ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​អភិរក្ស​និយម​របស់​លោក​ស្រី ​Merkel ​ឈ្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​រដ្ឋ​នៅ​អាល្លឺម៉ង់


រូបឯកសារ៖ អធិការបតី​អាល្លឺម៉ង់ Angela Merkel និង​ក្រុម​អ្នក​អភិរក្ស​និយម​ក្នុង​គណបក្ស​ CDU ច្រៀង​ចម្រៀង​គោរពទង់ជាតិ។

ពួក​អ្នក​អភិរក្ស​និយម​របស់​លោកស្រី​អធិការបតី ​Angela Merkel ​បាន​យក​ឈ្នះ​លើ​គូ​ប្រជែង​ឆ្វេង​កណ្តាល​និយម​របស់​ខ្លួន ​នៅ​ក្នុង​រដ្ឋ​ដ៏​សំខាន់​មួយ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ​នៅ​តំបន់​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​នេះ។

លទ្ធផល​នៃ​ការ​ស្ទង់មតិ​ក្រោយ​ការ​បោះឆ្នោត​បង្ហាញ​ថា គណបក្ស​សហភាព​ប្រជាធិបតេយ្យ​អ្នក​កាន់​សាសនា​គ្រិស្ត​របស់​លោកស្រី Merkel ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រដ្ឋ North Rhine-Westphalia ដែល​ជា​រដ្ឋ​កំណើត​និង​ជា​កន្លែង​ទទួល​បាន​ជ័យជម្នះ​កាល​ពី​លើក​មុនៗ​របស់​មេដឹកនាំ​គូប្រជែង​របស់​លោកស្រី គឺ​លោក​ Martin Schulz ​ខាង​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​សង្គម ដែល​ជា​គូ​ប្រជែង​នឹង​មេដឹកនាំ​អាល្លឺម៉ង់​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ចុង​ខែ​កញ្ញា​ខាង​មុខ​នេះ។ ​

លោក ​Schulz ​បាន​ទទួល​ស្គាល់​ថា​លោក​ចាញ់​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​និយាយ​ថា «នេះ​គឺ​ជា​ថ្ងៃ​ដ៏​លំបាក​មួយ​សម្រាប់​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​សង្គម ហើយ​ក៏​ជា​ថ្ងៃ​លំបាក​មួយ​សម្រាប់​រូប​ខ្ញុំ​ផ្ទាល់​ផង​ដែរ។ ខ្ញុំ​មក​ពី​រដ្ឋ​មួយ​ដែល​យើង​បាន​បរាជ័យ​យ៉ាង​ខ្លាំង​នៅ​ថ្ងៃ​នេះ‍»។

លោក​បាន​ជំរុញ​ឲ្យ​គណបក្ស​របស់​លោក​ផ្តោត​ទៅ​លើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ដោយ​ថ្លែង​ថា៖ «យើង​នឹង​ពង្រឹង​ប្រវត្តិ​គណបក្ស​របស់​យើង​បន្ថែម​ទៀត។ យើង​ត្រូវ​តែ​ធ្វើ​វា‍»។

លទ្ធផល​នៃ​ការ​ស្ទង់មតិ​ក្រោយ​ការ​បោះឆ្នោត​នេះ​បាន​បង្ហាញ​ថា គណបក្ស​អ្នក​ប្រជាធិបតេយ្យ​កាន់​សាសនា​គ្រិស្ត​បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ ​៣៤,៥ ​ភាគរយ នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​រដ្ឋ ​North Rhine-Westphalia​ ដែល​មាន​ប្រជាជន​រស់នៅ​១៧​លាន​៩​សែន​នាក់ ស្មើ​នឹង​ជិត​១/៤​នៃ​ប្រជាជន​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​សង្គម​ទទួល​បាន​សម្លេង​ឆ្នោត​៣០,៥​ភាគរយ។ គណបក្ស​ដទៃទៀត​ទទួល​បាន​លទ្ធផល​តិច​ជាង​មេដឹកនាំ​គណបក្ស​ទាំង​២​យ៉ាង​ខ្លាំង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG