ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រសួង​មហាផ្ទៃ​កំណត់​ពេល​​ជួប​មន្ត្រី​បក្ស​ប្រឆាំង​ ដើម្បី​ស្ដាប់​ការ​ពន្យល់​បកស្រាយ​​ពី​សមាជ​បក្ស


រូបឯកសារ៖ លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។(ឡេង ឡែន/VOA)

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​ VOA ថា ជំនួប​រវាង​តំណាង​ក្រសួង​មហាផ្ទៃ និង​គណបក្ស​ប្រឆាំង​​ដើម្បី​​ពន្យល់​ពី​​ការ​ធ្វើ​សមាជ និង​ការ​ប្រើ​ពាក្យ​ស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ខាងមុខ​នេះ គឺជា​ជំនួប​បែប​បច្ចេកទេស មិនមែន​ជា​ជំនួប​បែប​នយោបាយ​នោះ​ទេ។

តំណាង​ក្រសួង​មហាផ្ទៃ នឹង​ជួប​ជាមួយ​តំណាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅចុង​ខែ​មីនា​នេះ ដើម្បី​ស្ដាប់​ការ​ពន្យល់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ការ​រៀប​ចំ​សមាជ​របស់​គណបក្ស​នេះកាលពី​ដើម​ខែ​មីនា ទៅ​តាម​ការ​ស្នើសុំ​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រឆាំង​ បន្ទាប់​ពីក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា ​សមាជដែល​ជ្រើស​តាំង​លោក កឹម សុខា ជា​ប្រធាន​ថ្មី​របស់​គណបក្ស​ប្រឆាំង ជា​សមាជ​ខុស​នឹង​លក្ខន្តិកៈ​គណបក្ស​។

កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា នេះ ក្រសួង​មហាផ្ទៃ​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​ថា ការ​ជ្រើស​តាំង​ប្រធាន និង​អនុប្រធាន​ថ្មី​របស់​គណបក្ស​ប្រឆាំង​ក្នុង​សមាជ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី០​២ ខែ​មីនា គឺ​ខុស​នឹង​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លួនឯង។

ក្រសួង​មហា​ផ្ទៃ​ក៏​បានស្នើ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ប្ដូរ​សារ​នយោបាយ «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ដែល​រដ្ឋាភិបាល​អះអាង​ថា ជា​ពាក្យ​ស្លោក​មាន​ចរិត​ញុះញង់ និង​ធ្វើ​ឲ្យ​មានអសន្តិសុខ​សង្គម។

នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ដែលចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ដដែល​បញ្ជាក់​ថា៖«បើ​ផ្អែក​តាម​លក្ខន្តិកៈ​របស់​គណបក្ស ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៣ សមាជ​វិសាមញ្ញ​បោះឆ្នោត​ជ្រើស​តាំង​លោក កឹម សុខា ជា​ប្រធាន និង​លោក ប៉ុល ហំម លោក​ស្រី មូរ សុខហួរ លោក អេង ឆៃអ៊ាង ជា​អនុ​ប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​៤៧ ត្រេ​ទី២ នៃ​លក្ខន្តិកៈ​គណបក្ស​ដោយ​អាណត្តិ​នៅ​សល់​មាន​រយៈពេល តិច​ជាង​១៨​ខែ គិត​ត្រឹម​កាល​បរិច្ឆេទ​ដែល​លោក សម រង្ស៊ី បាន​លាលែង​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៧»។

ក្រោយ​ការ​ចេញ​សេចក្ដី​ជូន​ដំណឹង​ភ្លាមៗ គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀបចំ​លិខិត​ផ្លូវការ​មួយ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា សុំ​ជួប​លោក​ ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ដើម្បី​ពន្យល់​ពី​ការ​រៀប​ចំ​សមាជ​របស់​ខ្លួន កាល​ពី​ដើម​ខែ​មីនា។

រូបឯកសារ៖ ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​រដ្ឋសភា​ជាតិថា​ លោក​មេឃុំ​ស៊ាង​ ចែត​ នៃ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យជាប់​ក្នុង​ពន្ធ​នាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ។
រូបឯកសារ៖ ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​រដ្ឋសភា​ជាតិថា​ លោក​មេឃុំ​ស៊ាង​ ចែត​ នៃ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យជាប់​ក្នុង​ពន្ធ​នាគារ​រយៈ​ពេល​ប្រាំ​ឆ្នាំ។

