ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ៖ កម្ពុជា​​គួរ​យក​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​និង​អន្តោប្រវេសន៍​ទៅ​វេទិកា​អាស៊ាន


កង​​​សន្តិសុខ​​​រដ្ឋាភិបាល​​​កាន់​​​កាំភ្លើង​​​នៅ​​​ឯ​​​ព្រលាន​​​យន្តហោះ​​​អន្តរជាតិ​​​ភ្នំពេញ នៅ​​​ពេល​​​ដែល​​​មេ​​​ដឹកនាំ​​​ពិភពលោក​​​សំខាន់ៗ​​​មក​​​ចូលរួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​លើក​​​ទី​​​២១​​និង​​​ជំនួប​​​កំពូល​​​អាស៊ី​​​ខាង​​​កើត​​​នៅ​​​ទីក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី១៧ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១២។
កង​​​សន្តិសុខ​​​រដ្ឋាភិបាល​​​កាន់​​​កាំភ្លើង​​​នៅ​​​ឯ​​​ព្រលាន​​​យន្តហោះ​​​អន្តរជាតិ​​​ភ្នំពេញ នៅ​​​ពេល​​​ដែល​​​មេ​​​ដឹកនាំ​​​ពិភពលោក​​​សំខាន់ៗ​​​មក​​​ចូលរួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​លើក​​​ទី​​​២១​​និង​​​ជំនួប​​​កំពូល​​​អាស៊ី​​​ខាង​​​កើត​​​នៅ​​​ទីក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី១៧ ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១២។

ក្រុម​អ្នក​វិភាគផ្ដល់​អនុសាសន៍​ថា​កម្ពុជា​គួរ​លើក​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​នានា​ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​នៃ​ប្រទេស​ខ្លួន ទៅ​ដាក់​នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​កំពូល​នៃ​វេទិកា​តំបន់អាស៊ាន​ដែល​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​នេះ។ អនុសាសន៍​ទាំង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ជម្លោះ​ថ្នាក់​តំបន់​ទាំង​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​រំខាន​ដល់​ដំណើរការ​នៃ​សមាហរណកម្ម​អាស៊ាន។

ជំនួប​កំពូល​នៃ​វេទិកា​តំបន់​អាស៊ាន​ (ARF) ​ជា​វេទិកា​ថ្នាក់​តំបន់​ដែល​ផ្ដោត​ការ​ពិភាក្សា​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​និង​អន្តរជាតិ​នានា​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​និង​ស្ថិរភាព​ក្នុង​តំបន់​អាស៊ាន និង​ពិភាក្សា​អំពី​ការ​កសាង​ទំនុក​ចិត្ត​រវាង​ភាគី​ជម្លោះ​ដើម្បី​កាត់​បន្ថយ​ការ​ប្រឈម​មុខ​យោធា​ណា​មួយ។ វេទិកា​នេះ​នឹង​ប្រារព្ធ​ជា​លើក​២១ ​នៅ​ថ្ងៃ​ទី​១០ ខែ​សីហា នៅ​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​ភូមា ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន។

លោក ពូ សុវចនា នាយក​ប្រតិបត្តិ​រង​នៃ​វិទ្យាស្ថាន​ជាតិ​សម្រាប់​សហប្រតិបត្តិការ​និង​សន្តិភាព អះអាង​ថា​កម្ពុជា​គួរ​ប្រើប្រាស់​វេទិកា​នេះ​ដើម្បី​បង្ហាញ​គោល​ជំហរ​របស់ខ្លួន​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដើម្បី​ស្តារ​មុខ​មាត់​របស់​ខ្លួន​ឡើង​វិញ​ មូលហេតុ​ដោយ​សារ​កាល​ពី​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ​២០១២ សមាជិក​អាស៊ាន​បាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​ដំបូង​បំផុតក្នុង​រយៈពេល​៤៥ឆ្នាំ​ចុង​ក្រោយ​នេះ។ នា​ពេល​នោះ កម្ពុជា​ត្រូវ​បាន​គេ​ទម្លាក់​ទំនួល​ខុស​ត្រូវ​ខ្លាំង​ចំពោះ​បរាជ័យ​ជា​ប្រវត្តិសាស្ត្រ​នេះ។

