ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ផ្ទុះ​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​ឆ្នេរ​សមុទ្រ​ស៊ីរី​បន្សល់​ទុកអ្នក​ស្លាប់​ជា​ច្រើន


រូបថត​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​ SANA បង្ហាញ​ឡាន​ដែល​កំពុង​ឆេះនៅ​កន្លែង​​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​ Tartus ​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។
រូបថត​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​ SANA បង្ហាញ​ឡាន​ដែល​កំពុង​ឆេះនៅ​កន្លែង​​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត ក្នុង​ទីក្រុង​ឆ្នេរសមុទ្រ​ Tartus ​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។

ទូរទស្សន៍​រដ្ឋ​នៃ​ប្រទេស​ស៊ីរី​ និង​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ស៊ីរី​ បាន​ឲ្យ​ដឹង​ថា​កាល​ពី​ថ្ងៃ​ចន្ទ​ ការ​ផ្ទុះគ្រាប់បែក​មួយ​ចំនួន​បាន​បណ្តាល​ឱ្យ​មនុស្ស​ជាង​១០០នាក់​ស្លាប់​នៅ​ក្នុង​ក្រុង​ពីរ​ជាប់​នឹង​ឆ្នេរ​សមុទ្រ​នៃ​ប្រទេស​ស៊ីរី​ដែល​ជា​ធម្មតា​មាន​សភាព​ស្ងប់ស្ងៀម។​

ការ​ផ្ទុះ​គ្រាប់បែក​ទាំង​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុង ​Jableh ​និង​ក្រុង​ Tartus ដែល​ជា​ទីតាំង​មាំទាំ​របស់​រដ្ឋាភិបាល ដែល​រហូត​មក​ដល់​ពេល​នេះ​បាន​គេច​ផុត​ពី​អំពើ​ហិង្សា​ដ៏​អាក្រក់​បំផុត​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ប្រាំ​ឆ្នាំ​នៃ​ប្រទេស​ស៊ីរី។​

គ្រាប់​បែក​បួន​គ្រាប់​ ដោយ​មាន​រួម​បញ្ចូល​ការ​វាយ​ប្រហារ​អត្តឃាត​យ៉ាង​តិច​មួយ​ករណី​ផង​ដែរ បាន​ផ្ទុះ​នៅ​ក្នុង​ក្រុង​ Jableh ​ដែល​មាន​រួម​បញ្ចូល​ការ​ផ្ទុះ​មួយ​នៅ​ឯ​កន្លែង​ចេញ​ចូល​គ្រា​មាន​អាសន្ន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​របស់​ក្រុង​នេះផង​ដែរ។​ ការ​វាយ​ប្រហារ​មួយ​ដោយ​រ៉ុក្កែត​នៅ​ឯ​ស្ថានីយ៍​ឡាន​ក្រុង​មួយ​បាន​នាំ​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៥៣នាក់​បាត់​បង់​ជីវិត​ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹង​ដោយ​អង្គការឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី។​

មាន​ការ​ផ្ទុះ​គ្រាប់​បែក​បី​ទៀត​ ដោយ​យ៉ាង​ហោច​ណាស់​មួយ​ជា​ការ​វាយ​ប្រហារ​អត្តឃាត​ បាន​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុង ​Tartus ​ឋិត​នៅ​ចម្ងាយ​ប្រមាណ​៦០គ.ម.​ខាង​ត្បូង​ក្រុង​ Jableh។ លោក​ Abdel Rahman ​ប្រធាន​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ស៊ីរី ​ហៅ​ការ​ផ្ទុះ​នេះ​ថា​ជាការ​វាយ​ប្រហារ​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក។

ទីភ្នាក់ងារ​ព័ត៌មាន​ SANA ​នៃ​ប្រទេស​ស៊ីរី​បាន​រាយការណ៍​ថា​ ជា​ថ្មី​ទៀត​ពួក​ភេរវជន​បាន​យក​ស្ថានីយ៍​ឡាន​ក្រុង​មួយ​មាន​មនុស្ស​កុះករ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ។​ របាយ​ការណ៍​ទូរទស្សន៍​បាន​និយាយ​ថា​ យ៉ាង​តិច​ណាស់​មាន​អ្នក​ដាក់​គ្រាប់បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯងនៅ​ជិត​ស្ថានីយ៍​ឡាន​ក្រុងនេះ ហើយ​ក្នុង​ពេល​ប៉ុន្មាន​នាទី​បន្ទាប់​មក​ក៏​មាន​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​មួយ​គ្រឿង​ទៀត។​ បើ​តាម​លោក​ Rahman ​ថា ​មាន​មនុស្ស​៤៨​នាក់​ទៀត​បានបាត់​បង់​ជីវិត​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​មួយ​មាន​ចំណង​ទាក់ទង​ជាមួយ​ពួក​រដ្ឋ​ឥស្លាម​ បាន​ផ្សាយ​ថា​ពួក​ជ្រុលនិយម​នេះ​ជា​អ្នកធ្វើ​ការវាយ​ប្រហារនេះ៕

XS
SM
MD
LG