បើ​តាម​លិខិត​ដែល​ក្រសួង​មហាផ្ទៃ​បាន​ផ្ញើ​ជូន​គណបក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ក្រសួង​មហាផ្ទៃ​ បាន​ចាត់ លោក ប្រាក់ សំអឿន អគ្គ​នាយក​រដ្ឋ​បាល​នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ជួប​ពិភាក្សា​មន្ត្រីដែល​មាន​តំណែង​ក្រោម​រដ្ឋមន្ត្រី ​ជាមួយ​តំណាងរបស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រសៀលថ្ងៃ​ទី​២៩ ខែ​មីនា ខាង​មុខ​នេះ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​ VOA ថា ជំនួប​រវាង​តំណាង​ក្រសួង​មហាផ្ទៃ និង​គណបក្ស​ប្រឆាំងដើម្បីពន្យល់​ពីការ​ធ្វើ​សមាជ និង​ការ​ប្រើ​ពាក្យ​ស្លោក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ខាងមុខ​នេះ គឺជា​ជំនួប​បែប​បច្ចេកទេស មិនមែន​ជា​ជំនួប​បែប​នយោបាយ​នោះ​ទេ។

លោក​បន្ថែម​ថា ប្រសិនបើ​ការ​ពន្យល់​របស់​តំណាង​គណបក្ស​ប្រឆាំង​មិន​សមស្រប ឬ​មិន​អាច​បញ្ជាក់​ថា​សមាជ​របស់​ពួកគេ​ស្រប​ច្បាប់ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មាន​ជម្រើស​ចុង​ក្រោយ​មួយ​ទៀត គឺ​ប្ដឹង​ទៅតុលាការ​កំពូល។

លោក​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដូរ បើ​គាត់​មិន​ដូរ​ទេ​ប្ដឹង​ទៅ​តុលាការ​កំពូល​ទៅ។ បើ​មិន​សុខចិត្ត​ទេ​មាន​តែ​ប្ដឹង វា​អត់​មាន​នីតិវិធី​ណា​ក្រៅ។​ ក្រសួងមហាផ្ទៃ​ចេញ​ឲ្យ​ហើយ ហើយ​ក្រសួង​មហាផ្ទៃ​នៅ​តែ​រក្សា​ជំហរហ្នឹង​ដដែល អត់​ប្រែប្រួល។ បើ​មិន​ដូរ​ ដក​ពាក្យ​ហ្នឹង​ទេ គណបក្ស​ប្រជាជន​ក៏​គាត់​ប្ដឹង ក្រសួង​មហាផ្ទៃ​ក៏​គាត់​ប្ដឹង»។

VOA មិន​អាចទាក់ទង​អ្នកនាំពាក្យ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​សុំ​ការ​អធិប្បាយ​ពាក់ព័ន្ធ​នឹង​គម្រោង​នៃ​ជំនួប​ជាមួយ​ក្រសួង​មហាផ្ទៃ​បាន​ទេ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

បើ​តាម​លោក អេង ឆៃអ៊ាង​ អនុប្រធាន​មួយ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់ VOA កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ថា ការ​ធ្វើ​សមាជ​វិសាមញ្ញ​គណបក្ស​កាល​ពី​ដើម​ខែ​មីនា​នេះ​ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់ ​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ដែល​ទើប​តែ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ពេល​ថ្មីៗ​នេះ។

រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​សនិ្នសីទ​កាសែត​ក្រោយ​ជំនួប​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង និង​លោកស្រី រ៉ូណា ស្មីត កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ធ្វើ​សនិ្នសីទ​កាសែត​ក្រោយ​ជំនួប​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង និង​លោកស្រី រ៉ូណា ស្មីត កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១៦។ (ហ៊ុល រស្មី/VOA)

លោក អេង ឆៃអ៊ាង បាន​បន្ថែម​ថា សម្រាប់​ពាក្យ​ស្លោក «ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ» ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រើ គឺ​ជា​ពាក្យ​ស្លោក​ធម្មតា និង​គ្មាន​ចរិត​ញុះញង់​ ឬ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អសន្តិ​សុខ​សង្គម​ដូច​ការ​លើក​ឡើង​របស់​ក្រសួង​មហាផ្ទៃ​នោះ​ឡើយ។

លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ផ្លាស់​ប្ដូរ​ពាក្យ​ស្លោក​នេះ​ទេ ហើយ​ក៏​មិន​បារម្ភ​ពី​ការ​ព្រមាន​ប្ដឹង​ផ្ដល់​ពី​គណបក្ស​កាន់​អំណាច​នោះ​ដែរ។ ​

សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ កាល​ពី​ថ្ងៃទី០២ ខែ​មីនា ឆ្នាំ២០១៧ ដែល​ជ្រើស​តាំង​មេដឹកនាំ​ថ្មី​របស់​គណបក្ស ធ្វើ​ឡើង​បន្ទាប់ពី លោក សម រង្ស៊ី បាន​លា​ចេញ​ពី​តំណែង​កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៧៕

XS
SM
MD
LG