«ខ្ញុំ​គិត​ថា​កម្ពុជា​យើង​ត្រូវ​ចូលរួម​សកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ ទោះបី​កម្ពុជា​យើង​មិន​ប៉ះពាល់​អ្វី​ក៏​ដោយ ក៏​យើង​ត្រូវ​គាំទ្រ​ការ​សម្រេចចិត្ត​ជា​ក្រុម​តែ​មួយ។ ជា​ពិសេស​ជា​ឱកាស​មួយ​របស់​កម្ពុជា​ដើម្បី​ស្តារ​ឡើង​វិញ​ការ​មិន​បញ្ចេញ​យោបល់​រួម​នៅ​ឆ្នាំ​២០១២»។

បញ្ហា​សន្តិសុខ​និង​វិបត្តិ​នយោបាយ​របស់​អាស៊ាន​ ត្រូវ​គេមើល​ឃើញ​ថា​បាន​ជាប់​ទាក់​ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​បញ្ហា​សិទ្ធិ​មនុស្ស​និង​ការ​ត្រឡប់​ក្រោយ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ជា​សមាជិក​មួយ​ចំនួន ដូចជា​ការ​ឡើង​កាន់​អំណាច​ដោយ​របប​យោធា​នៅ​ប្រទេស​ថៃ ការ​បញ្ជូន​ពលករ​ខ្មែរ​ពី​ប្រទេស​ថៃ​ដោយ​បង្ខំ និង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជា​បន្ត​បន្ទាប់​ក្នុង​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ី និង​ទំនាស់​ជនជាតិ​ភាគ​តិច​ក្នុង​ប្រទេស​ភូមា​ជាដើម។ ក្រៅ​ពី​ទំនាស់​ផ្ទៃ​ក្នុង​ អាស៊ាន​នា​ពេល​កន្លង​មក​ក៏​បាន​អាក់​ខាន​ក្នុង​ការ​ដោះស្រាយ​ទំនាស់​រវាង​រដ្ឋ​ជា​សមាជិក​ខ្លួន​ផង​ដែរ ដូចជា​ទំនាស់​សមុទ្រ​ចិន​ខាង​ត្បូង ​និង​ទំនាស់​ជុំ​វិញ​ប្រាសាទ​ព្រះ​វិហារ​រវាង​កម្ពុជា​និង​ថៃ​ដែល​វិវត្តន៍​ទៅ​ជា​អំពើ​ហិង្សា​តាម​ព្រំដែន​ជា​ដើម។

​វិបត្តិ​នយោបាយ​និង​សន្តិសុខ​ទាំង​នេះ​ត្រូវបាន​គេ​មើល​ឃើញ​ថា​កំពុង​គំរាម​កំហែង​ដល់​ដំណើរការ​នៃ​សមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ​នេះ។

អ្នកនេសាទ​វៀតណាម​នឹង​បន្តនេសាទ​នៅ​សមុទ្រ​ចិន​ខាងត្បូង
សូម​រង់ចាំ

No media source currently available

0:00 0:07:08 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យ​ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ​លីដ ប្រទេស​អង់គ្លេស និង​ជា​អ្នក​វិភាគ​ម្នាក់ យល់​ថា​កម្ពុជា​គួរ​ផ្តោត​លើ​បញ្ហា​សិទ្ធិ​របស់​ជន​អន្តោប្រវេសន៍​ទៅ​ដាក់​ក្នុង​កិច្ច​ពិភាក្សា​ក្នុង​ពេល​ខាង​មុខ​នេះ ត្បិត​នា​ពេល​ថ្មី​ៗ​នេះ រដ្ឋាភិបាល​យោធា​ថៃ​បាន​បណ្ដេញ​ពលករ​ខ្មែរ​ជាង​ពីរ​សែន​នាក់​ឱ្យ​មក​កម្ពុជា​វិញ​ដោយ​បង្ខំ។

«ខ្ញុំ​គិត​ថា​កម្ពុជា​គួរ​ជំរុញ​បញ្ហា​អន្តោប្រវេសន៍ ព្រោះ​ថ្មី​ៗ​នេះ​យើង​ឃើញ​ថា​ថៃ​បាន​បញ្ជូន​កម្មករ​ខ្មែរ​យើង​យ៉ាង​ច្រើន​ពី​ថៃ​មក​ខ្មែរ​វិញ។ ហើយ​វា​ប៉ះពាល់​ដល់​សន្តិសុខ​មនុស្ស​ជាតិ។ អញ្ចឹង​ទេ បញ្ហា​អន្តោប្រវេសន៍​ឬ​បញ្ហា​ជួញ​ដូរ​មនុស្ស ជា​បញ្ហា​សន្តិសុខ​មួយ​ដែល​កម្ពុជា​គួរ​ជំរុញ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ដើម្បី​ការពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​កម្មករ​ចំណាក​ស្រុក​ទាំង​នោះ»។

