ចោទទាំង​៣​រូប​នៅ​ព្រឹក​នេះ ​ លោក លាង សំណាត់ ប្រធាន​ក្រុម​ប្រឹក្សាបាន​ប្រកាស​ដាក់​ទោស​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៥​ឆ្នាំ។ ជំនួយ​ការ​២​នាក់​ទៀត ​ឈ្មោះ​អ៊ឹង ជុងលាង ហៅ​ម៉ាប់ ​និង​ឈ្មោះសម្បត្តិ ​សត្យា​ ឬ​សត្យា ​សម្បត្តិត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ ​ដោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ ​និង​ព្យួរ​ទោស​រយៈពេល​២​ឆ្នាំ​ពី​បទ​សម​គំនិតក្លែង​ឯកសារ​សាធារណៈ ​សម​គំនិត​ក្នុង​ការ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​និង​បទ​សម​គំនិតញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

លោក លាង សំណាត់​បាន​បង្គាប់​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​អ្នក​ទាំង​៣​មក​អនុវត្ត​ទោស​តាម​ច្បាប់ ​និង​បើក​ឲ្យ​អ្នក​ទាំង​បី​រូប​នោះ​ប្តឹង​ឧទ្ធរណ៍​ក្នុង​ករណី​ពួកគេ​មិន​សុខចិត្ត​នឹង​សាល​ក្រម​របស់​តុលាការ។​

តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រកាស​សាលក្រម​នេះ​ ​លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​ប្រឆាំង បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ​ដោយ​បាន​ហៅ​តុលាការ​ថា​ជា​«តុលាការ​អាយ៉ង»​ ​ដែល​ចាំតែ​ធ្វើ​ការ​ចោទ​ប្រកាន់​តាម​បញ្ជា​អ្នក​ដឹកនាំ​នយោបាយ​ដែល​ចង់​កម្ចាត់​គូ​ប្រកួត​របស់​ខ្លួន។​

លោក​សរសេរដែល​មាន​សម្រង់​ន័យ​ដើម​ថា៖

«ក្រោម​របប​ផ្តាច់​ការ ​និង​ព្រៃផ្សៃ​របស់​លោក​ហ៊ុន សែន ​ដែល​ប្រើប្រាស់​តុលាការ​អាយ៉ង​ក្រោម​បញ្ជា​គាត់​ដោយ​មិន​ចេះ​អៀន​ខ្មាស ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ខុស​គេ​ក្នុង​ពិភពលោក​ដែល​អ្នក​ស្លូត​ត្រង់​ត្រូវ​គេ​ផ្តន្ទា​ទោស​ តែ​ជន​ឧក្រិដ្ឋ​មាន​សេរីភាព ​ធ្វើ​អំពើ​អាក្រក់​បាន​តាម​ចិត្ត ប្រកប​ដោយ​និទណ្ឌភាព។ សេចក្តី​សម្រេច​របស់​តុលាការ​អាយ៉ង​មក​លើ​រូប​ខ្ញុំ​និង​សហការី​របស់​ខ្ញុំ​២​នាក់ ​ថ្ងៃ​នេះ ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​កាន់​តែ​ខ្លាំង ​ហើយ​ការ​ប្តេជ្ញា​ចិត្ត​កាន់​តែ​ខ្ពស់​ក្នុង​ការ​តស៊ូ​ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្តូរ​តាម​បែប​បទ​ប្រជា​ធិបតេយ្យ ​នៅ​ឆ្នាំ​២០១៧ ​និង​២០១៨​ ខាង​មុខ»។ ​

លោក​សំ សុគង់ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​សម រង្ស៊ី ​បាន​ប្រាប់ ​VOA​ ថា ​សេចក្តី​សម្រេច​របស់​សាលា​ដំបូង​រាជធានី​នៅ​ព្រឹក​នេះ​ជា​ការ​សម្រេច​ដែល​មាន​ភាព​អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក។ លោក​បន្ថែម​ថា ​លោក​សម រង្ស៊ី​មិនមែន​ជា​អ្នក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​នោះ​ដោយ​ផ្ទាល់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​

