ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​កសិកម្ម​​បញ្ជា​ឱ្យ​ចាត់​វិធានការណ៍​រក្សា​ស្ថិរភាព​តម្លៃ​ទិញ​កសិផល​ពី​កសិករ


រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​មួយ​ក្នុង​អំឡុង​រដូវ​ច្រូត​កាត់​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ (Reuters)
រូបឯកសារ៖ កសិករ​ម្នាក់​កំពុង​ធ្វើ​ការ​នៅ​ក្នុង​វាល​ស្រែ​មួយ​ក្នុង​អំឡុង​រដូវ​ច្រូត​កាត់​នៅ​ជាយ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១០។ (Reuters)

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាឱ្យ​​មន្ទីរ​កសិកម្ម​នៅ​តាម​រាជធានី​ខេត្ត​ចាត់​វិធានការ​​រក្សា​ស្ថិរភាព​តម្លៃ​កសិផល​របស់​កសិករក្នុង​តម្លៃ​សមរម្យ តាមរយៈ​​​ទប់ស្កាត់​ការ​ប្រមូល​ទិញ​កសិផល​ក្នុង​តម្លៃ​ទាប​ពី​សំណាក់​ឈ្មួញ និង​ក្រុមហ៊ុន​។

ខណៈ​ពេល​ដែល​តម្លៃ​ផលិតផល​កសិកម្ម​មាន​ការ​ធ្លាក់ចុះ ក្រសួង​កសិកម្ម​បាន​ចេញ​បញ្ជា​ឱ្យ​មន្ទីរ​របស់​ខ្លួន​នៅ​តាម​រាជធានី​ខេត្ត​ចាត់​វិធាការ​ណ៍​ដើម្បី​ដោះស្រាយ​។ ទោះយ៉ាងណា អ្នក​ជំនាញ​កសិកម្ម​លើកឡើង​ថា វិធានការ​ដែល​ក្រសួង​បាន​ដាក់ចេញ​មិនទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​។​

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បញ្ជាឱ្យមន្ទីរ​កសិកម្ម​នៅ​តាម​រាជធានី​ខេត្ត​ចាត់​វិធានការរក្សា​ស្ថិរភាព​តម្លៃ​កសិផល​របស់​កសិករក្នុង​តម្លៃ​សមរម្យ តាមរយៈ​ទប់ស្កាត់​ការ​ប្រមូល​ទិញ​កសិផល​ក្នុង​តម្លៃ​ទាប​ពី​សំណាក់​ឈ្មួញ និង​ក្រុមហ៊ុន​។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៦ ផ្ញើ​ជូន​ប្រធាន​មន្ទីរ​កសិកម្ម​រាជធានីខេត្ត​រដ្ឋមន្ត្រី​ក្រសួង​កសិកម្មលោកវេង សាខុន ​លើកឡើង​ថា ក្រោយ​ពេល​ប្រមូល​ផល តម្លៃ​កសិផល ពិសេសដំណាំស្រូវ​ តែង​មាន​ការ​ធ្លាក់ចុះ ដោយសារ​ឈ្មួញ​ប្រមូល​ទិញដោយបន្ទាប​ថ្លៃ ធ្វើ​ឱ្យ​ប្រជាកសិករ​ត្អូញ​ត្អែរ​។

លិខិត​ដដែល​បន្ត​ថា ដើម្បី​រក្សា​ស្ថិរភាព​តម្លៃ​កសិផល ក្រសួង​ស្នើ​ឱ្យ​ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ការ​ប្រមូល​ទិញ​ផ្ដាច់​មុខ​ពី​សំណាក់​ឈ្មួញ​នៅ​តាម​តំបន់ ដើម្បី​ធ្វើ​ការ​ចរចា​តម្លៃ​ឱ្យ​បាន​សមស្រប​តាមស្ថានភាព​ថ្លៃ​ជាក់ស្ដែង និង​លើក​ជា​វិធានការ​ជូន​រដ្ឋបាល​រាជធានី​ខេត្ត​ដើម្បីអនុវត្ត​ដោះស្រាយ​។ ក្រសួង​កសិកម្ម​ក៏​ស្នើ​ឱ្យ​ធ្វើ​ការ​ចរចា​ជាមួយ​សមាគម​ម៉ាស៊ីន​កិន​ស្រូវប្រចាំខេត្ត ដើម្បី​ទិញ​ស្រូវ​ពី​ប្រជាកសិករ​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​តម្លៃ​សមស្រប​។