​លោក ឈាង វណ្ណារិទ្ធ​ អត្ថាធិប្បាយ​បន្ថែម​ថា​ក្រៅ​ពី​បញ្ហា​អន្តោប្រវេសន៍ កម្ពុជា​ក៏​គួរ​ឆ្លៀត​ឱកាស​ក្នុង​កិច្ច​ប្រជុំ​កំពូល​មួយ​នេះ បង្ហាញ​ពី​គោល​ជំហរ​របស់​ខ្លួន ជុំ​វិញជម្លោះ​ក្នុង​តំបន់​សំខាន់​ៗ​ដែល​កំពុង​ឡើង​កម្ដៅ​ផង​ដែរ ដូចជា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ជម្លោះ​ដែន​សមុទ្រ​រវាង​ចិន​និង​ជប៉ុន និង​បញ្ហា​សន្តិសុខ​ផ្ទៃ​ក្នុង​ឬ​វិបត្តិ​នយោបាយ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ដោះស្រាយ​ជម្លោះ​ក្នុង​តំបន់ និង​ទាញ​ប្រជាប្រិយ៍ភាព​លើ​ឆាក​អន្តរជាតិ។

ប៉ុន្តែ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី ឱ្យ​ដឹង​ថា​ភាគី​កម្ពុជានឹង​បន្ត​រក្សា​ជំហរ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សមាជិក​អាស៊ាន​ផ្សេង​ទៀត ជា​ពិសេស​ជុំ​វិញ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

«ចំពោះ​កម្ពុជា យើង​វាយ​តម្លៃ​បន្ត​ទៀត គឺ​វាយ​តម្លៃ​ពី​ការ​ជ្រៀតជ្រែក​ពី​ភាគី​ទី​បី​ដែល​យើង​តែងតែ​បាន​និយាយ​គ្នា​ក្នុង​សមាគម​អាស៊ាន​ហ្នឹង គឺ​រក្សា​និង​បញ្ចៀស​អ្នក​លូក​ដៃ​មក​ពី​ខាង​ក្រៅ ដូចជា​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​អ្នក​លូក​ដៃ​មក​ពី​ខាង​ក្រៅ ដូច្នេះ​អាស៊ាន​យើង​ទាំង​មូល​ពង្រឹង​វេទិកា​ជជែក​គ្នា​ពី​គោលការណ៍​ចរចា​និងដោះស្រាយ​ដោយ​សន្តិវិធី»។

បញ្ហា​សន្តិសុខ​ដែល​កម្ពុជា​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​សន្តិសុខ​កំពូល​មួយ​នេះ​នា​ពេលកន្លង​មក​ផ្ដោត​ខ្លាំង​ទៅ​លើ​សន្តិសុខ​មិន​ប្រពៃណី​ដែល​មិន​សូវ​រសើប​ដូចជា​បញ្ហា​ប្រឆាំង​ភេរវកម្ម​ ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ សន្តិសុខ​ស្បៀង​និង​ទឹក​ប៉ុណ្ណោះ។ នេះ​បើ​តាម​លោក ឈាង វណ្ណារិទ្ធ។

លោក​បណ្ឌិត សុខ ទូច​ សាកលវិទ្យាធិការ​សាកលវិទ្យាល័យ​ខេមរៈ អះអាង​ថា​អាស៊ាន​គ្មាន​សមត្ថភាព​ដោះស្រាយ​ជម្លោះ​នានា​ក្នុង​តំបន់​នោះ​ទេ ដោយ​សារ​ប្រទេស​ជា​សមាជិក​ខ្លួន​រង​ឥទ្ធិពល​ពី​ប្រទេស​មហា​អំណាច​ដូចជា​ចិន​និង​សហរដ្ឋ​អាមេរិក​ដែល​រារាំង​សមាជិក​ខ្លួន​មិន​ឱ្យ​សម្រេច​បាន​ជំហរ​រួម​មួយ កង្វះ​យន្តការ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ និង​ការ​ប្រកាន់​គោល​ជំហរ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​សមាជិក​ដទៃ​ទៀត។

យ៉ាង​ណា​ក៏​ដោយ លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មិន​បាន​បង្ហើប​អំពី​បញ្ហា​សន្តិសុខ​ដែល​កម្ពុជា​នឹង​លើក​ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​សន្តិសុខ​ថ្នាក់​តំបន់​កំពូល​មួយ​នេះ​ទេ៕

XS
SM
MD
LG