ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី៖​ វិវាទ​ការងារ​ចុះថយ​ ​ក្រោយពី​ច្បាប់​សហជីព​​ចូល​ជា​ធរមាន​

  • ហ៊ាន សុជាតា

លោក ម៉ម​ វណ្ណៈ​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ថ្លែង​សុន្ទរកថា​ នៅឯ​សន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី ​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)

លោក​ម៉ម វណ្ណៈ​​​និយាយ​​ថា​ កង្វះ​ការ​យល់​ដឹង​របស់​ភាគី​និយោជក​​ និង​កម្មករ​និយោជិត​អំពី​​ច្បាប់​ការងារ ​និង​ច្បាប់​សហជីព​ នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​ការ​ដោះស្រាយ​​វិវាទ​ការងារ។​

ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ និង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បានលើក​ឡើង​ថា​ វិវាទ​ការងាររវាង​និយោជកនិង​កម្មករ​និយោជិត​នៅ​កម្ពុជាមាន​ការ​ថយ​ចុះ​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ក៏​ប៉ុន្តែ​ប្រធាន​សហជីព​យល់​ថា ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​វិវាទ​ការងារ​នេះ​មិន​ឆ្លុះ​បញ្ចាំង​ពី​ចំនួន​ជម្លោះ​ជាក់ស្តែង​នោះ​ទេ។​

ថ្លែង​មក​កាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​នៅ​ក្នុង​សន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ អ្នកស្រី​ឈីវ ភិរម្យ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ​បាន​ឲ្យ​ដឹង​ថា តួលេខ​វិវាទ​ការងារ​រវាង​និយោជក និង​កម្មករ​និយោជិត​ដែល​ក្រុម​ការងារ​អ្នក​ស្រី​ទទួល​បាន​ មាន​ការ​ថយ​ចុះ ក្រោយ​ច្បាប់​សហជីព​ចូល​ជា​ធរមាន។​

អ្នក​ស្រី​បន្ត​ថា​ នា​ពេល​ចុង​ក្រោយ​នេះ​ ភាគី​ជម្លោះ​បាន​ព្យាយាម​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ និង​ស្រប​ច្បាប់​ មុន​ពេល​ពួកគេ​ស្វែង​រក​ដំណោះ​ស្រាយ​ដោយ​ការ​ធ្វើ​កូដកម្ម។​

«យើង​មាន​ដំណើរការ​មួយ​ដោះស្រាយ​វិវាទ​ ​ដែល​មាន​លក្ខណៈ​តម្លាភាព​ ដោយហេតុ​ថា​ ភាគី​នានា​មាន​សិទ្ធិ​ជ្រើសរើស​ការ​យក​សេចក្តី​បង្គាប់​របស់​គាត់​ជាប់​កាតព្វកិច្ច​ ឬ​មិន​ជាប់​កាតព្វកិច្ច។​ ទាល់​តែ​ដំណោះ​ស្រាយ​វិវាទ​សន្តិវិធី​ត្រូវ​បាន​បញ្ចប់​ទាំង​អស់ ទើប​ភាគី​ទាំង​សងខាង​គាត់​មាន​សិទ្ធិ​ជ្រើស​រើស​ថា​ ខ្ញុំ​ធ្វើ​កូដកម្ម ​អីចឹង​មាន​ការ​ជូន​ដំណឹង​ត្រឹម​ត្រូវ​អី​ទៅ​ នោះ​កូដកម្ម​គាត់​នឹង​ស្រប​ច្បាប់»។​

អ្នកស្រី​ឈីវ ភិរម្យឲ្យ​ដឹង​ថា​ វិវាទ​ការងារ​ដែល​ក្រុម​ការងារ​អ្នក​ស្រី​ទទួល​បាន​មាន​ចំនួន​៣៦៥សំណុំ​រឿង​នៅឆ្នាំ​២០១៥​ ​ថយ​ចុះ​មកនៅ​ត្រឹម​៣៣០​សំណុំ​រឿង​នា​ឆ្នាំ​២១០៦។​ ទំនាស់​ផ្នែក​ច្បាប់​ និង​ផល​ប្រយោជន៍​រួមមាន​ប្រាក់​ឈ្នួល​ និង​ប្រាក់​បន្ថែម​ផ្សេងៗ​គឺ​ជា ​មូលហេតុ​២​សំខាន់​នៃ​ជម្លោះ​ទាំង​នោះ។​