លោក ឡោ រស្មី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រាប់ ​VOA នៅថ្ងៃ​អង្គារ​ថា វិធានការ​ដែល​ក្រសួង​បាន​ដាក់ចេញ​នាពេល​នេះ​ជា​វិធានការ​ចំពោះ​មុខ បន្ទាប់​ពី​តម្លៃ​ស្រូវ​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​បាន​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ​។ លោកថា ក្រៅ​ពី​វិធានការ​ទាំង​នេះ ក្រសួង​បាន​និងកំពុង​ជំរុញ​ឱ្យ​មាន​ការ​ចងក្រង​ជាសហគមន៍ និង​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា (contract farming) ​ក្នុង​ការ​រក្សា​ស្ថិរភាពតម្លៃកសិផល​។

លោកមាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ឱ្យ​ឧទាហរណ៍​ដូច​ជា​កសិករ​សហគមន៍​នៅ​ខេត្ត​កំពង់​ស្ពឺ​ គាត់​បាន​រៀបចំ​កសិកម្ម​តាមកិច្ច​សន្យា​ជាមួយខាងក្រុមហ៊ុន​កូរ៉េ​អី​ចឹង​ទៅ ក្នុង​ការ​នាំ​ស្វាយ​កែវរមៀត​ទៅ​កូរ៉េ​។ មិនមែន​ធម្មតា​ទេ គឺជាង​៧​ពាន់ហិកតា​។ គាត់​ជាប់​កិច្ច​សន្យា​ជាមួយ​កសិករ​របស់​យើង ក្នុង​ការ​ធ្វើ​ស្វាយ​នាំ​ចេញ ដល់​ចឹង​គឺ​គាត់​អត់​មាន​ការ​បន្ថោក​តម្លៃទេ។ នេះ​គឺ​ជា​ទិសដៅដែល​[យើង​ធ្វើ​]»។

លោក ឡោ រស្មី បន្ថែម​ថា​៖ «ការ​ចងក្រង​សហគមន៍ ហើយ​និង​ការ​អនុវត្ត​កសិកម្ម​តាមកិច្ច​សន្យា​គឺ​ជា​កត្តា​គន្លឹះ​ដែល​ឯកឧត្ដម​វេង សាខុន រដ្ឋមន្ត្រី​កំពុង​យក​ការ​យក​ចិត្ត​ទុកដាក់​បំផុត ដើម្បី​ឈាន​ទៅ​ការអនុវត្ត ដូចថា​ ជួយ​ផ្ដល់នូវភាព​កក់ក្ដៅ​ដល់​កសិករយើងដែលកំពុង​តែប្រកប​របរ​កសិកម្ម មិនមែន​គិត​តែ​លើ​ស្រូវ​ទេ គឺ​គ្រប់​ទាំង​អស់​នៅ​ក្នុង​កសិផល​ផ្សេង​ទៀត។

លោក ឡោ រស្មី បាន​ឱ្យ​ដឹង​ដែរ​ថា ថ្មីៗ​នេះ ប្រទេស​ចិន​បានយល់ព្រម​ទិញ​អង្ករ​ពីកម្ពុជាចំនួន​២០ម៉ឺនតោន​នៅឆ្នាំ​ក្រោយ ទាំងអង្ករ​ល្អ និង​ចុង​អង្ករ​ ហើយលោក​សង្ឃឹមថាវា​នឹងអាច​ជួយ​បង្កើនតម្លៃ​ស្រូវ​និង​អង្ករ​។​

លោក​ស្ងួន យស កសិករ​នៅ​ភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ បាន​ប្រាប់​VOAថា តម្លៃ​ស្រូវ​ និង​កសិផល​នៅ​ក្នុង​ខេត្តលោក​មាន​ការ​ធ្លាក់ចុះ​ ហើយធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​នៅ​របស់​ប្រជាពលរដ្ឋ នាំ​ឱ្យ​មាន​ការ​ធ្វើ​ចំណាក​ស្រុក​។

លោកមានប្រសាសន៍​ថា​៖ បើសិន​ណា​ទោះចុះ ទោះបីឡើង​ចុះ​យ៉ាង​ណា​ក៏​គ្នា​ត្រូវ​តែ​លក់ ព្រោះ​អត់មាន​លុយ​ធ្វើ​តទៅ​ទៀត។ ភាគ​ច្រើនគឺត្រូវ​តែ​លក់​ ទុក​ទៅ​ទៀត​ក៏​មិន​ដឹង​លក់​ឱ្យ​អ្នក​ណា​ទៀត។ សព្វ​ថ្ងៃ​ដល់​អត់​ការងារ​ធ្វើ​ផង ចំណាក​ស្រុក​ច្រើន​ណាស់! ទៅ​ប្រទេស​ថៃ គេ​ដេញ​រត់​មក​វិញ​។ ខ្លះ​ជំពាក់​គេ​នៅ​តាម​ភូមិ រត់ទៅ​ធ្វើ​ការ​នៅ​ថៃ គេ​ចាប់​»​។

លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេដាក (CEDAC) មាន​ប្រសាសន៍​ថា វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​រក្សា​ស្ថិរភាព​តម្លៃ​កសិផល​ជា​ការ​ល្អ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយទេ​។ លោកថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​នៃ​ការ​ធ្លាក់ថ្លៃ​ស្រូវ​នេះ រដ្ឋាភិបាល​គួរ​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស​មួយដើម្បី​ជួយ​ទប់​តម្លៃស្រូវ ព្រោះ​កសិករ​មិន​អាច​រង់ចាំ​បាន​នោះ​ទេ ដោយសារ​ពួកគាត់​ត្រូវ​ការ​សងបំណុល។

លោកមានប្រសាសន៍​ថា​៖ «​ទាក់ទង​នឹង​កញ្ចប់​ថវិកា​ពិសេស​ហ្នឹង​ខ្ញុំ​ចង់​និយាយ​ថា យើង​ទិញ​ក្នុង​តម្លៃ​មួយ​ដែ​លកសិករ​ទទួល​យក​បាន ដើម្បី​ទប់​កុំ​ឱ្យ​ឈ្មួញ​ហ្នឹង​ចេះ​តែ​ទម្លាក់​ថ្លៃ​ ព្រោះ​កាលណា​យើង​ឃើញ​ហើយ​ថា​ សូម្បី​យើង​សហការ​ជាមួយ​ខាង​រោងម៉ាស៊ីន​កិនស្រូវ​ក៏​គាត់​អត់​អាច​ស្រូប​អស់​ដែរ​»​។

លោក សម វិទូ បន្ថែម​ថា ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់​ចុះ​តម្លៃកសិផល​នៅ​ពេល​ខាង​មុខ​ រដ្ឋាភិបាល​គួរ​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​ដើម្បី​កសិករ​មាន​ទឹកគ្រប់គ្រាន់ និង​ជួយកាត់​បន្ថយការ​ចំណាយ​របស់​កសិករ​ដូចជាបញ្ចុះ​តម្លៃជី និង​ថ្នាំ។

បើ​តាម​ក្រសួង​កសិកម្ម មក​ទល់ពេល​នេះ ការប្រមូល​ផល​ស្រូវ​ស្រាលនៅ​ទូទាំង​ប្រទេសសម្រេច​បាន​ចំនួន១២០,៧៣៤ហិកតា លើ​ផ្ទៃដី​អនុវត្ត​ស្រូវ​ស្រាល​សរុប​ ៥៩១,៥១៤​ហិកតា ដោយ​ទទួល​បាន​បរិមាណ​ផល​សរុប​ចំនួន៤៧៣,០៣៥​តោន លើស​ឆ្នាំ​មុន២៣,៥៩៧​តោន​៕

XS
SM
MD
LG