ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​រង​គ្រោះ​ជា​ច្រើន​នាក់​ត្រូវបាន​បាញ់​សម្លាប់​នៅ​ឯ​អាកាសយានដ្ឋាន​ក្នុង​រដ្ឋ Florida


មនុស្ស​រត់​ចេញ​ពី​អកាសយានដ្ឋាន​នៅ​រដ្ឋ​ Florida បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បាន​បាញ់​សម្លាប់​មនុស្ស​ជា​ច្រើននាក់កាល​ពី​ថ្ងៃ​សុក្រ មុន​ពេល​ជន​នោះ​ត្រុវ​បាន​ចាប់​ខ្លួន។

មនុស្ស​ចំនួន​៥នាក់​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ​មនុស្ស​៨នាក់​ផ្សេង​ទៀត​បាន​រង​របួស​ក្រោយ​ការ​បាញ់​ប្រហារ​មួយ​នៅ​ឯ​អាកាសយានដ្ឋាន​មួយ​នៅ​ក្នុង​រដ្ឋ Florida នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ដែល​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ។

ក្រុម​អាជ្ញាធរ​ក៏​បាន​លើក​ឡើង​ថា ប៉ូលិស​កំពុង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ ស្រប​ពេល​ដែល​មាន​សេចក្តី​រាយការណ៍​មួយ​ចំនួន​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ការ​បាញ់​គ្នា​បន្ថែម​ទៀត​ដែល​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​ជា​ផ្លូវ​ការ​នៅ​ឡើយ។

មួយ​ម៉ោង​ក្រោយ​ពី​ការ​បាញ់​គ្នា​លើក​ទី​មួយ ​មាន​ការ​បាញ់​គ្នា​មួយ​ផ្សេង​ទៀត​ធ្វើ​ឡើង​នៅ​ក្នុង​ច្រក​ចេញ​ចូលឬ Terminalផ្សេង​ទៀត​ ហើយ​ជន​សង្ស័យ​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន​នៅ​ឡើយ​នោះ​ទេ នេះ​បើ​យោង​តាម​កាសែត Miami Herald។

មនុស្ស​៨នាក់​ដែល​រង​របួស​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ Fort Lauderdale-Hollywood ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​មួយ នេះ​បើ​យោង​តាម​ស្នង​ការ​ប៉ូលិស​ស្រុក Broward ដែល​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter របស់​ពួក​គេ។

សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ​ Florida លោក Bill Nelson បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា គេ​បាន​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ​យោធា​ដែល​មាន​ឈ្មោះ​ថា Esteban Santiago នៅ​នឹង​ជន​សង្ស័យ​មួយ​រូប ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ណា​មួយ​ថា អត្ត​សញ្ញាណប័ណ្ណ​នោះ​ជា​របស់​ជន​នោះ​នៅ​ឡើយ​ទេ។

ឧទ្ធម្ភាគចក្រ​របស់​អ្នក​សារព័ត៌មាន​បាន​ហោះ​នៅ​លើ​តំបន់​នោះ​ហើយ​បាន​បង្ហាញ​ថា​ មនុស្ស​រាប់​រយ​នាក់​កំពុង​រង់ចាំ​នៅ​លើ​ផ្លូវ ហើយ​រថយន្ត​សង្គ្រោះ​បន្ទាន់​កំពុង​តែ​ដឹក​ជន​រងគ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ។​

អាកាសយានដ្ឋាន​នេះ​បាន​ប្រកាស​ពន្យារ​ដំណើរ​ការ​ទាំង​អស់​របស់​ខ្លួន​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​នៅ​លើ​គណនី​ Twitter ផ្លូវ​ការ​របស់​អាកាសយានដ្ឋាន​ Fort Lauderdale-Hollywood ​នេះ៕

XS
SM
MD
LG