ដោយ​ធ្វើការ​ប្រៀប​ធៀប​ពី​ការ​ស្វែងរកដំណោះ​ស្រាយ​វិវាទ​ការងារ​កាល​ពី​មុន និង​បច្ចុប្បន្ន​ ​អ្នកស្រី​ឈីវ ភិរម្យ​ថ្លែង​យ៉ាង​ដូច្នេះ៖​

«កន្លង​មក​ កាល​ពី​ជាង​១០​ឆ្នាំ​មុន​ អ្វី​ដែល​យើង​បាន​ឃើញ​គឺ​ថា​ មាន​ការ​ធ្វើ​កូដកម្ម​ដោយ​មិន​មាន​ការ​ជូន​ដំណឹង​មុន ​ឧទាហរណ៍។ ​អីចឹង ពេល​គាត់​មិន​ពេញ​ចិត្ត​អ្វីមួយ​ គាត់​នាំគ្នា​ដុត​កង់ឡាន។​ ប៉ុន្តែ​ក្រោយ​មក​ បរិបទ​បាន​ផ្លាស់ប្តូរ​ ហើយ​ពួកគាត់​មាន​សកម្មភាព​មួយ​ផ្សេង ​ដែល​ភាគ​ច្រើន​ជា​សកម្ម​ភាព​ស្របច្បាប់​ បាន​ន័យ​ថា​ មុន​នឹង​ធ្វើ​កូដកម្ម​គឺ​គាត់តែង​តែ​រក​ដំណោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​អស់​សិន»។​

អ្នកស្រី ​ឈីវ ភិរម្យ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ថ្លែង​មក​កាន់​ក្រុម​អ្នកសារព័ត៌មាន​ នៅឯ​សន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី ​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)
អ្នកស្រី ​ឈីវ ភិរម្យ​ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​មូលនិធិ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ថ្លែង​មក​កាន់​ក្រុម​អ្នកសារព័ត៌មាន​ នៅឯ​សន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី ​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)

ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាលរំពឹង​ថា​ ខ្លួន​នឹង​អាច​ធ្វើស្វ័យត​ភាព​ហិរញ្ញវត្ថុ​ និង​ពង្រីក​ក្រុម​ការងារ​របស់​ខ្លួន​ទៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យក្រុម​ប្រឹក្សា​នេះ​អាច​ដោះស្រាយ​វិវាទ​ការងារ​ជូន​និយោជក ​និង​កម្មករ​និយោជិត​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​បាន​ឆាប់​រហ័ស។​

ថ្លែង​មក​កាន់​ក្រុម​អ្នក​សារ​ព័ត៌មាន​ នា​ព្រឹក​ថ្ងៃ​ចន្ទ ​លោក​ម៉ម វណ្ណៈ​ រដ្ឋ​លេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​ថ្លែង​ថា ​ការ​ថយ​ចុះ​នៃ​វិវាទ​ការងារ​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង។​

«យើង​មាន​ស្ថាប័ន​មួយ​ដែល​ដោះស្រាយ​វិវាទ។ ​អីចឹង​ធ្វើ​ឲ្យ​ភាគរយ​នៃ​វិវាទ​រួម​តូច។ ​ហើយ​ការ​ដោះស្រាយ​ហ្នឹង​គឺ​ទទួល​បាន​នូវ​ភាព​សុក្រឹត្យ​ យុត្តិធម៌​មួយ​ ​មាន​ការ​ជឿជាក់​រវាង​ភាគី​ពាក់ព័ន្ធ ​បាន​ន័យ​ថា​ និយោជកនិង​សហ​ជីព​ទទួល​យក​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ ​ធ្វើឲ្យ​ដំណើរ​ការ​នៃ​វាយនភណ្ឌ​ទាំងអស់​មាន​ការ​កើន​ឡើង។ ​កាលណា​វិវាទ​ថយចុះ​ ផលិត​ភាព​កើនឡើង ធ្វើឲ្យ​សេដ្ឋកិច្ច​កើន​ឡើង»។​