«យើង​ពិនិត្យ​ទៅ​លើ​សំណុំ​រឿង គឺ​មិនមាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ផ្តន្ទា​ទោស​ចំពោះ​បទល្មើសសម​គំនិត​ទេ ដោយ​សារ​ឯកឧត្តម​ហុង សុខហួរ​បង្ហោះ​ទាក់ទង​ទៅ​នឹង​ការ​ពន្យល់​អំពី​ផែនទី​ និងព្រំ​ដែន​នេះ ​គឺ​នៅ​ក្នុង​ Page ​(ទំព័រ) ​ប៉ុន្តែ​ទាក់ទង​នឹង​ Page ​នេះ​គឺ​មិនមែន​ជា​កម្ម​សិទ្ធិ​ផ្តាច់​មុខ ​ឬ​ជា​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ឯកឧត្តម​ទេ ​គឺ​គ្រាន់​តែ​ជា​ទូរទស្សន៍​ ឬ​ជា​ព័ត៌មាន ជា​កន្លែង​ព័ត៌មាន​មួយ​ដែល​ដាក់​ឈ្មោះ​ឯកឧត្តម​សម រង្ស៊ី​ ប៉ុន្តែ​គ្រាន់​តែ​ជា​ព័ត៌មាន​ដែល​ឲ្យគ្រប់​ព័ត៌មាន​ទាំង​អស់​គឺ​ ត្រូវ​បង្ហោះ​ទៅ​តាម​ Page ​ហ្នឹង»។​

លោក​សំ សុគង់​បន្ថែម​ថា ​លោក​នឹង​ប្តឹង​ទៅ​សាលា​ឧទ្ធណ៍​ដើម្បី​ឲ្យពិនិត្យ​មើល​ការ​សម្រេច​នេះ​ឡើង​វិញ។​

លោកស្រី ចក់ សុភាព ​ប្រធានមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​(CCHR)​ បាន​ប្រាប់ ​VOA ​ថា​ ការ​ចោទ​ប្រកាន់ ​ការ​ចាប់​ឃុំ​ខ្លួន​មន្រ្តី​គណបក្ស​ប្រឆាំង​បានបង្ហាញការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល​លើ​តុលាការដែល​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​ឯករាជ្យ។ លោកស្រី​បន្ត​ថា សកម្មភាព​ទាំង​នោះ​ការ​គំរាម​កំហែង​ដល់​ប្រព័ន្ធ​យុត្តិធម៌ ​និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជាក្នុង​ពេល​ខាង​មុខ ប្រសិន​បើ​តុលាការ​មិនមាន​ភាព​ឯករាជ្យ​ពិត​ប្រាកដ។

លោក​ស្រី ចក់ សុភាព​បាន​បញ្ជាក់​ថា៖

«ករណី​ដែល​កើត​ឡើង​នោះគួរ​តែ​ទទួល​បាន​នូវ​ការ​វិនិច្ឆ័យ​ដោយ​ឯករាជ្យ​បំផុត​ពី​ប្រព័ន្ធ​តុលាការ ​ប៉ុន្តែ​កន្លង​មក​យើង​ឃើញ​រូបភាព​ គឺ​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​ប្រើ​ប្រាស់​ទៅ​វិញ​ក្នុង​ការ​យាយី​លើ​សកម្មជន ​មិនមែន​តែពីគណបក្ស​ជំទាស់​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​សង្គម​ស៊ីវិល​ថែម​ទៀត។ ​អីចឹង​ខ្ញុំ​ពិនិត្យ​មើល​ទៅ ​រូបភាព​នឹង​បន្ត​ឲ្យ​មាន​ការ​គំរាម​កំហែង​ច្រើន​លើ​មជ្ឈ​ដ្ឋាន​នៃ​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ»។​

លោក​លី សុផាណា អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​មេធាវី​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទេ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ក្នុង​សម្រង់សម្តី​ដើម​តាម​រយៈសារ​អេឡិចត្រូនិច​តេលេក្រាម​ថា៖​

«ទង្វើ​នៃ​ការ​ធ្វើ​អត្ថាធិប្បាយ ​ឬ​បកស្រាយ​សាល​ក្រម ​ឬ​សេចក្តី​សម្រេច​របស់​តុលាការ​ជា​កម្មវត្ថុ​នៃ​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ»។​

ក្រៅពី​បទ​សម​គំនិត​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​ឯកសារ​សាធារណៈ​នេះ​ ​លោកសម រង្ស៊ី​ក៏​កំពុង​រង​នូវ​បទ​ចោទ​ប្រកាន់ ​និង​កាត់​ទោសចំនួន​៤​ករណីផ្សេង​ទៀត​ពាក់ព័ន្ធ​នឹង​ការ​បរិហារ​កេរ្តិ៍​មេដឹកនាំ​គណបក្ស​កាន់​អំណាច​ ដែល​មាន​ដូចជា​ការ​បរិហារ​កេរ្តិ៍​លោក ​ហ៊ុន សែន​ លោក​ ហេង សំរិន​ និង​លោក ​ហោ ណាំហុង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG