ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី Obama ផ្តល់​ក្តី​សង្ឃឹម​ដល់​ពលរដ្ឋ​អាមេរិកាំង​ចម្រុះ​ជាតិ​សាសន៍​នៅ​ក្នុង​សុន្ទរកថា​ចុង​ក្រោយ​


ស្ត្រី​ទីមួយ​អាមេរិក Michelle Obama ថ្លែង​សុន្ទរកថា​ជា​លើក​ចុង​ក្រោយ​ក្នុង​នាំ​ជា​ស្រ្តី​ទីមួយ​អាមេរិក នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី​៦ ខែមករា។

ស្ត្រី​ទី​មួយ​របស់​សហរដ្ឋ​អាមេរិក​លោក​ស្រី ​Michelle Obama​ បាន​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ជា​លើក​ចុង​ក្រោយ​ដោយ​លើក​ឡើង​ពី​ក្មេង​ជំនាន់​ក្រោយ ពិសេស​អ្នក​ដែល​កើត​នៅ​ក្នុង​គ្រួសារ​ដែល​ជា​ជន​អន្តោប្រវេសន៍ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ថា ពួក​គេ​គឺ​ជា​អ្នក​ដែល​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ ហើយ​ថា​ពួក​គេ​នឹង​ជា​អ្នក​ដែល​ដឹកនាំ​ប្រទេស​នេះ​នា​ពេល​អនាគត។

លោកស្រី​បាន​ថ្លែង​ថា៖ «អ្នក​ត្រូវ​ដឹង​ថា ប្រទេស​នេះ​គឺ​ប្រទេស​របស់​អ្នក​ទាំង​អស់​គ្នា មិន​ថា​អ្នក​មាន​ប្រវត្តិ​យ៉ាង​ដូច​ម្តេច​នោះ​ទេ។ ប្រសិន​បើ​ឪពុក​ម្តាយ​របស់​អ្នក​គឺ​ជា​ជន​អន្តោប្រវេសន៍​ អ្នក​ត្រូវ​ដឹង​ថា អ្នក​គឺ​ជា​ផ្នែក​មួយ​នៃ​ប្រពៃណី​ វប្បធម៌ ទេពកោសល្យ និង​គំនិត​ដ៏​គួរ​ឲ្យ​មាន​មោទនភាព​របស់​អាមេរិក​ ហើយ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ វា​បាន​ធ្វើ​ឲ្យ​អាមេរិក​ក្លាយ​ជា​ប្រទេស​ដ៏​អស្ចារ្យ​បំផុត​នៅ​លើ​ពិភពលោក»។

លោកស្រី ​Michelle Obama ​បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​រៀបចំ​ឡើង​ដោយ​សេតវិមាន​ដើម្បី​ផ្តល់​កិត្តិយស​ដល់​អ្នក​ពិគ្រោះ​យោបល់​ប្រចាំ​ឆ្នាំ ដែល​លោកស្រី​តែង​ធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ​មក។ នៅ​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ​លោកស្រី ​Terri Tchorzynski គឺ​ជា​អ្នក​ពិគ្រោះ​យោបល់​នៅ​ឯ​មជ្ឈមណ្ឌល​ស្វែង​រក​ការងារ​ធ្វើ ​Calhoun ​នៅ​ក្នុង​ទីក្រុង Battle Creek ​រដ្ឋ Michigan។

លោកស្រី​បាន​ថ្លែង​យ៉ាង​ក្តុកក្តួល​ អំពី​បទពិសោធន៍​នៅ​ពេល​ដែល​លោកស្រី​ធំដឹង​ក្តី ហើយ​ក្តី​សង្ឃឹម​របស់​ឪពុក​លោកស្រី​គឺ​ចង់​ឲ្យ​កូនៗ​របស់​លោក​អាច​រៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ ហើយ​លោក​ស្រី​ចង់​ឲ្យ​គ្រប់​គ្នា​ដឹង​ថា គ្រប់​គ្នា​គឺ​មាន​សារៈ​សំខាន់​ ហើយ​អាមេរិក​គឺ​ជា​ប្រទេស​របស់​ពួក​គេ​ទាំង​អស់​គ្នា។

លោក​ស្រី​បាន​ថ្លែង​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា៖ «នេះ​គឺ​ក្តី​សង្ឃឹម​របស់​អ្នក​នយោបាយ​និង​ឪពុក​ម្តាយ​គ្រប់​រូប ដែល​ចង់​ផ្តល់​ឲ្យ​ដល់​យុវជន​ក្មេងៗ ពីព្រោះ​ថា​នេះ​គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​រីក​ចម្រើន​ទៅ​មុខ​ជា​រៀង​រាល់​ថ្ងៃ។ នេះ​ជា​ក្តី​សង្ឃឹម​របស់​យើង​សម្រាប់​ពេល​អនាគត»៕

XS
SM
MD
LG