ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្រ្តី​ក្រសួងយុត្តិធម៌​អាមេរិក​ដក​ខ្លួន​ចេញ​ពី​ការ​ស៊ើប​អង្កេត​ខណៈ​ដែល​សេតវិមាន​​បន្ត​ដោះ​ស្រាយ​ជំនួប​ជា​ច្រើន​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី


រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ លោក Jeff Sessions ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃទី​២ ខែ​មីនា។

បន្ទាប់​ពីលោក​ Jeff Sessions​ រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌អាមេរិក​បាន​សារភាព​ថា ​លោក​បាន​ជួប​ជាមួយ​លោក ​Sergei Kislyak ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ចំនួន​២​ដង​ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានា​ធិបតី​កាល​ពី​ឆ្នាំ​ទៅ​ ហើយ​លោក​ខក​ខាន​មិន​បាន​បញ្ចេញ​ឲ្យ​គេ​ដឹង​ពី​ជំនួប​ទាំង​នោះក្នុងអំឡុង​នៃ​សវនាការ​ទទួល​ការតែងតាំង​នៅ​ព្រឹទ្ធ​សភា ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​នៅ​បន្ត​ដោះស្រាយការ​បែក​ធ្លាយ​ជំនួបដែល​មិន​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ពេល​មុន​ៗ​ជាមួយ​លោក​ Kislyak។

លោករដ្ឋ​មន្រ្តី ​Sessions ​បាន​ដក​ខ្លួនរបស់​លោក​ចេញ​ពី​ការស៊ើប​អង្កេត​សហព័ន្ធ​ដែល​ចោទ​ប្រកាន់​ថា ​រុស្ស៊ី​បាន​ជ្រៀត​ជ្រែក​ក្នុងការ​បោះ​ឆ្នោត​ប្រធានា​ធិបតីនៅ​ឆ្នាំ​ ២០១៦។ទោះ​ជាយ៉ាង​ណា​ក៏ដោយ ​លោក​ប្រធានា​ធិបតី​ត្រាំ​ និង​ពួក​មន្រ្តី​សេតវិមាន​ត្រូវ​តែ​ប្រ ឈម​ផលវិបាក​កើត​ចេញ​ពី​ជំនួប​កាល​ពី​ខែ​ធ្នូ​នៅឯ​អាគារ Trump Towerនៅ​ក្នុង​ទីក្រុង​ញូវយ៉ក​ រវាង​ឯកអគ្គរដ្ឋទូតរុស្ស៊ី ​និង​លោក ​Jared Kushner​ កូន​ប្រសារប្រុស​របស់​ប្រធានា​ធិបតី​ ត្រាំ ​ហើយ​នឹង​លោក​ Michael Flynn​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញពី​ដំណែង។

លោក​ប្រធានា​ធិបតី ​ត្រាំ​ បាន​បណ្តេញ​លោក ​Flynn ចេញ​ពី​ដំណែង​បន្ទាប់​ពីកាន់​កាប់​ការងារ​ចំនួន ២៤ ​ថ្ងៃ​ នៅ​ពេល​ដែល​ព័ត៌មាន​បាន​លេច​ចេញថា ​លោក ​Flynn​ បាន​កុហក​ពួក​មន្រ្តី​កំពូល​អំពី​ការសន្ទនា​របស់​លោក​ជាមួយ​លោក​ឯកអគ្គ​រដ្ឋទូត​រុស្ស៊ី។

​លោកស្រី ​Hope Hicks​ ​អ្នកនាំ​ពាក្យ​សេតវិមាន​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា ​គោល​បំណង​នៃ​ជំនួប​នៅអាគារ​ Trump Tower ​គឺ​បង្កើត​ខ្សែ​ទាក់​ទង។ លោកស្រី​អ្នក នាំ​ពាក្យ​បាន​និយាយ​ទៀត​ថា ​លោក​ Kushner ​ក៏​បាន​ជួប​ជាមួយ​ពួក​តំណាង​របស់​ប្រទេស​មួយ​ចំនួន​ធំ​ដែល​ជា​ការ​ធម្មតា​សម្រាប់​រដ្ឋបាល​ចូល​កាន់​ដំណែង ហើយ​ថា​មិន​មាន​អ្វីជាការ​មិនត្រឹម​ត្រូវ​អំពី​ពួក​មន្រ្តី​រដ្ឋបាល​ចូល​កាន់​ដំណែងថ្មី​ជួប​ជាមួយ​អ្នក​តំណាង​រដ្ឋាភិបាល​បរទេស​នោះ​ទេ។

ទោះ​យ៉ាងណាក៏ដោយ ​រដ្ឋបាល​របស់​លោក​ត្រាំ ​បាន​ប្រកែក​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​ថា ​មិន​មាន​ការ​ទាក់​ទង​រវាង​មន្រ្តី​ណា​ម្នាក់​ក្នុង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោតនិង​ពួកមន្រ្តី​រុស្ស៊ី​ទេ៕

XS
SM
MD
LG