ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចម្រុះ​របស់​ប្រទេស​ប៉ាគីស្ថាន​លើរបាយ​ការណ៍​យន្តហោះ​គ្មានមនុស្ស​បើករបស់​ស.រ.អា.


(រូបភាព​ឯកសារ)​ ក្រុមស្រ្តី​គាំទ្រ​គណបក្សនយោបាយ​មួយ​ជួបជុំ​គ្នា ប្រឆាំង​តវ៉ា​ការវាយ​ប្រហារ​ដោយយន្តហោះ​គ្មានមនុស្ស​បើករបស់​ស.រ.អា. ក្នុង​តំបន់ជន​ជាតិភាគ​តិច Peshawar ក្នុង​ប្រទេស​ប៉ាគីស្ថាន។
(រូបភាព​ឯកសារ)​ ក្រុមស្រ្តី​គាំទ្រ​គណបក្សនយោបាយ​មួយ​ជួបជុំ​គ្នា ប្រឆាំង​តវ៉ា​ការវាយ​ប្រហារ​ដោយយន្តហោះ​គ្មានមនុស្ស​បើករបស់​ស.រ.អា. ក្នុង​តំបន់ជន​ជាតិភាគ​តិច Peshawar ក្នុង​ប្រទេស​ប៉ាគីស្ថាន។

ប្រតិកម្ម​ចម្រុះ​បានកើត​ឡើង​លើ​របាយការណ៍​របស់​សេតវិមាន​ស្តីអំពីជន​រង​គ្រោះជា​ជន​ស៊ីវិលដោយ​សារ​ការវាយ​ប្រហារ​ដោយយន្តហោះ​គ្មាន​មនុស្ស​បើក ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​ទទួល​រងការ​វាយប្រហារ​បែបនេះ​ និង​មាន​ជនរងគ្រោះ​នៅក្រៅ​តំបន់​ជម្លោះ​សកម្ម​ច្រើន​ជាង​គេបំផុត។

ឆ្លើយ​តប​នឹង​របាយការណ៍​យន្តហោះ​គ្មានមនុស្ស​បើករបស់​ស.រ.អា. ការិយាល័យ​កិច្ចការ​បរទេស​របស់​ប៉ាគីស្ថាន​ បានអំពាវ​នាវសា​ជាថ្មី​ឲ្យ ​«បញ្ឈប់​ការវាយ​ប្រហារ​ដោយយន្តហោះ​គ្មានមនុស្ស​បើកជា​បន្ទាន់»។ របាយការណ៍​នេះ​ក៏បាន​និយាយ​ថា​ ការវាយ​ប្រហារ​បែបនេះ​បាន​រំលោភ​បំពាន​បូរណភាព​ដែនដី​ និងអធិប​តេយ្យភាព​របស់​ប៉ាគីស្ថាន។ រដ្ឋាភិបាល​ប៉ាគីស្ថាន​ជាទម្លាប់​បាន​ត្រឹមតែ​រិះគន់​ការវាយ​ប្រហារនេះ​ ដែល​សាធារណជន​មិនសូវ​ជាគាំទ្រ​ប្រតិកម្ម​បែបនេះ​ឡើយ​ ដោយសារ​តែ គេជឿថា​អាជ្ញាធរ​បាន​លួចលាក់​ចូលរួម​ក្នុង​ប្រតិបត្តិ​ការវាយ​ប្រហារ​ក្រុមសកម្ម​ប្រយុទ្ធ​នៅក្នុង​តំបន់​ជនជាតិ​ភាគតិច​ក្នុង​ប្រទេស។

អ្នករិះគន់​ជាច្រើន​ បានដាក់​សំណួរ​ផ្សេងៗ​ដល់​ស.រ.អា.​ លើការ​វាយប្រហារ​ដោយយន្ត​ហោះគ្មាន​មនុស្ស​បើកក្នុង​ទឹកដី​ប៉ាគីស្ថាន​។ អ្នករិះគន់​មួយចំនួន​បានសួរ​ថា៖ «តើនរណា​អាចដឹង​ថាជនដែល​ជាគោលដៅ​នៃការវាយ​ប្រហារនោះ​ជាជន​សកម្ម​ប្រយុទ្ធ​ ឬជន​ស៊ីវិល​?»។

ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ប៉ាគីស្ថាន​ លោកស្រី​ Zohra Yousuf បានហៅ​ការវាយ​ប្រហារ​នេះជា​ទម្រង់នៃ​ «ការសម្លាប់​ក្រៅប្រព័ន្ធ​តុលាការ»។

ទន្ទឹមគ្នា​នេះដែរ​ លោកស្រី​បាននិយាយ​ថា ជាក់ស្តែង​អ្នកស្លាប់នៃការវាយ​ប្រហារនោះ​ ​ភាគច្រើនគឺជាក្រុម​សកម្ម​ប្រយុទ្ធ​មែន។

លោកស្រី​ Yousuf ក៏​បាន​និយាយថា​ ប្រសិន​បើប្រៀប​ធៀប​នឹងការ​ទម្លាក់​គ្រាប់បែក​ពីអាកាស​ ចំនួនជន​រងគ្រោះ​ដែលជាជន​ស៊ីវិល​ គឺច្រើន​ជាង​ចំនួនជន​រងគ្រោះ​នៃ​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មានមនុស្ស​បើក។

ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មានមនុស្ស​បើក ធ្លាប់​ជា​បញ្ហា​ធំជាងនេះ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ក្នុងរយៈ​ពេលពីរបីឆ្នាំ​កន្លងទៅ​ ដែល​ចំនួននៃ​ការវាយ​ប្រហារបែប​នេះស្ថិត​នៅកម្រិតខ្ពស់​ជាង​ពេល​បច្ចុប្បន្ន។ សម្រាប់​រយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ ការវាយ​ប្រហារ​បានថយ​ចុះ​យ៉ាងខ្លាំង​ពីចំនួន​ ១២៨​ដង ក្នុងឆ្នាំ​២០១០​ មកត្រឹម ១៣ដង​ នៅ​ឆ្នាំមុន​ និងមាន​តែ ៣ដង​ប៉ុណ្ណោះ​ក្នុងឆ្នាំ​នេះ។

ប្រែ​សម្រួល​ដោយ​ កោះ ​សុគន្ធី

XS
SM
MD
LG