លោក​ម៉ម វណ្ណៈបន្ថែម​ថា​ កង្វះ​ការ​យល់​ដឹង​របស់​ភាគី​និយោជក និង​កម្មករ​និយោជិត​អំពីច្បាប់​ការងារ ​និង​ច្បាប់​សហជីព​ នៅ​តែ​ជា​បញ្ហា​ប្រឈម​នៅ​ក្នុង​ការ​ដោះស្រាយវិវាទ​ការងារ។​

យ៉ាងណា​ក៏ដោយ ​លោក​ប៉ាវ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ អះអាង​ថា​ ការ​ថយចុះ​នៃ​ករណី​វិវាទ​ការងារ​ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ទទួល​បាននោះ​ មិនឆ្លុះ​បញ្ចាំង​ពីចំនួន​ពិត​នៃ​ជម្លោះ​ការងារ​រវាង​និយោជក​ និង​កម្មករ​និយោជិត​នោះ​ទេ។​

លោក​ថា​ នេះ​ក៏​ដោយសារ​ការ​បញ្ចូន​វិវាទ​ទៅ​កាន់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​ត្រូវ​បាន​រឹតត្បិត​ដោយ​ច្បាប់​សហជីព។​

«ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា​ កាត់​បន្ថយ​ហ្នឹង​ អត់​មាន​រឿង​ទេ​ គឺ​រឿង​កាន់​តែ​ច្រើន​ជាង​មុន។ ​តែ​ដោយសារ​តែ​ភាគី​សហជីព​ហាក់​បី​ដូចជា​ពិបាក​នៅ​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ ខណៈ​ដែល​យើង​មើល​ឃើញ​ថា​ ​ច្បាប់​ស្តីពី​សហជីពហាក់បី​ដូចជា​បិទ​សិទ្ធិ​ទាំង​សហជីព​ និង​កម្មករ​ក្នុង​ការ​ស្វែង​រក​តំណាង​របស់​ខ្លួន»។​

លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ ថ្លែង​មក​កាន់​ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)
លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ ថ្លែង​មក​កាន់​ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)

ច្បាប់​ស្តីពី​សហជីព​ ដែល​មាន​១៧​ជំពូក និង​១០០​មាត្រា​នេះត្រូវ​បាន​រដ្ឋ​សភា​ជាតិ​អនុម័ត​ ដោយ​គ្មាន​ការ​កែប្រែ​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៦​កន្លង​ទៅ​ បើ​ទោះ​ជា​មាន​ការ​តវ៉ា​ពី​សំណាក់​កម្មករ ​និង​សហជីព​ធំៗ​មួយ​ចំនួន​យ៉ាងណា​ក៏​ដោយ។​ ច្បាប់​សហជីព​នេះ​រង​ការ​រិះគន់​ពី​ក្រុម​សហជីព ​និង​មន្ត្រី​សង្គម​ស៊ីវិល​ថា​ មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​សហជីព​ និង​ភាគី​កម្មករ ​និយោជិត។​

ប្រជា​ពលរដ្ឋ​ជាង​៧០​ម៉ឺន​នាក់​ទទួល​បាន​ការងារ​ពីវិស័យ​វាយនភ​ណ្ឌ​នៅ​កម្ពុជា​ ហើយ​វិស័យ​នេះបាន​ផ្តល់​ថវិកា​ស្មើនឹង​៥%​នៃ​ផលិតផល​ជាតិ​សរុប៕

XS
SM
MD
LG